អាជ្ញាធរ​ខេត្ត​ព្រះសីហនុ អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ បញ្ឈប់​ការកាប់​ឆ្ការព្រៃ​ទន្ទ្រាន​យក​ដី​នៅ​សង្កាត់​កោះរ៉ុង​

ខេត្ត​ព្រះសីហនុ​-​ដោយ​:​សុភ័ក្ត្រ​

​យោងតាម​សេចក្តីជូនដំណឹង​លេខ​០៦០ ស​.​ជ​.​ណ របស់​សាលាខេត្ត​ព្រះសីហនុ ចុះ​ថ្ងៃ​ទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧ បានឱ្យដឹងថា បច្ចុប្បន្ន​នេះ​អាជ្ញាធរ​មូលដ្ឋាន ឃើញ​ថា​ប្រជាពលរដ្ឋ​មួយចំនួន​បាន​កាប់ឆ្ការ​ព្រៃ​ទន្ទ្រាន​យក​ដី​ដោយ​មាន​ការយល់ច្រឡំ​ពី​ការចុះវាស់វែង​សារជាថ្មី ដោយ​ក្រុមការងារ​ចុះបញ្ជី​ដីធ្លី​។

​ក្រុមការងារ​ចុះ​វាស់វែង​ដី នៅ​សង្កាត់​កោះរ៉ុង ដែល​ដឹកនាំ​ដោយ​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ និង​មាន​ការចូលរួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការចុះ​វាស់វែង​ដី​ស្វែងរក​ការពិត​លើ​ការកាន់កាប់​ដីធ្លី ដោយ​បាន​កំណត់​អត្តសញ្ញាណ​ដី​តាម​ការចង្អុលបង្ហាញ​ពី​ម្ចាស់​នៃ​ក្បាល​ដី​ហើយ​ការចុះ​ប្រតិបត្តិការ​នេះ ត្រូវបាន​បញ្ចប់​ការវាស់វែង​កាលពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៦ ។​

​ជាមួយគ្នានេះ មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់​ខេត្ត បាន​ចងក្រង​ឯកសារ​រួចរាល់ និង​បាន​បញ្ជូន​ទៅ
​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ ពី​លទ្ធផល​ដែល​ក្រុមការងារ​ចុះ​វាស់វែង​ទទួល​បាន​កន្លងមក​។ ដូចនេះ​ក្រុមការងារ​វាស់វែង​មិនមាន​ផែនការ​ចុះ​វាស់វែង​លើដី​នៅ​សង្កាត់​កោះរ៉ុង​សារជាថ្មី​ជូន​ប្រជាពលរដ្ឋ​ទៀត​ទេ​។​

​រដ្ឋបាលខេត្ត និង​បន្ត​អនុវត្ត​តាម​នីតិវិធី​តែ​លើ​ក្បាល​ដី​ណា​ដែល​បាន​វាស់វែង និង​បានកំណត់​អត្តសញ្ញាណ​ច្បាស់លាស់​ជាមួយ​ក្រុម​ចុះបញ្ជី​ដីធ្លី ត្រឹម​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៦​។​

​ដូច្នេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ សូម​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​បញ្ឈប់​ការ​កាប់ឆ្ការ​ព្រៃ​ឈើ​នៅក្នុង​សង្កាត់​កោះរ៉ុង​ត​បន្តទៀត ព្រោះ​មិន​មាន​ក្រុម​ការងារ​មក​ចុះ​វាស់វែង​បន្ត​ទៀត​ឡើយ ប្រសិនបើ​ប្រជាពលរដ្ឋ​មិន​បញ្ឈប់​ការ​កាប់ឆ្ការ​លើ​ដី​ព្រៃ​ដែល​ជា​សម្បត្តិ​រដ្ឋ និង​ដើម្បី​ការពារ​ព្រៃឈើ​នៅ​លើ​តំបន់​កោះរ៉ុង រដ្ឋបាល​ខេត្ត​ព្រះសីហនុ នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ដើម្បី​ផ្តន្ទាទោស​ដល់​ជន​ណា​ដែល​ធ្វើ​សកម្មភាព​កាប់​ឆ្ការព្រៃ​ទន្ទ្រាន​យក​ដី​នៅលើ​កោះរ៉ុង ៕

 

IMG-20170209pu2 (1) IMG-20170209pu2 (2) IMG-20170209pu2 (3) IMG-20170209pu2 (4)