រាជធានីភ្នំពេញ៖ នៅរសៀល ថ្ងៃអង្គារ ៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ទទួលជួបនិងពិភាក្សាការងារជាមួយនឹងប្រតិភូស្ថានទូតព្រះរាជាណាចក្រថៃឡង់ដ៏ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្ដម Cherdkiat Atthakor ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃឡង់ដ៏ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យលទ្ធភាពនៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យសភាកម្ពុជា និងរាជបណ្ឌិតសភាថៃ ព្រមទាំងសាកលវិទ្យាល័យនានា នៃព្រះរាជាណាចក្រថៃឡង់ដ៏។
ជាលទ្ធផល ភាគីទាំងពីរបានឯកភាពគ្នានៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការទៅលើ៖
– ការធ្វើកិច្ចសហប្រតិបត្តិការរៀបចំវចនានុក្រម ភាសាខ្មែរ-ថៃ
– ការបណ្ដុះបណ្ដាលភាសាថៃនៅកម្ពុជា និងការបណ្ដុះបណ្ដាលភាសាខ្មែរនៅប្រទេសថៃ
– និងពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច នយោបាយ វប្បធម៌ ប្រវត្តិសាស្ត្រ និងវិស័យដទៃផ្សេងៗទៀត៕/