រាជធានីភ្នំពេញ-ដោយ: សុភ័ក្ត្រ
នេះជាមោទនភាពជាតិថ្មីមួយទៀតរបស់ព្រះរាជាណាចក្រកម្ពុជា ដែល “តំបន់ប្រាសាទសំបូរព្រៃគុក” ស្ថិតក្នុងខេត្តកំពង់ធំ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ នៅវេលាម៉ោង ០៩:៤០នាទីយប់ (ម៉ោងនៅកម្ពុជា) ក្នុងកិច្ចប្រជុំលើកទី៤១ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ គណៈកម្មការបេតិកភណ្ឌពិភពលោក បានពិនិត្យ ពិភាក្សា និងវាយតម្លៃថា “តំបន់ប្រាសាទសំបូរព្រៃគុក” មានគុណតម្លៃ លេចធ្លោជាសកល ហើយតាមរយៈ DECISION 41 COM 8B. 15 បានសម្រេចចុះ “តំបន់ប្រាសាទសំបូរព្រៃគុក” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
សេចក្តីសម្រេចដាក់បញ្ចូល “តំបន់ប្រាសាទសំបូរព្រៃគុក” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មការបេតិកភណ្ឌពិភពលោក ប្រារព្ធឡើងចាប់ពីថ្ងៃទី០២ ដល់ទី១២ ខែកក្កដា ឆ្នាំ២០១៧ មានប្រទេសចំនួន១៩៣ ជាសមាជិក និងប្រទេសចំនួន២១ ជាគណៈកម្មការអចិន្ត្រៃយ៍។
គួរកត់សម្គាល់ថា “តំបន់ប្រាសាទសំបូរព្រៃគុក” ត្រូវបានចុះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្រោយមួយថ្ងៃបន្ទាប់ពីខួប ៩ឆ្នាំ នៃ តំបន់ប្រាសាទព្រះវិហារដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (០៧-កក្តដា-២០០៨ ដល់ ០៧-កក្តដា-២០១៧)។
សូមបញ្ជាក់ថា សម្បត្តិវប្បធ៌មខ្មែរជាបន្តបន្ទាប់ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ រួមមាន៖
១-តំបន់អង្គរ (ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២)
២-របាំព្រះរាជទ្រព្យ (ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៣)
៣-ល្ខោនស្រមោលស្បែកធំ (ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥)
៤-តំបន់ប្រាសាទព្រះវិហារ (ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨)
៥-បណ្ណាសារឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩)
៦-ល្បែងទាញព្រ័ត្រ (ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥)
៧-ចាប៉ីដងវែង (ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦)
៨-តំបន់ប្រាសាទសំបូរព្រៃគុក (ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧) ៕