ខេត្តរតនគិរី-ដោយ:សុភ័ក្ត្រ
កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបរកែវចុះបង្ក្រាបសង្វៀនបញ្ជល់មាន់ និងល្បែងចាក់អាប៉ោងមួយកន្លែងនៅភូមិទុយ ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី។
ប្រតិបត្តិការចុះបង្ក្រាបនេះដឹកនាំដោយលោក ជួប វណ្ណារក្ស អធិការនៃអធិការដ្ឋាននគរបាលស្រុកបរកែវ បានធ្វើឡើង កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក ជួប វណ្ណារក្ស អធិការនគរបាលស្រុកបរកែវ បានឱ្យ ដឹងថា ដោយមានការចង្អុលបង្ហាញ និងណែនាំពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ងួន គឿន ស្នងការនគរបាលខេត្តរតនគិរី ស្តីពីការអនុវត្តផែនការណែនាំរបស់ក្រសួងមហាផ្ទៃលេខ ០២២ ផ.ក ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២ នូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិ ៩យ៉ាង រួមមាន៖
១-គ្មានសកម្មភាពលួច ឆក់ ប្លន់គ្រប់ប្រភេទ
២-គ្មានការដាំដុះ ការផលិត ការចរាចរ ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់
៣-គ្មានអំពើអាណាចារ្យ ការជួញដូរស្ត្រី និងកុមារ និងអំពើហឹង្សាក្នុងគ្រួសារ
៤-គ្មានក្មេងទំនើង
៥-គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទការប្រើប្រាស់អាវុធខុសច្បាប់ និងបទលើ្មសគ្រប់ប្រភេទ
៦-គ្មានគ្រោះថ្នាក់ចរាចរណ៍
៧-គ្មានគ្រោះថ្នាក់ដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ
៨-មានវិធានការទប់ស្កាត់ គ្រប់គ្រង និងឆ្លើយតបចំពោះគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព
៩-គ្មានការត្រួតពិនិត្យខុសច្បាប់។
សំដៅរក្សាសន្តិសុខ សុវត្ថិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន កម្លាំងនគរបាលស្រុកបរកែវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននិងដូចភ្លៀងរលឹមក្នុងការទប់ស្កាត់ និងបង្ក្រាបនូវល្បែងស៊ីសងគ្រប់ប្រភេទ។
ជាក់ស្តែង កម្លាំងនគរបាលស្រុកបកែវបានធ្វើការបង្ក្រាបល្បែងបញ្ជល់មាន់ និងបាញ់អាប៉ោងមួយកន្លែងស្ថិតនៅភូមិ-ឃុំកើតហេតុខាងលើ ដោយធ្វើការឃាត់ខ្លួនមនុស្សប្រុសចំនួន ១២នាក់ វត្ថុតាងដកហូតបានមាន់ជល់ ៥ក្បាល ជញ្ជីងថ្លឹង១ ស្គត់រុំខ្នាយមាន់មួយចំនួន ម៉ូតូ ៨គ្រឿង និងចានបាញ់អាប៉ោងមួយ។
លោកអធិការបន្តថា បច្ចុប្បន្នជនញៀនល្បែងទាំង ១២នាក់ រួមនឹងវត្ថុតាងខាងលើសមត្ថកិច្ចជំនាញបានបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕