​រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែត ចេញ​សេចក្តីណែនាំ ស្តីពី​ការរៀបចំ​សោភណភាព អនាម័យ​បរិស្ថាន និង​សណ្តាប់ធ្នាប់​សាធារណៈ​ទូទាំង​ក្រុង​ប៉ោយប៉ែត​

រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែត សង្កេតឃើញថា​មាន​បងប្អូន​ជា​ម្ចាស់​ក្រុមហ៊ុន សហគ្រាស អាជីវករ ពាណិជ្ជករ និង​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​អាជ្ញាធរ​ក្រុង សង្កាត់ ភូមិ ក្នុង​ការរៀបចំ​សោភណភាព អនាម័យ​បរិស្ថាន និង​សណ្តាប់ធ្នាប់​សាធារណៈ​បាន​យ៉ាង​ល្អប្រសើរ​គួរ​ជាទី​មោទនៈ​។​

​ក្នុង​នាម​រដ្ឋបាល​ក្រុង សូម​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​ទាំងអស់​ដែល​បាន​ចូលរួម​លើ​ការងារ​នេះ ដើម្បី​ជា​ការចូលរួម​កែលម្អ​សោភណភាព អនាម័យ​បរិស្ថាន និង​រៀបចំ​សណ្តាប់ធ្នាប់​ឱ្យបាន​ល្អ​ប្រសើរ​ថែម​ទៀត រដ្ឋបាល​ក្រុង សូម​ធ្វើ​ការណែនាំ​ស្តីពី​ការ រៀបចំ​សោភណភាព អនាម័យ បរិស្ថាន និង​ការប្រើប្រាស់​ចិញ្ចើមផ្លូវ​សាធារណៈ​ដល់​ម្ចាស់​ក្រុមហ៊ុន សហគ្រាស អាជីវកម្ម ពាណិជ្ជកម្ម និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដូចខាងក្រោម​៖
១. ហាម​ចត​យានយន្ត​គ្រប់​ប្រភេទ​លើ​ផ្លូវថ្មើ​ជើង​តាម​បណ្តោយ​សងខា​ង​ផ្លូវជាតិលេខ​៥
២. ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ត្រូវ​រក​ទីកន្លែង​ចំណត​រថយន្ត​របស់​ខ្លួន​ឱ្យបាន​ត្រឹមត្រូវ មិន​អនុញ្ញាត​ឱ្យ​ចត​លើ​ផ្លូវ​សាធារណៈ​
៣. ហាម​សាងសង់​សំយាប រោង​តូច គ្រប់​ប្រភេទ​មក​លើ​ផ្លូវ​សាធារណៈ ការសាងសង់​ត្រូវ​ដក​ចំណីផ្លូវ ចាប់ពី ២​ម៉ែត្រ ទៅ ៤ ម៉ែត្រ ពី​ចិញ្ចើមផ្លូវ និង​ការសាងសង់​សំណង់​រឹង (​លំនៅដ្ឋាន ឃ្លាំង ឬ​របង​) ត្រូវ​មក​សុំ​ច្បាប់ តាមរយៈ​ការិយាល័យ​ច្រកចេញចូល​តែ​ក្រុង​ជា​មុន​សិន​
៤. ហាម​ដាក់តាំង​ទំនិញ​លក់ដូរ​គ្រប់​ប្រភេទ​លើ​ផ្លូវ ឬ​ចិញ្ចើមផ្លូវ​សាធារណៈ
៥. ម្ចាស់​អចលនទ្រព្យ (​ដី​) នៅតាម​ដងផ្លូវ​ជាតិ ឬ​ទីប្រជុំជន​ក្នុង​ក្រុង ត្រូវ​ធ្វើ​របង​ហ៊ុមព័ទ្ធ និង​ដាក់​ស្លាក​ហាម​មិន​ឱ្យ​ចោល​សំរាម​លើ​ដី​របស់​ខ្លួន​
៦. ត្រូវ​ជួយ​សម្អាត​អនាម័យ​បរិស្ថាន​នៅមុខ​ផ្ទះ ឬ​ជុំវិញ​ផ្ទះ​រៀងៗ​ខ្លួន​ជា​ប្រចាំ នឹង​ត្រូវ​រៀបចំ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​ក្នុង​ធុងសំរាម ជា​ពិសេស​ត្រូវ​វេច​ខ្ចប់​ទុក​ដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ និង​ត្រូវ​ភ្ជាប់​សេវា​សំរាម​ជាមួយ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​សំរាម និង​ហាម​ដុត ឬ​ចោល​សំរាម​លើ​ផ្លូវ​សាធារណៈ ឬ​ដី​ទំនេរ​
៧. ម្ចាស់​អចលនទ្រព្យ (​ដី​) នៅ​អម​សងខាង​ផ្លូវ​ជាតិ និង​ទីប្រជុំជន​ត្រូវ​កាប់ឆ្ការ​ព្រៃ​លើ​ដី​របស់​ខ្លួន​ជា​ប្រចាំ យ៉ាងតិច ៣​ខែម្តង​
៨. ហាម​រថយន្ត​ដឹក​ខ្សាច់​ថ្ម​ធុន​ធ្ងន់ រថយន្ត​ក្រឡុក​ស៊ីម៉ងត៍ និង​រថយន្ត​ដឹក​ដី​បើកបរ​ទីប្រជុំជន​ក្នុង​ក្រុង​ពេល​រដូវ​ភ្លៀង​ធ្លាក់ ឬ​ដី​សើ​ម​
៩. ត្រូវ​ផ្តល់​ព័ត៌មាន​មក​សមត្ថ​កិច្ច ដើម្បី​ជួយ​អន្តរាគមន៍ ឱ្យបាន​ទាន់​ពេលវេលា​ចំពោះ​ករណី​ឃើញ​មាន​ចោរឆក់ ប្លន់ គ្រឿងញៀន អំពើហិង្សា អគ្គិភ័យ សកម្មភាព​ផ្សេងៗ​ទៀត​ដែល​ជា​អំពើ​អសន្តិសុខ​សង្គម​។​

​ចំពោះ​ម្ចាស់​ក្រុមហ៊ុន សហគ្រាស អាជីវកម្ម ពាណិជ្ជកម្ម និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងឡាយ​ណា មិន​ចូលរួម​អនុវត្ត​តាម​ខ្លឹមសារ​នៃ​សេចក្តីណែនាំ​នេះ រដ្ឋបាល​ក្រុង​នឹង​ចាត់​ក្រុមការងារ​ចុះ​ពិនិត្យ មាន​វិធានការ​រួម​មាន​៖ បិទ​អាជីវកម្ម ផ្អាក​ការដ្ឋាន ដកហូត​សម្ភារៈ រុះរើ​សំណង់ … ក្នុង​ករណី​ចាំបាច់​ត្រូវ​ចាត់វិធានការ​ច្បាប់​ជា​ធរមាន​៕/