​ការបង្ការ​បញ្ហា​សុខភាព​បណ្តាលមកពី​ការពុល​ដោយ​បរិភោគ​ត្រី​ក្រ​ពត

រាជធានី​ភ្នំពេញ​៖ ក្រសួង​សុខាភិបាល សូម​ជម្រាប​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យបាន​ជ្រាបថា នៅ​ខេត្ត​កំពង់ឆ្នាំង​មាន ករណី​ពុល​ចំនួន ៧​នាក់ បន្ទាប់​ពី​បរិភោគ​ត្រី​ក្រពត ដោយ​មាន​អាការៈ​ធ្ងន់ធ្ងរ ដែល​ទាមទារ​ឱ្យមាន​ការជួយ សង្គ្រោះបន្ទាន់​ពី​មន្ទីរពេទ្យ​។ ដោយ​មាន​ការយកចិត្ត​ទុកដាក់​ព្យាបាល​ពី​សំណាក់​ក្រុម​គ្រូពេទ្យ បច្ចុប្បន្ន​អ្នក ជំងឺ​មាន​សភាព​ធូរស្រាល​ច្រើន​ហើយ​។

​ជាមួយគ្នានេះ ក្រសួង​សុខាភិបាល​សូម​ក្រើនរម្លឹក ដើម្បី​ចៀសវាង​បាន​នូវ​ការពុល​ត្រី​ក្រ​ពត បង្ក​ជា​បញ្ហា​សុខភាព​ដែល​អាច​ធ្វើឱ្យ​បាត់បង់​ជីវិត សូម​បងប្អូន​ប្រជាពលរដ្ឋ កុំ​បរិភោគ​ត្រី​ក្រពត​ដែល​មាន​ជាតិពុល ពី​ព្រោះ​ជាតិពុល​នៅក្នុង​ខ្លួន​ត្រី អាច​បណ្តាលឱ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ ឬ​ស្លាប់​។ ជាតិពុល​នៅក្នុង​ខ្លួន​ត្រី​ក្រពត​មិនអាច​កំចាត់​ចោល​បានទេ ទោះបីជា​បាន​ចម្អិន ឬ​ដាក់​ឱ្យ​កក​ក៏ដោយ​។ នេះ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ចុះ​ថ្ងៃ​សៅរ៍ ១​កើត ខែ​អាសាឍ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២៤ ស្តីពី ការបង្ការ​បញ្ហា​សុខភាព​បណ្តាលមកពី​ការពុល​ដោយ​បរិភោគ​ត្រី​ក្រ​ពត​។

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បានឱ្យដឹង​ទៀត​ថា នៅក្នុង​ប្រទេស​កម្ពុជា មាន​ត្រី​ក្រពត​ចំនួន ៩​ប្រភេទ ក្នុងនោះ​មាន ៥​ប្រភេទ មាន​ជាតិពុល​។ តាម​ការស្រាវជ្រាវ​បាន​រកឃើញថា ត្រី​ក្រពត​ដែល​មាន​ជាតិពុល (​មាន​ភិនភាគ​ដូច​ក្នុង​រូបភាព​ភ្ជាប់​ជូន​ខាងក្រោម​) រួមមាន​៖
១. ត្រី​ក្រពត​ភ្នែក​ក្រហម (Carinotetraodon Lorteti ឬ Redeye Puffer) មាន​ទំហំ​អតិបរមា ៦​ស​.​ម
២. ត្រី​ក្រពត​អុច​ធំ (Tetraodon Biocellatus ឬ Eyespot Pufferfish) មាន​ទំហំ​អតិបរមា ៨​ស​.​ម​
៣. ត្រី​ក្រពត​កូសាំងស៊ីន (Monotrete Cochinchinensis) មាន​ទំហំ​អតិបរមា ១៣,៥​ស​.​ម​
៤. ត្រី​ក្រពត​អុច​បៃតង (Tetraodon Nigroviridis ឬ Spotted Green Pufferfish) មាន​ទំហំ​អតិបរមា ១៧​ស​.​ម​.
៥. ត្រី​ក្រពត​ហ្គូ​វៀ​ធីលី​ស (Tetraodon Fluviatilis) មាន​ទំហំ​អតិបរមា ១៧​ស​.​ម​។

​ត្រី​ក្រពត​ទាំងនេះ មាន​ជាតិពុល​ខ្ពស់ នឹង​អាច​បណ្តាលឱ្យមាន​ជំងឺ​ធ្ងន់ធ្ងរ និង​ស្លាប់​បាន​។ នៅពេល​យើង​បរិភោគ​ត្រី​ទាំងនេះ ជាតិពុល​បាន​ជ្រាប​ទៅ​ប៉ះពាល់​ប្រព័ន្ធ​សរសៃប្រសាទ​កណ្តាល និង​អាច​បណ្តាលឱ្យ​ស្លាប់​។ ម្យ៉ាងទៀត ត្រី​ក្រពត​ទាំង ៥​ប្រភេទ​ខាងលើ​នេះ មាន​ជាតិពុល​ខ្ពស់​បំផុត​នៅ​រដូវ​ពង​កូន​បន្ត​ពូជ ដែល​ជា​ធម្មតា​កើតឡើង​នៅក្នុង​ខែ​កុម្ភៈ ខែ​មីនា និង​ចន្លោះ​ខែកក្កដា ទៅ​ខែកញ្ញា​។ ចំពោះ​ជាតិពុល​នៅក្នុង​ខ្លួន​ត្រី ក៏​មាន​កម្រិត​ខុសគ្នា​ដែរ គឺ ពង​និង​ស្តែម​របស់​វា​មាន​ជាតិពុល​ខ្ពស់​ជាងគេ បន្ទាប់មក គឺ​ថ្លើម ពោះវៀន ស្បែក និង​សាច់​។

​រោគសញ្ញា កើត​ក្រោយ​ពី​បរិភោគ​ត្រី​បែប​នេះ​រយៈពេល ២០​នាទី ទៅ​២​ម៉ោង មានដូចជា រមាស់​ចាក់ៗ​នៅ​បបូរមាត់ និង​មាត់ បន្ទាប់មក​មាន​អា​ការៈឈឺ​ក្បាល វិលមុខ រមាស់​ចាក់ៗ​នៅក្នុង​អវៈយវៈ មាន​ការពិបាក និយាយ បាត់​លំនឹង​ដងខ្លួន ខ្សោយ​សាច់ដុំ ខ្វិន ស្លឹក​ចុងដៃចុងជើង ក្អួត រា​ក ល្អិត​ល្ហែ រឹង​ថ្គាម ឬ​អាច​បណ្តាលឱ្យ​ស្លាប់​។ នៅក្នុង​ករណី​ដែល​ពុល​ខ្លាំង ការស្លាប់​អាច​បណ្តាលមកពី​វិបត្តិ​ផ្លូវដង្ហើម​។ វិធី​សង្គ្រោះ​ភ្លាមៗ ក្រោយ​ពី​ពុល អាចធ្វើ​បាន​តាមរយៈ​ធ្វើឱ្យ​ក្អួត (​ប្រសិនបើ​អាច​ធ្វើទៅបាន​) ដែល​អាច​ជួយ​បញ្ចេញ​ជាតិពុល​ពី​ក្នុង​ខ្លួន​បាន​មួយចំណែក ហើយ​អ្នកពុល​នោះ​ត្រូវ​ប្រញាប់​ស្វែងរក​ការជួយ​សង្គ្រោះ​បន្ទាន់​នៅតាម​មូលដ្ឋាន​សុខាភិបាល​ដែល​នៅ​ជិត​លោកអ្នក​បំផុត ដោយ​ស្ថានភាព​អ្នកពុល​តម្រូវឱ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមដាន​ពី​គ្រូពេទ្យ​ជា​ចាំបាច់​៕/​