ខេត្តសៀមរាប-ដោយ:សុភ័ក្ត្រ
គ្រឹះស្ថានអង្គរបានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការស្តី អំពីមូលដ្ឋាន ៧ ចំណុចក្នុងការដំឡើងថ្លៃបណ្ណចូលទស្សនាតំបន់អង្គរ។ ការអនុវត្តដំឡើងថ្លៃលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ គឺចាប់ផ្តើមអនុវត្តន៍ចាប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ តទៅ ដែលតម្លៃត្រូវបានបែងចែកជា ៣ប្រភេទគឺ៖
១-ប្រភេទបណ្ណចូលទស្សនា ១ថ្ងៃ មានតម្លៃ ៣៧ដុល្លារ
២-ប្រភេទបណ្ណចូលទស្សនា ៣ថ្ងៃ មានតម្លៃ ៦២ដុល្លារ និងមានសុពលភាពរយៈពេល ១០ថ្ងៃ។
៣-ប្រភេទបណ្ណចូលទស្សនា ៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ និងមានសុពលភាពរយៈពេល ០១ខែ។
នៅក្នុងតម្លៃថ្មីបណ្ណចូលទស្សនាទាំង ៣ប្រភេទខាងលើនេះ ត្រូវដកចំនួន ២ដុល្លារ សម្រាប់ចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយក្នុងការព្យាបាលជំងឺ ដល់កុមារក្រីក្រកម្ពុជា ដែលនេះគឺជាការចូលរួមចំណែក ដោយផ្ទាល់ពីភ្ញៀវទេសចរបរទេសក្នុងការចូលរួមជួយព្យាបាលជំងឺដល់កុមារក្រីក្រកម្ពុជាផងដែរ។
គួរបញ្ជាក់ដែរថា នៅ២០១៦ គ្រឹះស្ថានអង្គរបានលក់បណ្ណ ចូលទស្សនាតំបន់អង្គរ ទៅឲ្យភ្ញៀវទេសចរបរទេសចំនួន ២.១៩៧.២៥៤នាក់ កើនឡើង ៤,៦៣ភាគរយ ប្រមូលចំណូលបានចំនួន ៦២.៥៨២.២០០ដុល្លារអាមេរិក កើនឡើង ៤,២១ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៥។
មុនថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានកំណត់ជា ៣ប្រភេទគឺ៖
១-បណ្ណតម្លៃ ២០ដុល្លារ ចូលទស្សនា មានរយៈពេល ១ថ្ងៃ
២-បណ្ណតម្លៃ ៤០ដុល្លារ មានរយៈពេល ១សប្តាហ៍ ចូលទស្សនាបាន ៣ដង។
៣-បណ្ណតម្លៃ ៦០ដុល្លារ មានរយៈពេល ១ខែ ចូលទស្សនា បាន ៧ដង។
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានផ្លូវការទាំងភាសាខ្មែរ និងអង់គ្លេស៖