សេចក្តីណែនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ឲ្យ​មន្ត្រី​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ដោះស្រាយ​បញ្ហា​នានា​ជូន​ប្រជាពលរដ្ឋ​

រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​

​សេចក្តីណែនាំរបស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ខ្លឹមសារ​ដូចតទៅ​៖

​សូម​សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ប្រតិភូ រដ្ឋមន្ត្រី​គ្រប់​ក្រសួង ប្រធាន​គ្រប់​ស្ថាប័ន និង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត ជ្រាប​អំពី​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ​របស់​ខ្ញុំ Facebook https://www.facebook.com/hunsencambodia    ដែល​សព្វ​ថ្ងៃ​ទទួល​បាន​នូវ​របាយការណ៍​ជា​ព័ត៌មាន​ជម្រុះ រួម ទាំង​ពាក្យបណ្តឹង និង​សំណូមពរ ពី​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​។​

​ដើម្បី​ក្តាប់បាន​នូវ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា សូម​សម្តេច ឯកឧត្តម លោកជំទាវ ចាត់តាំង​ក្រុមការងារ​តាមដាន​ស្រង់​របាយការណ៍​ព័ត៌មាន​ប្រចាំថ្ងៃ និង​សំណូមពរ​នានា របស់​ប្រជាពលរដ្ឋ​ដែល​បាន​ផ្ញើ​មក​កាន់​គេហទំព័រ​នាយករដ្ឋមន្ត្រី បន្ទាប់មក​ត្រូវ​ឆ្លើយតប និង​ត្រូវ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា​។​

​ទន្ទឹមនឹងនេះ​ជំនួយការ​របស់​ខ្ញុំ ដែល​ទទួលបន្ទុក​កិច្ចការ​នេះ នឹង​ផ្ញើ​ជូន​នូវ​របាយការណ៍​មួយចំនួន​បន្ថែម​ដែល​ពាក់ព័ន្ធ ទៅ​តាម​ក្រសួង​-​ស្ថាប័ន និង​រាជធានី​-​ខេត្ត​នីមួយៗ ដែល​ខ្ញុំ​បាន​ទទួល​ផ្ទាល់​ក្នុង​ប្រអប់​សំបុត្រ (Inbox) ពី​ប្រជាពលរដ្ឋ​។​

​ខ្ញុំ​ស្នើ​សូម​សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ប្រតិភូ រដ្ឋមន្ត្រី​គ្រប់​ក្រសួង ប្រធាន​គ្រប់​ស្ថាប័ន និង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត ត្រូវ​យកចិត្តទុកដាក់​លើ​កិច្ចការ​សំខាន់​នេះ ដើម្បី​រួម​សហការ​គ្នា​ដោះស្រាយ​រាល់​បញ្ហា​នានា ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ឆាប់រហ័ស ប្រកបដោយ​តម្លាភាព និង​ប្រសិទ្ធភាព​ខ្ពស់ ៕​

 

prime-hunsen