លទ្ធផល​ជា​វិជ្ជមាន ៤​ចំណុច​នៃ​ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​ការងារ​កម្ពុជា​-​ថៃ ចំពោះ​ការស្វែងរក​ដំណោះស្រាយ​ក្នុង​ការផ្តល់​ភាពស្របច្បាប់​ជូន​ពលករ​កម្ពុជា​ដែល​កំពុង​ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​

រាជធានី​ភ្នំពេញ​-​ដោយ​: សុភ័ក្ត្រ​

​លទ្ធផល​ជា​វិជ្ជមាន ៤​ចំណុច​នៃ​ជំនួប​រវាង ឯកឧត្តម អិុត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​ផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា​ដែល​កំពុង​ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ និង ឯកឧត្តម ស៊ី​រី​ឆៃ ឌី​ស្តា​គុល (Sirichai Distakul) រដ្ឋមន្ត្រីក្រសួង​ការងារ​នៃ​ព្រះរាជាណាចក្រ​ថៃ នៅ​ទីស្ដីការក្រសួង​ការងារ​ថៃ នា​រសៀល​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០១៧​។​

​រដ្ឋមន្ត្រីក្រសួង​ការងារ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​ក្នុង​ការគ្រប់គ្រង​កម្លាំង​ពលកម្ម ជាពិសេស ការស្វែងរក​ដំណោះស្រាយ​ក្នុង​ការផ្តល់​ភាពស្របច្បាប់​ជូន ពលករ​កម្ពុជា​ដែល​កំពុង​ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មកា​រ​ផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា​ដែល​កំពុង​ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា ចុះ​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០១៧ បានឱ្យដឹងថា ជំនួប​ក្នុង​កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​បរិយាកាស​យោគយល់ ស្និទ្ធស្នាល និង​ទទួលបាន​លទ្ឋផល​ជា​វិជ្ជមាន ដូចខាងក្រោម​៖

១-​រាជរដ្ឋាភិបាល​ថៃ​មិន​អនុវត្ត​ទោសពិន័យ​ចំពោះ​និយោជក​ថៃ ដែល​កំពុង​ប្រើប្រាស់​កម្លាំង​ពលករ​កម្ពុជា​ដែល​គ្មាន​ឯកសារ​នោះទេ ហើយ​រាជរដ្ឋាភិបាល​ថៃ​ក៏​មិន​បណ្តេញ​ពលករ​កម្ពុជា ដែល​បាន​ចូល​ដល់​ក្នុង​ទឹកដី​ថៃ ហើយ​កំពុង​ធ្វើការ​ជាមួយ​ក្រុមហ៊ុន ឬ​រោងចក្រ​ណាមួយ​នៅក្នុង​ប្រទេស​ថៃ​នោះ​ដែរ​។ ក្រសួង​ការងារ​ថៃ​នឹង​ផ្តល់ឱកាស​ចំនួន ១៥​ថ្ងៃ (​ចាប់ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៧ ដល់​ថ្ងៃ​ទី​០៧ ខែ​សីហា ឆ្នាំ​២០១៧) ដល់​ពលករ​កម្ពុជា និង​និយោជក​ថៃ​ដែល​មិនទាន់​មាន​ឯកសារ​អ្វី​ទាំងអស់​ឱ្យ​ចុះ​ឈ្មោះ​ទៅ​តាម​ការិយាល័យ​ចុះបញ្ជី​ពលករ​បរទេស​។ ក្រសួង​ការងារ​ថៃ​នឹង​បើក​ការិយាល័យ​ចុះឈ្មោះ​ពលករ​បរទេស​ចំនួន ១០​កន្លែង នៅក្នុង​ទីក្រុង​បាងកក និង​ចំនួន ១​កន្លែង​នៅក្នុង​ខេត្ត​នីមួយៗ​នៅក្នុង​ប្រទេស​ថៃ​។​

២-​ក្រសួង​ការងារ​ថៃ​បាន​ឯកភាព​តាម​ការស្នើសុំ​របស់​ភាគី​កម្ពុជា ដោយ​អនុញ្ញាត​ដល់​ពលក​រ​កម្ពុជា​ដែលមាន លិខិតឆ្លងដែន​/​លិខិត​ធ្វើដំណើរ ឬ​ប័ណ្ណ​ពណ៌​ស៊ី​ជម្ពូ​ស្របច្បាប់​ពេល​ដំបូង ប៉ុន្តែ​ក្រោយមក​បាន​ផ្លាស់ប្តូរ​និយោជក​ដោយ​ខុស​នីតិវិធី ហើយ​ក្លាយទៅជា​ពលករ​ខុសច្បាប់ អាច​មក​ចុះបញ្ជី​ជាមួយ​មន្ទីរ​ការងារ​ថៃ ដើម្បី​បំពេញ​ឯកសារ​ដើម្បី​ក្លាយ​ជា​ពលករ​ស្របច្បាប់​វិញ​។

៣-​ភាគី​ថៃ​បាន​ឯកភាព​តាម​សំណើ​របស់​កម្ពុជា​ក្នុង​ការរៀបចំ​យុទ្ធនាការ ១០០​ថ្ងៃ បើក​ផ្តល់​លិខិតឆ្លងដែន​/​លិខិត​ធ្វើដំណើរ និង​ប័ណ្ណ​OCWC ដល់​ពលករ​កម្ពុជា​ឱ្យ​បាន​ចំនួន ១៦​ម៉ឺន​នាក់ ដែល​បាន​ធ្វើ​ការបញ្ជាក់​អត្តសញ្ញាណ​ជាមួយ​គណៈកម្មការ​ផ្តល់​ភាពស្របច្បាប់​រួចហើយ​នា​ពេលកន្លងមក ទោះបីជា​ពលករ​បាន​ធ្វើ​ការផ្លាស់ប្តូរ​និយោជក ឬ​ក្រុមហ៊ុន​ខុស​ពី​ឯកសារ​ដើម​ក៏​ដោយ​។ យុទ្ធនាការ​នេះ​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០១ ខែ​សីហា ឆ្នាំ​២០១៧​នេះ ដោយ​គណៈកម្មការ​នឹង​បញ្ជូន​ក្រុម​ចល័ត​ចំនួន ៤​ក្រុម បន្ថែមទៀត ដើម្បី​ចុះ​បើក​ផ្តល់​តាម​រោងចក្រ​ធំៗ​ទាំង ២០០​រោងចក្រ ដែល​មាន​ប្រើប្រាស់​ពលក​រ​កម្ពុជា លើសពី ៧០​នាក់​។ កម្រៃ​សេវា​ផ្លូវការ​ក្នុង​ការបើក​ផ្តល់​សំណុំ​ឯកសារ​ដែល​ភាគី​ថៃ និង​កម្ពុជា​បាន​ឯកភាព​គ្នា​គឺ ៩៥០​បាត​។​

៤-​ភាគី​ថៃ​បាន​ឯកភាព​តាម​សំណើ​របស់​កម្ពុជា​ក្នុង​ការរៀបចំ យុទ្ធនាការ​មួយទៀត គឺ​យុទ្ធនាការ​បញ្ជាក់​អត្តសញ្ញាណ​ពលករ​កម្ពុជា ដែល​មិន​ទាន់​មាន​លិខិត​ធ្វើដំណើរ និង​ប័ណ្ណ OCWC ដើម្បី​យក​ទៅ​សុំ​ភាពស្របច្បាប់​ពី​អាជ្ញាធរ​ថៃ ដោយ​កំណត់​យន្តការ​បញ្ជាក់​អត្តសញ្ញាណ​ពលករ និង​បើក​ផ្តល់​ឯកសារ​ជូន​ពលករ​នៅ​ក្នុង​ថ្ងៃ​តែ​មួយ ហើយ​ពលករ​អាច​ទៅ​សុំ​ទិដ្ឋាការ​ស្នាក់នៅ (Stay Permit)  និង​ទិដ្ឋាការ​ការងារ (Work Permit) ពី​ភាគី​ថៃ​នៅ​កន្លែង​តែ​មួយ​តែម្តង​។ យុទ្ធនាការ​នេះ​នឹង​ចាប់ផ្តើម​ក្នុង​សប្តាហ៍​ទី​១ នៃ​ខែ​សីហា ឆ្នាំ​២០១៧ ដោយ​មាន​ក្រុមការងារ​ចំនួន ២០​ក្រុម​បន្ថែមទៀត ហើយ​ផ្តើមចេញពី​ពលករ​ផ្នែក​នេសាទ​ក្នុង​ខេត្ត​រ៉ាក់យ៉ង និង​ផ្នែក ឬ​ខេត្ត​ផ្សេង​ទៀត​ជា​បន្តបន្ទាប់​។ កម្រៃ​សេវា​ផ្លូវការ​ក្នុង​ការធ្វើ និង​បើក​ផ្តល់​សំណុំ​ឯកសារ​ក្នុង​ថ្ងៃ​តែ​មួយ​ដែល​ភាគី​ថៃ និង​កម្ពុជា​បាន​ឯកភាព​គ្នា​គឺ ២៣៥០​បាត​។​
​    ​
​សេចក្តីប្រកាស​ព័ត៌មាន​ក៏​បាន​អំពាវនាវ​ឱ្យ​សាធារណជន ជាពិសេស​ពលករ​កម្ពុ​ជា ដែល​កំពុង​ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ ជ្រាប​ជា​ព័ត៌មាន និង​រក្សា​ភាព​ហ្នឹង​ហ្នរ​ក្នុងការ បំពេញ​ការងា​ជា​ប្រក្រតី​ជាមួយនឹង​និយោជក​របស់​ខ្លួន​។ គណៈកម្មការ​ផ្តល់​ភាពស្របច្បាប់​នឹង​ចុះ​ទៅ​ផ្តល់​សំណុំ​ឯកសារ​ផ្តល់​ភាពស្របច្បាប់​ជូន​បងប្អូន​ពលករ​ទៅក្នុង​ទឹកដី​ថៃ​តែម្តង​។ ដោយឡែក ប្រជាពលរដ្ឋ​ដែល​កំពុង​ស្នាក់នៅ​ប្រទេស​កម្ពុជា​ហើយ​មានបំណង​ចេញ​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ សូម​ជ្រើសរើស​ការចេញ​ទៅ​ដោយ​ស្រប​ច្បាប់​ជា​ពលករ (MOU) តាមរយៈ​ភ្នាក់ងារ​ជ្រើសរើស​ឯកជន​ស្រប​ច្បាប់​ទាំង​៧៧ ដែល​មាន​ការទទួលស្គាល់​ដោយ​អាជ្ញាធរ​កម្ពុជា និង​ថៃ​។​

 

img20170707pu3-(2) img20170707pu3-(13) img20170707pu3-(4) img20170707pu3-(14) img20170707pu3-(18) img20170707pu3-(10) img20170707pu3-(12) img20170707pu3-(15) img20170707pu3-(17) img20170707pu3-(16) img20170707pu3-(20) img20170707pu3-(1) img20170707pu3-(19)