រាជធានីភ្នំពេញ-ដោយ:សុភ័ក្ត្រ
ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ ម្ចាស់ហាងលក់យានយន្តទាំងអស់ត្រូវផ្ដល់បណ្ណសម្គាល់យានយន្ត ផ្លាកលេខជូនអតិថិជនរបស់ខ្លួននៅហាងតែម្តង។
ក្នុងគោលបំណងបង្ខិតសេវាសាធារណៈជិតប្រជាពលរដ្ឋ និងជំរុញនូវការផ្តល់សេវាឱ្យបានរហ័សទាន់ចិត្ត និងមានប្រសិទ្ធភាពខ្ពស់នៅគ្រប់ហាងលក់យានយន្តទាំងអស់នឹងចាប់ផ្ដើមអនុវត្តជាផ្លូវការនូវប្រព័ន្ធស្វ័យប្រវត្តិកម្មដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុម័តតាំងពីខែមករា ឆ្នាំ២០១៧មក។
គោលដៅសំខាន់បំផុតនៃប្រព័ន្ធស្វ័យប្រវត្តិកម្មនេះ គឺធ្វើយ៉ាងណាឱ្យសេវាសាធារណៈកាន់ខិតជិតនឹងប្រជាពលរដ្ឋ មិនឱ្យបងប្អូនជួបផលលំបាកពេលទិញយានយន្តថ្មីទៀតនោះទេ។
យោងតាមការឱ្យដឹងពី ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនធ្លាប់បានបញ្ជាក់ហើយថា នៅពេលប្រជាពលរដ្ឋទិញឡាន ម៉ូតូលុះត្រាតែមានសព្វគ្រប់ដូចជាផ្លាកលេខ បណ្ណសម្គាល់យានយន្តជាដើម ទើបអាចអូសម៉ូតូចេញពីហាង និងអាចប្រើប្រាស់បានតែម្ដង។
ដូច្នេះចាប់ពីថ្ងៃនេះតទៅនៅពេលទិញឡានម៉ូតូថ្មីប្រជាពលរដ្ឋ លែងពិបាក លែងព្រួយ ចំពោះការចំណាយក្រៅផ្លូវការផ្សេងៗទៀតនោះទេ។