ខេត្តព្រះសីហនុ-ដោយ: ខៀវ ប៉ូឡូ
រដ្ឋបាលខេត្តព្រះសីហនុសហការជាមួយមន្ទីរកសិកម្មខេត្ត និងខណ្ឌរដ្ឋបាលព្រៃឈើខេត្តបានរៀបចំពិធីបុណ្យរុក្ខទិវា ៩កក្កដា ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ជាម ហុីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្ត។
ក្នុងពិធីដ៏មានអត្ថន័យ និងសារៈសំខាន់បំផុតនេះមានវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សិស្ស និស្សិត យុវជនកាកបាទក្រហម និងកាយរិទ្ធិ ក្រុមយុវជនយុវនារី និងបងប្អូនប្រជាពលរដ្ឋបានចូលរួមយ៉ាងច្រើនកុះករ។
ពិធីបុណ្យរុក្ខទិវានេះបានធ្វើឡើងនាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ នៅតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ លើផ្ទៃដីដែលត្រូវដាំចំនួន ៥៥ហិចតា ក្នុងនោះមានផ្ទៃដីចំនួន ១៥ហិចតា បម្រុងទុកធ្វើជាសួនអាពាហ៍ពិពាហ៍។ សម្រាប់ការរៀបចំពិធីនេះឡើងគឺផ្អែកតាមច្បាប់ស្តីពីព្រៃឈើដែលកំណត់យកថ្ងៃទី០៩ ខែកក្កដា ជារៀងរាល់ឆ្នាំដើម្បីប្រារព្ធពិធីបុណ្យរុក្ខទិវា នេះឡើង។
ថ្លែងក្នុងពិធីដ៏មានអត្ថន័យនេះ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា សង្គ្រាម និងអស្ថេរភាពសង្គមបានអូសបន្លាយជាច្រើនទស្សវត្សកន្លងមកនេះ បានបំផ្លិចបំផ្លាញ និងបន្សល់ទុកឱ្យយើងនូវផលវិបាកយ៉ាងធ្ងន់ធ្ងរច្រើនរាប់មិនអស់ ពិសេសផ្តោតទៅលើភាពក្រីក្រ ហើយសង្គ្រាម និងភាពក្រីក្រនេះបានដាក់សម្ពាធយ៉ាងធ្ងន់ថែមទៀតទៅលើធនធានធម្មជាតិក្នុងនោះមានព្រៃឈើ ដីព្រៃឈើ និងសត្វព្រៃដ៏មានតម្លៃរបស់កម្ពុជាយើងផងដែរ។
ឯកឧត្តមអភិបាល បានបន្តថា តមកសម័យការអភិវឌ្ឍ រីកចម្រើននេះផ្ទៃដីព្រៃឈើនៅតែរងការខូចខាត និងទន្ទ្រានឥតឈប់ឈរតាមរយៈតម្រូវការនៃការអភិវឌ្ឍកសិកម្ម ការរីកដុះដាលលំនៅដ្ឋានប្រជាពលរដ្ឋ និងការរីកលូតលាស់នៃវិស័យឧស្សាហ៍កម្មជាដើម។ ដោយផ្តើមចេញពីហេតុផល នេះយើងទាំងអស់គ្នាចាំបាច់ត្រូវថែរក្សា ការពារព្រៃឈើ ធនធានធម្មជាតិ សត្វព្រៃ និងដាំដើមឈើឡើងវិញ ដើម្បីធានានិរន្តរភាពនៃធនធានធម្មជាតិ បរិស្ថាន បរិយាកាសលើផែនដី និងអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចជាតិយើង។
ឯកឧត្តមអភិបាល បានបញ្ជាក់បន្ថែមថា ពិធីបុណ្យរុក្ខទិវាប្រារព្ធឡើងក្នុងពេលនេះ មានអត្ថន័យ និងសារៈសំខាន់យ៉ាងជ្រាលជ្រៅបំផុតក្នុងការបំផុសស្មារតី ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ឱ្យចូលរួមយ៉ាងសកម្មក្នុងការដាំដុះ ថែរក្សា ការពារព្រៃឈើសំដៅប្រែក្លាយតំបន់នេះឱ្យមានភាពស្រស់បំព្រង និងអភិវឌ្ឍន៍ធនធានព្រៃឈើឱ្យកាន់តែសម្បូរឡើងថែមទៀត សម្រាប់ធ្វើជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ រួមចំណែកលើកកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងក្នុងកិច្ចការពារបរិស្ថានសំដៅទប់ស្កាត់ការឡើងកំដៅនៃភពផែនដី និងភាពរាំងស្ងួត។
ឯកឧត្តមអភិបាល ថ្លែងឱ្យដឹងទៀតថា ការចូលរួមដ៏ច្រើនកុះកររបស់បងប្អូនប្រជាពលរដ្ឋនៅពេលនេះគឺជានិមិត្តរូបនៃការបន្តវប្បធម៌ប្រពៃណីឧស្សាហ៍ព្យាយាមច្នៃប្រឌិតរបស់ជាតិខ្មែរ ដែលមានតាំងពីបុរាណកាលមក ហើយទុកជាមរតកឱ្យមនុស្សជំនាន់ក្រោយ ដើម្បីថែរក្សាការពារ និងចាត់ទុកថាជាកាតព្វកិច្ចដ៏សំខាន់របស់បុគ្គលរៀងៗខ្លួនក្នុងការរួមចំណែកការពារផែនដីនេះ។ យើងដឹងទាំងអស់គ្នាហើយថា ព្រៃឈើជាសម្បត្តិធម្មជាតិដ៏មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សជាតិ និងសត្វលោកនៅលើផែនដី។ ដោយមើលឃើញនូវសារៈសំខាន់របស់ព្រៃឈើ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ជាពិសេសនៅលើការអភិរក្ស និងគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាពសំដៅបម្រើឱ្យមានផលប្រយោជន៍សង្គម សេដ្ឋកិច្ច និងបរិស្ថានរបស់មនុស្សក្នុងពេលបច្ចុប្បន្នក៏ដូចជាអនាគតផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម យន្ត មីន បានអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់សូមយកចិត្តទុកដាក់អនុវត្តឱ្យបានម៉ត់ចត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាលដោយបញ្ឈប់នូវសកម្មភាពទាំងឡាយណាដែលនាំទៅដល់ការបំផ្លាញធនធានព្រៃឈើ ដីព្រៃឈើ និងសត្វព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិជាដើម។ ហើយយើងទាំងអស់គ្នាត្រូវចូលរួមប្រែក្លាយជាចលនាមួយចូលរួមដាំដើមឈើតាមគ្រប់រូបភាពឱ្យបានច្រើនជាអតិបរមា និងត្រូវបណ្តុះគំនិតស្រលាញ់ព្រៃឈើ ថែរក្សាការពារព្រៃឈើដើម្បីជាឧត្តមប្រយោជន៍របស់ជាតិ។
សូមបញ្ជាក់ថា សម្រាប់ឆ្នាំនេះដែរ រុក្ខទិវាថ្នាក់ជាតិ បានប្រារព្ធធ្វើនៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើទួលព្រេច ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល។