ប្រទេសថៃ-ដោយ:សុភ័ក្ត្រ
ឯកឧត្តម ហ៊ុន ម៉ាណែត អនុប្រធានគណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅនិងធ្វើការ នៅប្រទេសថៃ បានជួបពិភាក្សាការងារជាមួយលោក ស៉ីរិឆៃ ឌីស្តាគុល (Sirichai Distakul) រដ្ឋមន្ត្រីក្រសួងការងារថៃ នៅទីស្តីការក្រសួងការងារថៃ នាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧។
កិច្ចប្រជុំ កម្ពុជា-ថៃ បានប្រព្រឹត្តទៅក្រោមបរិយាកាសយោគយល់ ស្និទ្ធស្នាល និងទទួលបានលទ្ធផលជាវិជ្ជមានដោយបានសម្រេចការឯកភាពគ្នានូវ ៦ចំណុចសំខាន់ៗ ដូចខាងក្រោម៖
១-ភាគីថៃបានឯកភាពអនុញ្ញាតឲ្យគណៈកម្មការផ្តល់ភាពស្របច្បាប់កម្ពុជាចុះធ្វើការបើកផ្តល់លិខិតឆ្លងដែន/លិខិតធ្វើដំណើរ និងប័ណ្ណ OCWC ជូនពលករកម្ពុជាដោយផ្ទាល់ដល់ពលករកម្ពុជា ដែលធ្វើការនៅតាមរោងចក្រ សហគ្រាស ដែលមានប្រើប្រាស់ពលករកម្ពុជាចាប់ពី ៨០នាក់ឡើងទៅ។
២-បន្ថែមពីលើការិយាល័យបើកផ្តល់ដែលមានស្រាប់ នៅក្នុងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងបាងកក ភាគីថៃបានឯកភាពអនុញ្ញាតឲ្យកម្ពុជាបើកការិយាល័យបើកផ្តល់ចំនួន ៥បន្ថែមទៀត ដែលមានទីតាំងស្ថិតនៅក្នុងខេត្តសាមុទ្ទប្រាកាន ឈុនបុរី ផាធុមថានី ចាក់សុងសាវ និងរ៉ាក់យ៉ង ហើយភាគីថៃនឹងជូនដំណឹងដល់កម្ពុជានូវទីតាំងទាំង ៥កន្លែងថ្មីនោះ។
៣-ភាគីថៃនឹងអនុញ្ញាតដល់កម្ពុជាចាប់ផ្តើមចុះប្រមូលទិន្នន័យ និងបញ្ជាក់សញ្ជាតិដល់ពលករកម្ពុជាដែលមានប័ណ្ណពណ៌ស៊ីជំពូឡើងវិញ ក្រោយពេលដែលការិយាល័យបើកផ្តល់ថ្មីទាំង ៥នេះ ដំណើរការទៅដោយរលូន។
៤-ការិយាល័យអន្តោប្រវេសន៍ថៃនៅគ្រប់ទីតាំងនឹងផ្តល់ទិដ្ឋាការស្នាក់នៅដល់ពលករកម្ពុជាទាំងឡាយណាដែលមានប័ណ្ណពណ៌ស៊ីជំពូស្របច្បាប់ និងទទួលបានលិខិតឆ្លងដែន/លិខិតធ្វើដំណើរ និងប័ណ្ណ OCWC ពីគណៈកម្មការផ្តល់ភាពស្របច្បាប់របស់កម្ពុជា។
៥-ភាគីទាំងពីរបានបង្កើតក្រុមការងារចំពោះកិច្ចមួយ ដើម្បីរៀបចំផែនការសកម្មភាពដើម្បីអនុវត្តនូវស្មារតីកិច្ចប្រជុំនាថ្ងៃនេះ។ ភាគីទាំងពីរបានកំណត់ពេលវេលាយ៉ាងយូរ ១៥ថ្ងៃ ដល់ក្រុមការងារចំពោះកិច្ចនេះ ដើម្បីដាក់ចេញផែនការ សកម្មភាពសម្រាប់អនុវត្ត។
៦-ភាគីថៃបានសម្តែងនូវការសាទរចំពោះភាគីកម្ពុជា ដែលបានបន្ថែមថ្ងៃធ្វើការនាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យព្រមទាំងបន្ថែម ម៉ោងការងារពី៨ម៉ោង ទៅ ៩ម៉ោងក្នុងមួយថ្ងៃ ពោលគឺចាប់ពីម៉ោង ៨:៣០នាទីព្រឹក ដល់ម៉ោង៦:៣០នាទីយប់៕