រាជធានីភ្នំពេញ-ដោយ:សុភ័ក្ត្រ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញចូលរួមក្នុងពិធីពិសាបាយសាមគ្គីជាមួយអ្នកឧកញ៉ា ពង់ ឃាវសែ ប្រធានសមាគម ខ្មែរ-ចិន ថ្មី និងសមាជិក-សមាជិកា ជាង ៥០០០នាក់ នារសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ។
ពិធីពិសាបាយសាមគ្គីជាមួយសមាគមខ្មែរ-ចិន នាពេលនេះបានធ្វើឡើងបន្ទាប់ពីអ្នកឧកញ៉ា ពង់ ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា និងជាអគ្គនាយកក្រុមហ៊ុន OCIC កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ត្រូវបានទទួលតំណែងជាប្រធានសមាគមខ្មែរ-ចិន ថ្មី សម្រាប់អាណត្តិទី៥ ជាផ្លូវការហើយ បន្ទាប់ពីប្រធានសមាគមចាស់ លោកឧកញ៉ា ឌួង ឈីវ មានបញ្ហាសុខភាពត្រូវបានចូលនិវត្តន៍។
សូមបញ្ជាក់ថា សមាគមខ្មែរ-ចិន នៅប្រទេសកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩០ គឺជាសមាគមស្របច្បាប់ដែលបង្កើតឡើងដោយជនជាតិចិន និងសមាគមចិននៅប្រទេសកម្ពុជា ព្រមទាំងបានទទួលការអនុញ្ញាតដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៕