ខេត្តកណ្តាល-ដោយ:ណូ ចាន់ណា
នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ០៩:១០នាទី លោក នីម នីរ៉ាដេត អភិបាលនៃគណៈអភិបាលស្រុកអង្គស្នួល និងលោកវរៈសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុក ព្រមទាំងមានការចូលរួមពីមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរួមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់បានអញ្ជើញចូលរួមដោះស្រាយ និងស្តាប់មតិបងប្អូនប្រជាពលរដ្ឋទាំង ០៦ភូមិ ដែលជា ពុទ្ធបរិស័ទចំណុះជើងវត្តព្រះនាគ ស្ថិតនៅឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។
ចំពោះបញ្ហាព្រះពុទ្ធបដិមាបុរាណ ២អង្គ ដែលប្រជាពុទ្ធបរិស័ទគិតថាជាវត្ថុដ៏តម្លៃធ្វើឡើងពីសំរឹទ្ធ លង់ហិនលាយមាស ដែលពួកគាត់បានគោរពបូជានៅក្នុងវត្ត ព្រះនាគ នេះជាយូរណាស់មកហើយ៕
ព្រះពុទ្ធបដិមាបុរាណ ២អង្គនេះធ្វើឡើងពីសំរឹទ្ធ លង់ហិន លាយមាសមានទម្ងន់ ១៦៥គីឡូក្រាម មានអាយុកាលប្រហែលជាង ១០០ឆ្នាំ ហើយមន្ត្រីជំនាញវត្ថុបុរាណបានសុំយកទៅតម្កល់នៅសារមន្ទីរជាតិ តែបងប្អូនពុទ្ធបរិស័ទចំណុះជើងវត្តមិនឯកភាពដោយពួកគាត់ចង់ថែរក្សាទុកក្នុងវត្តទុកជាទីសក្ការបូជា។
ក្នុងឱកាសនោះផងដែរ ក៏មានការបើកអង្គប្រជុំជាមួយបងប្អូនប្រជាពលរដ្ឋចំណុះជើងវត្តព្រះនាគ។ ជាលទ្ធផលបងប្អូនប្រជាពលរដ្ឋមិនយល់ព្រមឱ្យយកពុទ្ធបដិមា ២អង្គ ទៅតម្កល់កន្លែងផ្សេងនោះទេដោយពួកគាត់សន្យាថានឹងជួយមើលថែរក្សាទាំងអស់គ្នា។
ដោយឡែក មានបងប្អូនប្រជាពលរដ្ឋភាគច្រើនមានការបារម្ភ អំពីសុវត្ថិភាពអង្គបដិមាបុរាណ ២ព្រះអង្គនេះដោយខ្លាចមានជនខិលខូចមកប្លន់ ឬលួចយកទៅបាត់៕