ចាប់​បាន​មេខ្លោង​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​ដ៏​ធំ​ម្នាក់ នៅ​ខេត្ត​ស្ទឹងត្រែង ដកហូត​បាន​ថ្នាំញៀន​ជាង​ពីរ​ម៉ឺន​គ្រាប់​

ខេត្ត​ស្ទឹងត្រែង​-​ដោយ​:​សុភ័ក្ត្រ​

​កម្លាំង​នគរបាល​ការិយាល័យ “​ក​៩” នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន​ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០១៧​នេះ បាន​បើក​ប្រតិបត្តិការ​ចាប់ខ្លួន​មេខ្លោង ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​ដ៏​ធំ​ម្នាក់​នៅ​ខេត្តស្ទឹងត្រែង​ដែល​ជនល្មើស​មាន​ផ្ទះសំណាក់ និង​ដី​រាប់​ហិកតា​។

​ប្រតិបត្តិការ​ចាប់ខ្លួន​មេខ្លោង​គ្រឿងញៀន​ម្នាក់នេះ បាន​ធ្វើឡើង​ស្ថិតនៅ​ចំងាយ​ប្រមាណ ២០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​ស្ទឹងត្រែង ដោយ​រឹបអូស​ជាក់ស្តែង​បាន​ថ្នាំ​ប្រភេទ WY ចំនួន ១២​ដុំ ស្នើ​នឹង​ជិត ២៥.០០០​គ្រាប់ រថយន្ត​ម៉ាក​វី​ហ្គោ ពណ៌​ខ្មៅ​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 2L-3149 និង​កាំភ្លើងខ្លី​មួ​យ​ដើម​។

​លោក យិន បញ្ញា​រិទ្ធ នាយការិយាល័យ “​ក​៩” ដែល​ដឹកនាំ​ការបង្ក្រាប​ករណី​គ្រឿងញៀន​នេះ បានបញ្ជាក់​ថា ជនល្មើស​ត្រូវ​បាន​កម្លាំង​នគរបាល​របស់​លោក​ធ្វើ​ការតាមដាន និង​ស្រាវជ្រាវ​ជា​យូរថ្ងៃ​មកហើយ ទើបតែ​នៅ​វេលា​ម៉ោងជាង ១០​ព្រឹក​ថ្ងៃ​ទី​០៨ ខែ​កុម្ភៈ​នេះ ក៏​ចុះទៅ​ឡោម​ព័ទ្ធ​នៅ​ម្តុំ​អូរ​ពងមាន់​ដោយ​ចាប់ខ្លួន​ជាក់ស្តែង​ព្រមទាំង​ដកហូត​វត្ថុតាង​ជា​គ្រឿងញៀន រថយន្ត និង​កាំភ្លើង​។

​លោកនាយ​ការិយាល័យ “​ក​៩” បាន​បន្តទៀតថា បន្ទាប់ពី​ចាប់ខ្លួន​បាន​ហើយ កម្លាំង​នគរបាល​ការិយាល័យ “​ក​៩” បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្ត ក្រោម​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បាន​បន្ត​ចុះ​ទៅ​ឆែកឆេរ​ដី​របស់​ជនល្មើស និង​ទីកន្លែង​ស្នាក់​នៅ​មាន​ផ្ទះសំណាក់​ផង​នោះ​រហូត​មកដល់​រសៀល​ថ្ងៃនេះ តែ​មិនទាន់​មាន​លទ្ធផល​សរុប​នៅឡើយ​ទេ​។​

​ឯកឧត្តម ឧត្តមសេនីយ៍ត្រី ម៉ៅ តារា ស្នងការ​នគរបាល​ខេត្ត​ស្ទឹងត្រែង បានបញ្ជាក់​ថា ករណី​នេះ​ខាង​កម្លាំង​នគរបាល​ការិយាល័យ “​ក​៩” នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ ជា​អ្នកដឹកនាំ​ធ្វើ​ហើយ​ជនល្មើស​ជា​ជនជាតិខ្មែរ​។ សម្រាប់​ថ្នាំញៀន​ជា​គ្រាប់​នោះ​មិន​ទាន់​បាន​រាប់​នៅឡើយ​ទេ តែ​តាម​ការប៉ាន់ស្មាន​មាន​ជាង ២​ម៉ឺន​គ្រាប់​ឯណោះ​៕

 

IMG-20170209pu1 (1) IMG-20170209pu1 (7) IMG-20170209pu1 (6) IMG-20170209pu1 (2) IMG-20170209pu1 (3) IMG-20170209pu1 (4) IMG-20170209pu1 (5)