រាជធានីភ្នំពេញ៖ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងគូសបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានចាត់ទុកជាសមិទ្ធផលដ៏ធំស្កឹមស្កៃ និងជាសំណង់ប្រវត្តិសាស្ត្រមួយរបស់កម្ពុជា ក្នុងយុគសម័យទំនើប។ ក្នុងន័យនេះ យើងទាំងអស់គ្នាត្រូវចូលរួមខិតខំថែរក្សាមរតកជាតិនេះឱ្យបាបានល្អ និងគង់វង្សយូរអង្វែង ព្រមទាំងគប្បីប្រើប្រាស់ពហុកីឡដ្ឋាននេះ និងពហុកីឡដ្ឋានជាតិអូឡាំពិក ឱ្យមាមានប្រសិទ្ធភាពខ្ពស់ ដើម្បីកៀរគរចំណូលឱ្យបានជាអតិបរមា សំដៅកាត់បន្ថយបន្ទុកចំណាយថវិការដ្ឋ ស្របតាមអភិក្រម “ពហុកីឡដ្ឋានជាតិ ចិញ្ចឹមពហុកីឡដ្ឋានជាតិ”។ នេះគឺជាមូលហេតុចម្បង ដែលរាជរដ្ឋាភិបាលបានសម្រេចបង្កើតពហុកីឡដ្ឋានជាតិ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល។
ការថ្លែងគូសបញ្ជាក់បែបនេះ របស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើឡើងក្នុងពិធីប្រកាសសុពលភាព និងការចូលកាន់តំណែងរបស់ក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិ នៃពហុកីឡដ្ឋានជាតិ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ។
ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា ចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានសម្រេចបង្កើតពហុកីឡដ្ឋានជាតិ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល តាមរយៈអនុក្រឹត្យ លេខ ៣៩ អនក្រ.បក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាអាណាព្យាបាលបច្ចេកទេស និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអាណាព្យាបាលហិរញ្ញវត្ថុ ក្នុងគោលបំណងគ្រប់គ្រង ថែទាំ ជួសជុល និងប្រើប្រាស់ពហុកីឡដ្ឋានជាតិ ដែលជាទ្រព្យសម្បត្តិដ៏សម្បើមរបស់រដ្ឋឱ្យបានគង់វង្សយូរអង្វែង ដើម្បីទុកជាមរតកដ៏ថ្លៃថ្លាសម្រាប់ជាតិ និងប្រជាជនកម្ពុជា ជំនាន់ក្រោយទៀត។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា ការបង្កើតគ្រឹះស្ថានពហុកីឡដ្ឋានជាតិឡើង ក៏នឹងផ្តល់លទ្ធភាពឱ្យអង្គភាពរដ្ឋមួយនេះ អាចមានស្វ័យភាពថវិកា និងអាចធ្វើសកម្មភាពកៀរគរចំណូលឱ្យអស់សក្តានុពលពីការប្រើប្រាស់ពហុកីឡដ្ឋានជាតិ សំដៅកាត់បន្ថយបន្ទុកចំណាយថវិការដ្ឋជាបណ្តើរៗ និងអាចក្រសោបយកកាលានុវត្តភាពនៃការពង្រីកប្រភពចំណូលពាក់ព័ន្ធផ្សេងៗ ដើម្បីធានានិរន្តរភាពនៃថវិកា សម្រាប់ទ្រទ្រង់ដល់កិច្ចដំណើរការនៃការពង្រីកហេដ្ឋារចនាសម្ព័ន្ធគាំទ្រចាំបាច់មួយចំនួន ក៏ដូចជា សម្រាប់អភិវឌ្ឍវិស័យកីឡានៅកម្ពុជាឱ្យកាន់តែមានការរីកចម្រើនឈានឡើងជាលំដាប់បន្ថែមទៀត។
ដោយឡែក ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលត្រូវបានតែងតាំងជាអនុប្រធានក្រុមប្រឹក្សាភិបាល នៃពហុកីឡដ្ឋានជាតិ សម្រាប់អាណត្តិទី១ មានរយៈពេល ៣ឆ្នាំ បានបញ្ជាក់ដែរថា ការបង្កើតពហុកីឡដ្ឋានជាតិ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលនេះ គឺជាការបង្កើតការគ្រប់គ្រងមួយ ដែលជាបណ្តុំសហការគ្នា ដើម្បីអភិវឌ្ឍន៍បន្តទៅរកភាពរីកចម្រើនកាន់តែខ្លាំងនាពេលខាងមុខ។ ហើយអ្វីជាអនុសាសន៍សំខាន់ៗ ៧ចំណុច ដែលផ្តល់ដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនោះ យើងទាំងអស់គ្នា ដែលជាក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិ នៃពហុកីឡដ្ឋានជាតិ នឹងអនុវត្តរួមគ្នា ធ្វើយ៉ាងណាអភិវឌ្ឍន៍ប្រែក្លាយកីឡដ្ឋានមតេជោ ឱ្យមានសោភណភាពទាក់ទាញ។
សមាភាពក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិនៃពហុកីឡដ្ឋានជាតិ ដែលបានប្រកាសតែងតាំងសម្រាប់អាណត្តិទី១ រយៈពេល ៣ឆ្នាំ មាន ៨រូប រួមមាន៖ ឯកឧត្តមបណ្ឌិត ឈន សុភាព ប្រធានក្រុមប្រឹក្សាភិបាល, ឯកឧត្តម វ៉ាត់ ចំរើន អនុប្រធាន, ឯកឧត្តម ជា បូរ៉ា អនុប្រធាន, ឯកឧត្តម វ៉ាហេង ដាវុធ សមាជិក, ឯកឧត្តម ហាប់ ទូច សមាជិក, ឯកឧត្តម សេង តុលា សមាជិក-ជានាយកប្រតិបត្តិពហុកីឡដ្ឋានជាតិ, ឯកឧត្តម គឹម កែវមុន្នីរ័ត្ន សមាជិក និងឯកឧត្តម កើត ឆែ ជាសមាជិក។
ពហុកីឡដ្ឋានជាតិមរតកតេជោ មានទីតាំងចន្លោះទន្លេសាប និងទន្លេមេគង្គក្នុងតំបន់អភិវឌ្ឍន៍ លី យ៉ុងផាត់ ស្ថិតនៅក្នុងភូមិតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានចម្ងាយ ១២គីឡូម៉ែត្រ ពីចំណុចកណ្តាលនៃរាជធានីភ្នំពេញ សាងសង់លើផ្ទៃដីទំហំ ៥៥ហិកតា និង៣៥០អា។ ចាប់ផ្តើមសាងសង់ពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ និងបញ្ចប់ការសាងសង់នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ ដែលប្រើប្រាស់ថវិកាសរុប ១.១កោដិយ័ន ត្រូវនឹងប្រមាណ ១៥០លានដុល្លារអាមេរិក ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន៕/
– ផ្សាយដោយ៖ កន ចំណាន,
– ប្រភព៖ olympiccambodia.com