​សេចក្តីថ្លែងការណ៍ ក្នុងឱកាស “​ទិវា​សេរីភាព​សារព័ត៌មាន​សកលលោក​” លើក​ទី​១៦ នា​ថ្ងៃ​ទី​០៣ ខែ​ឧសភា ឆ្នាំ​២០១៧

ក្លឹប​អ្នកកាសែត​ឯករាជ្យ (​ក​.​អ​.​ឯ​) សូម​ចូលរួម​អបអរសាទរ “​ទិវា​សេរីភាព​សារព័ត៌មាន​សកលលោក​” លើក​ទី​១៦​នា​ថ្ងៃ​ទី​០៣ ខែ​ឧសភា ឆ្នាំ​២០១៧ ជាមួយ​សហ​ភាតរ​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ក្នុង​បុព្វហេតុ​រំលឹក​ដល់​តួនាទី​ដ៏​វិសេសវិសាល របស់​អ្នកសារព័ត៌មាន​នៅក្នុង​បេសកកម្ម​គ្រប់​ទិដ្ឋភាព​ក្នុងសង្គម និង​ពលី​កម្ម​សម្រាប់​មនុស្សជាតិ​គ្រប់បែប​យ៉ាង​នា​ពេល​កន្ល​ង​ទៅ​។​

​ក្លឹប​អ្នកកាសែត​ឯករាជ្យ (​ក​.​អ​.​ឯ​) សូម​សម្តែង​កតញ្ញុតា​ចំពោះ​វិញ្ញាណក្ខន្ធ​អ្នកសារព័ត៌មាន​ដែល​បាន​ពលី​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ និង​គារវកិច្ច​ចំពោះ​ព្រឹទ្ធាចារ្យ រៀមច្បង បងប្អូន​ជា​អ្នកសារព័ត៌មាន​ទាំងអស់​ដែល​បាន​កំពុង​បំពេញ​ភារកិច្ច​តាម​វិជ្ជាជីវៈ និង​ប្រកបដោយ​ក្រមសីលធម៌​ខ្ពស់​ទាំង​ក្នុង និង​ក្រៅប្រទេស​ជាទីគោរព និង​រាប់អាន​ដ៏​ជ្រាលជ្រៅ​។​

​ក្លឹប​អ្នកកាសែត​ឯករាជ្យ (​ក​.​អ​.​ឯ​) យល់ឃើញថា អ្នកសារព័ត៌មាន​គឺ​បាន​ដើរតួនាទី​សំខាន់​ណាស់​ក្នុង​ការរួមចំណែក​ជាមួយ​ប្រជាពលរដ្ឋ​ឱ្យបាន​យល់ដឹង​អំពី ច្បាប់ វប្បធម៌ ទំ​លៀម​ទំលាប់ ប្រពៃណី សេដ្ឋកិច្ច បរិស្ថាន សុខុមាលភាព អំពើហិង្សា បញ្ហា​គ្រឿងញៀន​និង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​។​ល​។ ពិសេស​ដើរតួនាទី​ជា “​អ្នកផ្តល់​សំឡេង​ទៅកាន់​អ្នក​គ្មាន​សំឡេង​!”​។

​ក្លឹប​អ្នកកាសែត​ឯករាជ្យ (​ក​.​អ​.​ឯ​)  សូម​សំណូមពរ​ដល់​ក្រសួង​ព័ត៌មាន និង​ស្ថាប័ន​ពាក់ព័ន្ធ​រៀបចំ​កម្មវិធី​បំប៉ន​សមត្ថភាព​បន្ថែម​រួម​នឹង​វគ្គ​បណ្តុះបណ្តាល​រយៈពេល​ខ្លី​ឱ្យបាន​ច្រើន​ដង​ក្នុង​មួយ​ឆ្នាំ​ចំពោះ​អ្នកសារព័ត៌មាន​ក្នុង​យន្តការ​ពង្រឹង បង្កើន នឹង​លើកកម្ពស់​សមត្ថភាព បទពិសោធន៍ និង​ជំនាញ​របស់​អ្នកសារព័ត៌មាន​ឱ្យ​កាន់តែ​មាន​ភាពល្អប្រសើរ​ឡើង​។​
​ក្លឹប​អ្នកកាសែត​ឯករាជ្យ (​ក​.​អ​.​ឯ​) សូម​សំណូមពរ និង​អំពាវនាវ​យ៉ាងទទូច​ចំពោះ​បងប្អូន​អ្នកសារព័ត៌មាន​ទាំងអស់​ដែល​បាន​កំពុង​បំពេញ​បេសកកម្ម​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សូម​ផ្សាយ​ព័ត៌មាន​ពិត ឥត​លំអៀង មាន​តុល្យភាព និង​ក្រមសីលធម៌​ខ្ពស់​។ សូម​កុំឲ្យ​ប៉ះ​ពាល់ចំពោះ​បាវច​នាជាតិ (​ជាតិ សាសនា ព្រះមហាក្សត្រ​) និង​កុំ​បណ្តាលឲ្យ​ខូច​សណ្តាប់ធ្នាប់​សាធារណៈ ឬ​ដល់​សន្តិសុខ​ជាតិ ជាពិសេស​ទិដ្ឋភាព​ទូទៅ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៤ នៅ​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៧ ពី​ម៉ោង ០៧:០០​នាទី​ព្រឹក ដល់​ម៉ោង ០៣:០០​នាទី​រសៀល នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​ក្លឹប​អ្នកកាសែត​ឯករាជ្យ (​ក​.​អ​.​ឯ​) មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ការរីកចម្រើន​របស់​វិស័យ​សារព័ត៌មាន និង​ការចូលរួម​គ្រប់​សកម្ម​ភាព​របស់​អ្នកសារព័ត៌មាន​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា គឺជា​កម្លាំងចលករ​ដ៏​មាន​សក្តានុពល​រុញច្រាន​នាវា​កម្ពុជា​ឆ្ពោះ​ទៅរក​ភាពសុខដុមរមនា សុភមង្គល និង​វឌ្ឍនភាព​ដូច​អរិយ​ប្រទេស​នានា​លើ​សកលលោក ៕

 

statement_cij