សេចក្តីថ្លែងការណ៍​

សារព័ត៌មាន​ប៉ាកកា​សន្តិភាព សូម​សម្តែង​កតញ្ញុតា និង​ការគាំទ្រ​យ៉ាង​ក្លៀវក្លា​បំផុត ចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ដែល​បាន​ចេញ​លិខិត​ផ្លូវការ​ចុះ​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៧ តម្រូវឱ្យ ឯកឧត្តម ខាំ​ពូន កែវ​មុណី ម្ចាស់​ស្ថានីយ​វិទ្យុ​-​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣ រាជធានី​ភ្នំពេញ បញ្ឈប់​កិច្ចសហការ​ផលិតកម្ម​វិធី​ផ្សាយ​ជាមួយ​ស្ថានីយ​វិទ្យុ ABC កម្ពុជា FM 107.50MHz ក្នុង​ការផលិត​កម្មវិធី​ចម្រុះ​ដើម្បី​ធ្វើ​ការផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣ រាជធានី​ភ្នំពេញ រយៈពេល ៣​ម៉ោង​ក្នុង​មួយថ្ងៃ ចាប់ពី​ម៉ោង ០៦:០០​នាទី ដល់ ម៉ោង​០៩:០០​នាទី​ព្រឹក ជាបន្ទាន់​។​

​សារព័ត៌មាន​ប៉ាកកា​សន្តិភាព យល់ឃើញថា ចំណាត់ការ​ដ៏​ជាក់លាក់ និង​ទាន់​ពេលវេលា​របស់​ក្រសួង​ព័ត៌មាន​គឺជា​រឿង​ត្រឹមត្រូវ​បំផុត ចំពោះ​ស្ថានីយ​វិទ្យុ ABC កម្ពុជា FM 107.50MHz ដែល​ត្រូវបាន​មហាជន​ជាច្រើន​ធ្វើការ​រិះគន់​ទៅ​លើ​ពិធីករ​-​ពិធីការ​នី ក្នុង​កម្មវិធី​ចម្រុះ ABC 3 Spring ដែល​បាន​ប្រព្រឹត្ត​នូវ​អំពើ​មិន​គួរ​គប្បី ដោយ​សម្តែង​កាយវិការ​មិន​សមរម្យ ការប្រើ​ពាក្យ​សំដី​ខ្វះ​សីលធម៌ វិជ្ជាជីវៈ​ជា​អ្នកសារព័ត៌មាន និង​ប្រមាថមើលងាយ​អ្នក​ស្តាប់ ក៏ដូចជា​ទូរទស្សនិកជន ក្នុងពេល​កំពុង​បំពេញ​ភារកិច្ច​របស់​ខ្លួន ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ពិធីករ​-​ពិធីការនី​ផ្សេងទៀត​។​

​សារព័ត៌មាន​ប៉ាកកា​សន្តិភាព សូម​សម្តែង​ការខកចិត្ត​យ៉ាង​ខ្លាំង និង​សោកស្តាយ​ពេកពុន​ចំពោះ​ស្ថានីយ​វិទ្យុ ABC កម្ពុជា FM 107.50MHz ដែល​ធ្វើឱ្យ​មហាជន​ថ្នាំងថ្នាក់ និង​បាត់បង់​ប្រជាប្រិយភាព​ចំពោះ​ការគាំទ្រ និង​ថ្មីៗ​នេះ​បាន​មាក់ងាយ​ក្រសួង​ព័ត៌មាន​ដែល​ប្រៀបបាន​ជា​ម្តាយ​ឪពុក​។ ព្រមទាំង​ប្រើប្រាស់​សំដី​អសុចិចរិត​ចំពោះ​ស្ថាប័ន​រដ្ឋ និង​ថ្នាក់ដឹកនាំ​ស្ថាប័ន​មួយចំនួន​ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​នា​ពេល​កន្លង​មក​យ៉ាង​គឃ្លើន​ដូច្នេះ​។​

​សារព័ត៌មាន​ប៉ាកកា​សន្តិភាព សូម​សំណូមពរ និង​អំពាវនាវ​យ៉ាងទទូច​ចំពោះ​អ្នកសារព័ត៌មាន បុគ្គលិក​ក្នុង​ស្ថាប័ន និង​អង្គភាព​នានា​ដែល​ធ្វើ​ការងារ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់​ប្រភេទ​រួមមានៈ ស្ថានីយទូរទស្សន៍ កាសែត វិទ្យុ ទស្សនា​វ​ដ្តី គេហទំព័រ សូម​ផ្សាយ​ព័ត៌មាន​ពិត ឥត​លំអៀង មាន​តុល្យភាព និង​ក្រមសីលធម៌​ខ្ពស់​។ សូម​ម្ចាស់​ស្ថាប័ន និង​អង្គភាព​នៃ​បណ្តា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់​ធ្វើ​ការបណ្តុះបណ្តាល​ជា​ប្រចាំ​ចំពោះ​វិជ្ជាជីវៈ​សារព័ត៌មាន និង​ក្រមសីលធម៌​បន្ថែមទៀត ជាមួយនឹង​សហសេវិក និង​ពិធីករ​-​ពិធីការនី​ក្នុង​យន្តការ​អភិរក្ស និង​លើកស្ទួយ​វិស័យ​សារព័ត៌មាន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យបាន​ផូរផង់​ជានិច្ច​និរន្តរ​។​

​ថ្ងៃ​សុក្រ ១៥​រោជ ខែ​មាឃ ឆ្នាំ​វក អដ្ឋស័ក ព​.​ស ២៥៦០
​ធ្វើ​នៅ រាជធានី​ភ្នំពេញ ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០១៧

 

ppn_statement1