រាជធានីភ្នំពេញ-ដោយ:សុភ័ក្ត្រ
សពរបស់សម្តេចវិបុលបញ្ញា សុខ អាន សមាជិករដ្ឋសភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកតាមយន្តហោះពីទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជានៅវេលាម៉ោង ០៥:០៤នាទី ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ នេះ។
សពសម្តេចវិបុលបញ្ញា សុខ អាន ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ស្ថិតនៅផ្ទះលេខ៧០ ផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សម្តេចវិបុលបញ្ញា សុខ អាន បានទទួលមរណភាពហើយ នៅថ្ងៃ ៣ រោជ ខែ ផល្គុន ឆ្នាំ វក អដ្ឋស័ក ព.ស. ២៥៦០ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ១៨:៣២នាទី នៅមន្ទីរពេទ្យទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដោយរោគាពាធ ក្នុងជន្មាយុ ៦៦ឆ្នាំ។