ខេត្តកំពង់ធំ-ដោយ:សុភ័ក្ត្រ
នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៅមន្ទីរព័ត៌មានខេត្តកំពង់ធំ។
បន្ទាប់ពីលោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំបានអានបទស្វាគមន៍ និងរបាយការណ៍រួចមក ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានសំដែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់របស់មន្ទីរព័ត៌មានខេត្តកំពង់ធំ ដែលបានសាមគ្គីសហការគ្នាបានល្អធ្វើឱ្យវិស័យព័ត៌មានក្នុងខេត្តកំពង់ធំនាពេលកន្លងមកទទួលបានលទ្ធផលល្អប្រសើរ។
ឯកឧត្តម ខៀវ កាញារីទ្ធ បន្តថាទន្ទឹមនឹងលទ្ធផលខាងលើនេះក៏មន្ត្រីរបស់យើងមួយចំនួននៅមានចំណុចខ្វះខាតដែល មន្ត្រីយើងត្រូវបង្កើនចំណេះដឹង ខិតខំពង្រឹងឆន្ទៈការងារ ភក្តីភាព មនសិការវិជ្ជាជីវៈឱ្យបានល្អ និងបន្តយកចិត្តទុកដាក់ខិតខំបំពេញការងារ សហការជាមួយមន្ទីរ អង្គភាពនានា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសាមគ្គីភាពផ្ទៃក្នុងឱ្យបានកាន់តែល្អ កែលម្អគុណភាពក្នុងការផ្សព្វផ្សាយវិទ្យុ និងទូរទស្សន៍ប្រកបដោយក្រមសីលធម៌ ដោយធ្វើការជួបជុំគ្នាដើម្បីផ្លាស់ប្តូរយោបល់បទពិសោធន៍ពីគ្នាទៅវិញទៅមកលើការងារសរសេរព័ត៌មាន ថតព័ត៌មាន និងផ្សាយព័ត៌មានបន្ថែមទៀត។ សំដៅធ្វើឱ្យវិស័យព័ត៌មាននៅកម្ពុជាក៏ដូចនៅក្នុងខេត្តកំពង់ធំទទួលបានលទ្ធផលជោគជ័យ និងមានភាពរីកចម្រើនប្រសើជាងមុន។
ឯកឧត្តម រដ្ឋមន្ត្រី ក៏បានក្រើនរំលឹកដល់មន្ត្រីនៃមន្ទីរព័ត៌មានទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវសីលធម៌ និងគោរពវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ជាពិសេសផ្តល់ព័ត៌មានឱ្យបានរហ័សជូនប្រជាពលរដ្ឋដែលឈរលើគោលការណ៍ដែលក្រសួងបានដាក់ចេញគឺ លឿន ប្លែក ទុកចិត្ត ទីណាក៏បាន ពេលណាក៏បាន។
ឯកឧត្តម រដ្ឋមន្ត្រី បានជំរុញឱ្យមន្ត្រីជំនាញវិទ្យុ និងទូរទស្សន៍ ខេត្តត្រូវខិតខំស្វែងរកព័ត៌មាន សរសេរ និងផ្សព្វផ្សាយនូវព័ត៌មានឱ្យបានលឿន ទុកចិត្តបាន ហើយចាប់យកយកនូវខ្លឹមសារអ្វីដែលសំខាន់ទើបមានការចាប់អារម្មណ៍ពីអ្នកស្តាប់ និងអ្នកទស្សនា។ ក្រៅពីវិទ្យុ និងទូរទស្សន៍មន្ទីរព័ត៌មានត្រូវមានគេហទំព័រ បណ្តាញសង្គម Facebook និង YouTube ដើម្បីជំរុញការផ្សព្វផ្សាយឱ្យបានកាន់តែទូលាយទាញយកកំណើនអតិថិជនបានកាន់តែច្រើន។
ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា កិច្ចការនេះត្រូវរួមគ្នាធ្វើជាសមូហភាព រួមសាមគ្គីគ្នាធ្វើ និងចេះចែករំលែកទាំងការងារ ការទទួលខុសត្រូវ ហើយត្រូវផ្តល់ការចែករំលែក មុខមាត់ កិត្តិយស ផលប្រយោជន៍គ្នាជាសមូហភាពផងដែរ៕