ក្រុងប៉ោយប៉ែត-ដោយ:កៅ ណារ៉ុង
ទីតាំងលេងល្បែងភ្នាល់បាល់ខុសច្បាប់ដុះស្លែពីរកន្លែងស្ថិតនៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបើកលេងទាំងថ្ងៃទាំងយប់ដោយមួយថ្ងៃៗមានអ្នកចូលលេងជាច្រើន និងអ្នកចាក់បាល់ចាញ់លុយរាប់ពាន់រាប់ម៉ឺនបាតពេលខ្លះមានទាំងសមត្ថកិច្ចចូលទៅចាក់បាល់ផងដែរ។ សកម្មភាពនេះហាក់ដូចជាគ្មានការរំខានពីសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតនោះទេ។
ប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរទីតាំងភ្នាល់បាល់ បានឱ្យ “ពុទ្ធិខ្មែរ” ដឹងថា ជារៀងរាល់ថ្ងៃពួកគាត់ឃើញមានមនុស្សប្រុសស្ទើរតែគ្រប់វ័យរួមនឹងសមត្ថកិច្ចមួយចំនួនចេញចូលមកលេងល្បែងនេះ (ចាក់បាល់ ឬ ភ្នាល់បាល់) ពិសេសពេលល្ងាច និងពេលយប់គឺមានមនុស្សម្នាមកលេងចាក់បាល់ច្រើនជាងធម្មតា។
ប្រភពដដែលបន្តថា អ្នកមកចាក់បាល់មានអ្នកខ្លះចាញ់ ខ្លះទៀតក៏ឈ្នះ ប៉ុន្តែអ្នកលេងភាគច្រើនចាញ់ជារៀងរាល់ថ្ងៃអស់លុយរហូតដល់លក់ទ្រព្យសម្បត្តិយកលុយមកលេងល្បែងនេះបន្ត (សេះដាច់យកសេះតាម) ក៏មានដែរ។
ប្រជាពលរដ្ឋមួយចំនួនបានសម្តែងការខកចិត្តយ៉ាងខ្លាំង និងព្រួយបារម្ភពីទីតាំងល្បែងភ្នាល់បាល់ខុសច្បាប់នេះថា អាចជាកម្មវត្ថុនៃការប្រព្រឹត្តបទល្មើសគ្រប់ប្រភេទ ដូចជាៈ លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម។ល។
មជ្ឈដ្ឋាននានាបានលើកឡើងថា ទីតាំងលេងល្បែងភ្នាល់បាល់ខុសច្បាប់ដុះស្លែពីរកន្លែងស្ថិតនៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានកំពុងផ្គើននឹងផែនការណែនាំរបស់ក្រសួងមហាផ្ទៃលេខ ០២២ ផ.ក ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២ នូវគោល នយោបាយភូមិ-ឃុំ/សង្កាត់មានសុវត្ថិភាពដែលមានលក្ខណៈ សម្បត្តិ ៩យ៉ាង រួមមាន៖
១-គ្មានសកម្មភាពលួច ឆក់ ប្លន់គ្រប់ប្រភេទ
២-គ្មានការដាំដុះ ការផលិត ការចរាចរ ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់
៣-គ្មានអំពើអាណាចារ្យ ការជួញដូរស្ត្រី និងកុមារ និងអំពើហិង្សាក្នុងគ្រួសារ
៤-គ្មានក្មេងទំនើង
៥-គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់ និងបទលើ្មសគ្រប់ប្រភេទ
៦-គ្មានគ្រោះថ្នាក់ចរាចរណ៍
៧-គ្មានគ្រោះថ្នាក់ដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ
៨-មានវិធានការទប់ស្កាត់ គ្រប់គ្រង និងឆ្លើយតបចំពោះគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព
៩-គ្មានការត្រួតពិនិត្យខុសច្បាប់
មតិរិះគន់បានលើកឡើងចំៗថា ល្បែងភ្នាល់បាល់ខុសច្បាប់ដុះស្លែពីរកន្លែងនៅភូមិក្បាលស្ពាន២ កណ្តាលក្រុងប៉ោយប៉ែត ដែលបានបើកលេងជាចំហជាយូរមកហើយដោយគ្មានការបង្ក្រាបពីសមត្ថកិច្ចនគរបាលក្រុងគឺដោយហេតុទីតាំងទាំងពីរនេះគឺជាឆ្នាំងបាយ និងជាប្រភពសេដ្ឋកិច្ចមិនចេះរីងស្ងួតរបស់សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត និងមន្ត្រីនគរបាលជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
ពាក់ព័ន្ធនឹងទីតាំងចាក់បាល់ខុសច្បាប់ដុះស្នឹមពីរកន្លែងកណ្តាលក្រុងប៉ោយប៉ែតនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងតាម Comment Facebook ថា កម្លាំងរបស់លោកបានធ្វើការរួចរាល់ហើយ ចំណែកទីតាំងលេងល្បែងភ្នាល់បាល់ខុសច្បាប់ដុះស្លែពីរកន្លែងស្ថិតនៅភូមិក្បាលស្ពាន២ គឺបញ្ជូនការងារនេះទៅលោកអធិការនគរបាលក្រុងប៉ោយប៉ែត។
កាសែត និងគេហទំព័រ “ពុទ្ធិខ្មែរ” មិនអាចធ្វើការទាក់ទង
លោកវរសេនីយ៍ទោ ធិន សុិនដេត អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សុំការអធិប្បាយករណីល្បែងភ្នាល់បាល់ខុសច្បាប់ដុះស្លែពីរកន្លែងកណ្តាលក្រុងប៉ោយប៉ែត ដែលកំពុងផ្គើននឹងផែនការណែនាំរបស់ក្រសួងមហាផ្ទៃលេខ ០២២ ផ.ក ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២ នូវគោលនយោបាយភូមិ-ឃុំ/សង្កាត់មានសុវត្ថិភាព នោះទេ។
កាសែត និងគេហទំព័រ “ពុទ្ធិខ្មែរ” នឹងបន្តនាំយកព័ត៌មានថ្មីៗបន្ថែមទៀតពាក់ព័ន្ធនឹងទីតាំងលេងល្បែងភ្នាល់បាល់ ចាក់បាល់ខុសច្បាប់ដុះស្លែពីរកន្លែងស្ថិតនៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មកផ្សាយជូនមហាជនបានជ្រាបបន្ថែមទៀត។