រាជធានីភ្នំពេញ-ដោយ:សុភ័ក្ត្រ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់សារជាថ្មីថា រយៈពេល ១៤ថ្ងៃ ក្រោយពីការប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នឹងប្រកាសសុពលភាពរបស់មេឃុំ ចៅសង្កាត់ អាណត្តិថ្មីនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧។ ជាលទ្ធផល មានតែគណបក្សនយោបាយចំនួន ៦ដែលបានឈ្នះអាសនៈក្នុងចំណោមគណបក្សនយោបាយចំនួន ១២ដែលបានដាក់ពាក្យប្រកួតប្រជែងនៅ គ.ជ.ប។
ជាមួយគ្នានេះ មានតែគណបក្សនយោបាយ ៣ប៉ុណ្ណោះ ដែលទទួលបានតំណែងជាប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ ឬ មេឃុំ ចៅសង្កាត់ រួមមាន៖
១-គណបក្សប្រជាជនកម្ពុជា ទទួលបានមេឃុំ ចៅសង្កាត់ ចំនួន ១.១៥៦
២-គណបក្សសង្គ្រោះជាតិ ទទួលបានមេឃុំ ចៅសង្កាត់ ចំនួន ៤៨៩
៣-គណបក្សខ្មែររួបរួមជាតិ ទទួលបានមេឃុំ ចំនួន ១។