សេចក្តីសម្រេច​តែងតាំង​លោក ព្រំ សង ជា​មេបញ្ជាការ​ (ស្តីទី) ផ្នែក​សឹក​រង​មង្គល​បូរី ក្រោយ លោក កែវ ស៊ុន​លី ត្រូវបាន​ដកហូត​តំណែង​រឿង​ស្ពាយ​កាំភ្លើង AK គំរាម​បាញ់​ម្ចាស់ ភោជនីយដ្ឋាន និង​ខារ៉ាអូខេ ហេង គង់​

ខេត្ត​បន្ទាយមានជ័យ​-​ដោយ​:​សុភ័ក្ត្រ

​ឯកឧត្តម ឧត្តមសេនីយ៍ត្រី ភ្ល​ន់ តារា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយមានជ័យ បាន​សម្រេច​តែងតាំង​លោក​អនុសេនីយ៍ឯក ព្រំ សង ជា​មេបញ្ជាការ (ស្តីទី)​ ផ្នែក​សឹក​រងមង្គល​បូរី ជំនួស លោក កែវ ស៊ុន​លី មេបញ្ជាការ​ចាស់​ដែល​ត្រូវបាន​ដកហូត​តំណែង និង​កាត់ទោស​តាម​ច្បាប់​រឿង​ស្ពាយ​កាំភ្លើង AK គំរាម​បាញ់​ម្ចាស់​ភោជនីយដ្ឋាន និង​ខារ៉ាអូខេ ហេង គង់ និង​បុគ្គលិក​បម្រើការ​ក្នុង​ហាង​។​

​លោក វរៈសេនីយ៍ត្រី កែវ ស៊ុន​លី ត្រូវ​ជាប់​ជា​នាយទាហាន​ជាប់​វិន័យ​ទណ្ឌកម្ម ព្រមទាំង​កាត់ទោស​តាមច្បាប់ ក្រោយពី​មាន​ទិដ្ឋភាព​ភ្ញាក់ផ្អើល​ស្ពាយ​កាំភ្លើង AK គំរាម​បាញ់​ម្ចាស់​ភោជនីយដ្ឋាន និង​ខារ៉ាអូខេ យីហោ “​ហេង គង់​” ដល់​មុខ​ហាង​បណ្តាលឱ្យ​ម្ចាស់​ហាង និង​បុគ្គលិក​បម្រើការ​ក្នុង​ហាង​រត់​បាតជើង​ស​ព្រាត​។​

​តាម​ការ​ឱ្យ​ដឹង​ពី​ប្រពន្ធ​ម្ចាស់​ភោជនីយដ្ឋាន និង​ខារ៉ាអូខេ ហេង គង់ បានឱ្យដឹងថា លោក កែវ ស៊ុន​លី មាន​តួនាទី​ជា​មេបញ្ជាការ​ផ្នែក​សឹក​រង​មង្គល​បូរី បាន​ស្ពាយ​កាំភ្លើង AK  និង​មាន​ពាក់​ទុ​សៀ​ដាក់​គ្រាប់​ពេញ​មក​ជេរប្រមាទ និង​គំរាម​បាញ់​ប្តី​អ្នកស្រី​ដែល​ជា​ម្ចាស់​ហាង ឈ្មោះ ហេង គង់ និង​នារី​បម្រើការ​ក្នុង​ហាង​មាន​ការភិតភ័យ រត់​ចែក​ជើង​គ្នា​ព្រាត​។​

​អ្នកស្រី​ឱ្យដឹងទៀតថា ក្នុង​ថ្ងៃ​កើតហេតុ លោក កែវ ស៊ុន​លី បាន​នាំ​ប្រពន្ធ និង​សាច់ញាតិ​ព្រមទាំង​មិត្តភក្តិ​មាន​គ្នា​ចំនួន ៦​នាក់ ដែល​ស្ត្រី​ជា​ប្រពន្ធ​មាន​អាការ​ស្រវឹង​ពី​ណា​មិន​ដឹង​បាន​ចូល​មក​ច្រៀង​ខារ៉ាអូខេ​ក្នុង​ហាង​របស់​អ្នកស្រី​ហើយ​បាន​ខឹង​នឹង​នារី​បម្រើ​ការចាក់​ខារ៉ាអូខេ​ក្នុង​បន្ទប់​ថា​បាន​ចាក់​តែ​បទ​ឱ្យ​ខ្លួន​មិនចេះ​ច្រៀង​។​

​ភ្លាមៗ​នោះ លោក កែវ ស៊ុន​លី បាន​យក​កែវ​មាន​ស្រា​ចាក់​ចូល​ក្បាល​ម៉ា​យ​ក្រូ​ហ្វូន ដោយ​ឃើញ​ដូចនេះ នារី​បម្រើការ​ក្នុង​បន្ទប់​ប្រាប់ថា “​បើ​ពូ​យក​កែវ​មាន​ស្រា​ចាក់​ចូល​ក្បាល ម៉ា​យ​ក្រូ​ហ្វូន​ខូច​ថៅ​ខ្ញុំ​គាត់​នឹង​គិត​លុយ​ហើយ​”​។​

​លោក កែវ ស៊ុន​លី បាន​ឆ្លើយតប​ថា បើ​ម៉ា​យ​ក្រូ​ហ្វូន​ខូច​គិត​លុយ​ទៅ​ក្រោយ​ពេល​ច្រៀង​ហើយ​ឱ្យ​គិត​លុយ​ទាំង​ថ្លៃ​ម៉ោង​ខារ៉ាអូខេ ម្ហូប​ក្លែម និង​ថ្លៃ​ម៉ា​យ​ក្រូ​ហ្វូន​ចំនួន​២ និង​បាន​ដោះ​ក្បាល​អំភ្លី​ភ្ជាប់​ម៉ា​យ​ក្រូ​ហ្វូន​ឲ្យ​គិត​លុយ​សរុប​អស់​ជាង ១​លាន​រៀល (​បានឱ្យ ៣០០​ដុល្លារ​អាប់​លុយ​ឱ្យ​វិញ ៥០​ដុល្លារ​)​។ ក្រោយពេល​ប្រគល់​អំភ្លី និង​ម៉ា​យ​ក្រូ​ហ្វូន​ឱ្យទៅ លោក កែវ ស៊ុន​លី ទទួល​ដាក់​ក្នុង​រថយន្ត​ហើយ​ស្រាប់តែ​ទាញ​ចេញពី​ឡាន​បោក​បំផ្លាញចោល​មុខ​ហាង​តែម្តង​។​

​ប្រពន្ធ​ម្ចាស់​ហាង ហេង គង់ បាន​បញ្ជាក់​ប្រាប់ថា “​ក្រោយ ពេលដែល លោក កែវ ស៊ុន​លី ចេញពី​ហាង​រយៈពេល​ជិត​កន្លះ​ម៉ោង​ស្រាប់តែ​ឃើញ​ជិះ​រថយន្ត​ធុន​បា​ឡែន​ត្រលប់ មកវិញ​ចត​មុខ​ហាង​ចុះ​ពី​រថយន្ត​ឃើញ លោក កែវ ស៊ុន​លី​
​ដោះ​អាវ​ស្លៀក​ខោ​ពណ៌​ទាហាន​ដោយ​ដៃ​មាន​កាន់​កាំភ្លើង AK និង​ស្ពាយ​ទុ​សៀ​គ្រាប់​ពេញ​។​

​លោក កែវ ស៊ុន​លី បានធ្វើ​សកម្មភាព​អា​មេ​កាំភ្លើង AK ឮសូរ​ច្រោក ដោះ​សោ និង​បាន​និយាយ​ខ្លាំងៗ​ថា “​អាញ់​មក​បាញ់​ម្ចាស់ហាង អា​ហេង គង់ និង​មី​ស្រី​បម្រើ​ក្នុង​ខារ៉ាអូខេ​ចោល​បង់លុយ​អោយ​អស់​២០ លាន​រៀល​ត្រូវ​ឆ្នោត​ថ្ងៃមិញ​អស់​ប៉ុន្មាន​លុយ​”​។

​ក្រោយពេល​និយាយ​បណ្តើរ​ជេរ​បន្តិច​បណ្តើរ​គំរាម​បាញ់​ម្ចាស់​ហាង ហេង គង់ និង​អ្នក​បម្រើការ​ក្នុង​ហាង​។ ឃើញ​ដូចនេះ នាំគ្នា​រត់​បាតជើង​ស​ព្រាត​ចូល​ព្រៃ​ក្រោយ​អស់​ហើយ​មាន​អ្នក​ស្គាល់គ្នា​ម្នាក់​អង្គុយ​ផឹកស៊ី​ក្នុង​ហាង​បាន​ចូល​មក​ហាមឃាត់​សុំឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​។​

​បន្តិចក្រោយមក លោក កែវ ស៊ុន​លី បាន​ចេញ​ពី​ហាង​ទៅ​ស្រែកជេរ និង​គំរាម​បាញ់​នៅផ្ទះ​ក្បែរ​ផ្សារ​មង្គល​បូរី​បណ្តាលឱ្យ​អ្នកជិតខាង​ភ័យ​នៅពេល​ដែល​ស្រែកជេរ​គំរាម​បាញ់​ទាំង​ម្ចាស់​ហាង ហេង គង់ និង​ប្រមាទរ​ក​បាញ់​ឪពុកម្តាយ​ម្ចាស់​ហាង​ថែមទៀត​ផង​។​

​ប្រពន្ធ​ម្ចាស់​ហាង ហេង គង់ បាន​បញ្ជាក់បន្ថែម​ថា “​ក្រោយ ពេលដែល លោក កែវ ស៊ុន​លី មេបញ្ជាការ​ផ្នែក​សឹក​រង​មង្គល​បូរី បាន​ជេរប្រមាទ​មាក់ងាយមាក់ថោក និង​គំរាម​បាញ់​សម្លាប់​នៅ​មុខ​ហាង​រហូត​ដល់​ផ្ទះ​នោះ​គឺ​បាន​ដាក់​ពាក្យបន្តឹង​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​មង្គល​បូរី រួចរាល់​ហើយ​ដើម្បី​រក​យុត្តិធម៌​ជូន​ពួកគាត់ និង​សូម​ឱ្យ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​”​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ០៨:៣០​នាទី​យប់​ថ្ងៃទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០១៧ នៅ​មុខ​ភោជនីយដ្ឋាន និង​ខារ៉ាអូខេ យីហោ “​ហេង គង់​” ស្ថិតក្នុង​ភូមិ​ជំទាវ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ​។​

 

IMG-20170202-WA0027 IMG-20170202-WA0026 IMG-20170404puthi2