រាជធានីភ្នំពេញ-ដោយ:សុភ័ក្ត្រ
យោងតាមលិខិតរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ លេខ០០៩/១៧ លគ.ខគក ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ ផ្ញើជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា “ប៉ុន្មានថ្ងៃនេះខ្ញុំឃើញមានព័ត៌មានផ្សាយថា រាជរដ្ឋាភិបាលបានសម្រេចដកថវិការដ្ឋចំនួន បីពាន់លានរៀល (៣០០០.០០០.០០០រៀល) សម្រាប់ចំណាយលើការរៀបចំ បុណ្យសពសម្តេចវិបុលបញ្ញា សុខ អាន។
ផ្អែកលើនេះខ្ញុំបានប្រជុំគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧នេះ អង្គប្រជុំបានឯកភាពគ្នា ឲ្យខ្ញុំធ្វើសំណើគោរពជូន សម្តេចនាយករដ្ឋមន្ត្រី មេត្តាបង្វែរលុយខាងលើនេះចូលទៅក្នុងថវិការដ្ឋវិញ រីឯការចំណាយសម្រាប់រៀបចំបុណ្យសពសម្តេចវិបុលបញ្ញា សុខ អាន គណបក្សប្រជាជនកម្ពុជា សូមទទួលរ៉ាប់រងទាំងស្រុង”៕