រាជធានីភ្នំពេញ-ដោយ:សុភ័ក្ត្រ
ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់កំហិត (ឱសានវាទ) ឲ្យក្រុមហ៊ុនទូរស័ព្ទចល័តចំនួន៣ រួមមានៈ Cellcard Smart និង Metfone បញ្ចប់ការផ្សាយពាណិជ្ជកម្ម “គម្រោងដូរលុយ” ត្រឹមបំណាច់ខែមីនា ឆ្នាំ២០១៧។
ការសម្រេចនេះធ្វើឡើងក្នុងកិច្ចប្រជុំ និងពិភាក្សាដោះស្រាយស្តីពី “ការផ្សព្វផ្សាយពាណិជ្ជកម្ម របស់ប្រព័ន្ធទូរស័ព្ទចល័ត” ដោយមានការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំក្រសួង ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា (TRC) តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងពាណិជ្ជកម្ម ព្រមទាំងក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័ត នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា កិច្ចប្រជុំបានពិភាក្សាទៅលើបញ្ហាប្រឈម និងផលប៉ះពាល់មួយចំនួន រួមមាន៖
១-ការធ្លាក់ចុះនៃគុណភាពសេវាទូរស័ព្ទដល់អ្នកប្រើប្រាស់ទូរស័ព្ទចល័ត
២-ការប៉ះពាល់ដល់ទុនក្នុងការវិនិយោគលើបច្ចេកវិទ្យាថ្មីៗ និងការពង្រីកប្រព័ន្ធបណ្តាញរបស់ក្រុមហ៊ុន
៣-ការប៉ះពាល់ដល់ការប្រមូលចំណូល និងពន្ធជូនរដ្ឋប្រចាំឆ្នាំ
៤-ពុំមាននិរន្តរភាពក្នុងការប្រកបអាជីវកម្មរយ:ពេលវែង។
ឯកឧត្តម រដ្ឋមន្ត្រីបានស្នើឲ្យក្រុមហ៊ុនពង្រឹងបញ្ហាគុណភាពសេវាទូរស័ព្ទឲ្យបានកាន់តែប្រសើរឡើង ហើយយកចិត្តទុកដាក់លើការផ្សាយពាណិជ្ជកម្មឡើងវិញ ធ្វើយ៉ាងណាឲ្យមានតម្លាភាព និងគុណភាពក្នុងការប្រកួតប្រជែងជាមួយនឹងតម្លៃសមរម្យ។
ឯកឧត្តម រដ្ឋមន្ត្រី បានសម្រេចអនុញ្ញាតឲ្យនិយ័តករទូរគមនាគមន៍កម្ពុជាធ្វើការជាមួយក្រុមហ៊ុន Cellcard ក្រុមហ៊ុន Smart និងក្រុមហ៊ុន Metfone ដោយកំណត់ឲ្យក្រុមហ៊ុនទាំងបីបញ្ចប់ការផ្សាយពាណិជ្ជកម្មត្រឹមបំណាច់ខែមីនា ឆ្នាំ២០១៧ ។
យោងតាមតួលេខពីនិយ័តករទូរគមនាគមន៍កម្ពុជា (TRC) គិតត្រឹមឆ្នាំ ២០១៦ ប្រទេសកម្ពុជាមានការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទចល័តជាង ១៩លានស៊ីមកាត។ ក្នុងនោះ ក្រុមហ៊ុន Metfone កាន់កាប់ចំណែកទីផ្សារធំជាងគេ ក្នុងចំណោមក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទចល័តទាំង ៦ ក្នុងព្រះរាជាណាចក្រកម្ពុជា ៕