ខេត្តកណ្តាល-ដោយ:សុភ័ក្ត្រ
យន្តការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ត្រូវបានអនុវត្តន៍ដូចភ្លៀងរលឹមស្របតាមបទបញ្ជាលេខ០១ របស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវអនុសាសន៍ដ៏ថ្លៃថ្លានេះដើម្បីឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិ និងស្ថាប័នជំនាញទាំងអស់ខិតខំយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសគ្រប់រូប។
ជាក់ស្ដែងកាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅនេះអាជ្ញាធរស្រុកស្អាងដឹកនាំដោយលោក យ៉ែម វន្ថា អភិបាលរងស្រុក (ភូឈួយស្រុក) តំណាងលោក ញឹម វណ្ណឌិន អភិបាលនៃគណៈអភិបាលស្រុកស្អាង ខេត្តកណ្ដាល បានដឹកនាំកម្លាំងចម្រុះ រួមមាន កម្លាំងនគរបាល និងជំនាញរដ្ឋបាលជលផលចុះទៅបង្ក្រាបបទល្មើសនេសាទខុសច្បាប់យ៉ាងអនាធិបតេយ្យនៅក្នុងតំបន់បឹងអតីតឡូត៍នេសាទលេខ០៥ ស្ថិតនៅឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល។
លោក យ៉ែម វន្ថា អភិបាលរងស្រុកស្អាង បានឱ្យដឹងថា កម្លាំងរបស់លោកមានចំនួន ១០នាក់ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅចំនុចខាងលើនេះគឺបានរឹបអូសឧបករណ៍នេសាទ និងធ្វើការដកបង្គោលមងស្បៃមុងក្រឡាញឹកប្រវែងជាង ១០០០ម៉ែត្រយកមកដុតបំផ្លាញចោលរួមទាំងឧបករណ៍ខុសច្បាប់ដទៃទៀតរួមនឹងអាំងវុិចទ័រ អាគុយខុសច្បាប់ដែលជនល្មើសរត់ចោលមុនពេលកម្លាំងរបស់លោកចុះទៅដល់ ខណៈដែលពួកគេកំពុងតែប្រព្រឹត្តបទល្មើសជាក់ស្ដែងយ៉ាងអនាធិបតេយ្យនៅក្នុងផ្ទៃបឹងទាំងមូលធ្វើឱ្យសមត្ថកិច្ចមានការលំបាកក្នុងការដេញតាមចាប់ជនល្មើសទាំងនោះយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។
តាមប្រភពពីមន្រី្តសាលាស្រុកបានឱ្យដឹងថា លោក យ៉ែម វន្ថា អភិបាលរងស្រុកស្អាង និងស្ថាប័នជំនាញមានកិច្ចសហប្រតិបត្តិការគ្នាយ៉ាងល្អគឺតែងតែចុះទៅបង្ក្រាបបទល្មើសនេសាទជាញឹកញាប់ជាប់ជាប្រចាំហើយក៏បានរឹបអូសឧបករណ៍ខុសច្បាប់យកទៅបំផ្លាញចោលជាច្រើនលើកច្រើនសាមកហើយ។ ប៉ុន្តែ បទល្មើសនៅតែលួចធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យជាបន្តបន្ទាប់ទើបក្រុមការងាររបស់លោកត្រៀមលក្ខណៈជានិច្ចដើម្បីចុះទៅបង្ក្រាបឱ្យបានកាន់តែខ្លាំងក្លាថែមទៀតរហូតបទល្មើសមានការថយចុះហើយត្រូវតែមានការអភិរក្ស និងការពារដល់មច្ឆជាតិឱ្យបានស្ថិតស្ថេរគង់វង្សជាដរាបមិនឱ្យមានការបាត់បង់តទៅទៀតឡើយ។
មជ្ឈដ្ឋានប្រជាពលរដ្ឋបានសំដែងនូវការកោតសរសើរចំពោះ លោក យ៉ែម វន្ថា និងក្រុមការងាររបស់លោកដែលតែងតែខិតខំប្រឹងប្រែងក្នុងការងាររមិនខ្លាចនឿយហត់ដោយមិនគិតពីពេលវេលាថ្ងៃក្ដៅយប់ងងឹតភ្លៀងផ្គរនោះឡើយ។ ដែលធ្វើឱ្យមានសកម្មភាពលេចធ្លោក្នុងការចុះទៅបង្ក្រាបនូវរាល់បទល្មើសទាំងអស់នេះដែលតែងតែលួចឆ្មក់លួចលាក់ក្នុងការនេសាទដោយខុសច្បាប់ ព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួនមិនបានយល់ដឹងពីច្បាប់បន្តិចសោះឡើយ។ ទោះបីជាជនល្មើសធ្វើព្យុះធ្វើភ្លៀងយ៉ាងណាក៏ដោយក៏នៅតែមិនផុតពីក្រសែភ្នែករបស់សមត្ថកិច្ច និងក្រុមការងាររបស់ លោក យ៉ែម វន្ថា បានឡើយ។
ប្រជាពលរដ្ឋក្នុងស្រុកស្អាងមានក្ដីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា លោក យ៉ែម វន្ថា អភិបាលរងស្រុកស្អាង ពិតជាអាចដឹកនាំបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់រូបភាពក្នុងស្រុករួមនឹងស្នាដៃល្អលើកាងារដឹកនាំមានសកម្មភាពស្រវាស្រទេញដូចភ្លៀងរលឹមក្នុងការចុះដឹកនាំកម្លាំងធ្វើការបង្ក្រាបបទល្មើសនេសាទដើម្បីទប់ស្កាត់បទល្មើសកុំឱ្យមានការរីកដុះដាលព្រោងព្រាតដោយធ្វើការលុបបំបាត់ចោលភាពអនាធិបតេយ្យទាំងអស់នេះមិនឱ្យបាត់បង់ពូជមច្ឆជាតិរបស់យើងតទៅទៀត ហើយលោកក៏ជាមន្ត្រីសកម្មមួយរូបរបស់រាជរដ្ឋាភិបាលដែលប្រជាពលរដ្ឋគោរពស្រលាញ់ជាច្រើនផងទៀត៕