ខេត្តព្រះសីហនុ-ដោយ: ខៀវ ប៉ូឡូ
ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានម្រុញឱ្យមន្ត្រីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបំពេញតួនាទីក្នុងការអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន និងចៀសឱ្យផុតអគតិ (ភាពលម្អៀង) ទាំងបួនយ៉ាង៖១- ឆន្ទាគតិ (សេចក្ដីលម្អៀងព្រោះស្រលាញ់) ២-ទោសាគតិ (សេចក្ដីលម្អៀងព្រោះស្អប់) ៣-មោហាគតិ (សេចក្ដីលម្អៀងព្រោះល្ងង់) ៤-ភយាគតិ (សេចក្ដីលម្អៀងព្រោះខ្លាច)។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា រឿងក្តីនីមួយៗប្រសិនបើការកាត់សេចក្តីត្រឹមត្រូវតាមទម្រង់នៃច្បាប់ហើយនោះគឺជាការផ្តល់ភាពយុត្តិធម៌ពិតប្រាកដជូនដល់គូភាគីមិនថាអ្នកមាន ឬអ្នកក្រីក្រយើងត្រូវផ្តល់ភាពយុត្តិធម៌ពិតប្រាកដជូនគាត់ដូចគ្នា។ រួមទាំងបានផ្តល់នូវបទពិសោធន៍ជាច្រើនដើម្បីឱ្យចៅក្រម និងព្រះរាជអាជ្ញាមានភាពក្លាហានក្នុងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវដើម្បីបម្រើជូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុឱ្យមានទំនុកចិត្តមកលើស្ថាប័នតុលាការ។
ការថ្លែងដូច្នេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមអភិបាលខេត្ត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃការងារប្រចាំឆមាសទី១ ឆ្នាំ២០១៧ របស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧។