រាជធានីភ្នំពេញ៖ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញសេចក្តីជូនដំណឹង ស្តីពី ការផ្ទុះឡើងដង្កូវហ្វូងបំផ្លាញលើដំណាំ។ យោងសេចក្តីជូនដំណឹង លេខ ០៦៣ អ.ន.ក ចុះថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ដង្កូវហ្វូងត្រូវបានចាត់ទុកជាសត្វល្អិតចង្រៃចម្បងនៅអាស៊ី។ នៅប្រទេសកម្ពុជាយើង ជារៀងរាល់ឆ្នាំមានដំណាំជាច្រើនមុខដូចជា៖ ស្រូវ សណ្តែក ដំឡូងមី ពោត ជាដើម តែងរងនូវការបំផ្លាញដោយដង្កូវហ្វូងនេះ។ ដោយឡែកនៅឆ្នាំ២០២៤នេះ លក្ខខណ្ឌធម្មជាតិនៅប្រទេសយើងប្រែប្រួល រាំងស្ងួត ក្តៅខ្លាំង បានអូសបន្លាយយូរ អាចបង្កឱ្យមានភាពសមស្របដល់ការកកើត និងរាលដាលនៃពួកដង្កូវហ្វូង នេះយ៉ាងឆាប់រហ័សក្រោយពីមានភ្លៀងធ្លាក់ដើមរដូវមក។
ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរាតត្បាត និងការបំផ្លាញផលដំណាំពីដង្កូវហ្វូង ព្រមទាំងធានាបាននូវនិរន្តរភាពនៃផលិតកម្មដំណាំ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវដល់បងប្អូនកសិករ អាជ្ញាធរដែនដី និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រប់រាជធានី ខេត្ត សូមមេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នការពារផលដំណាំរបស់បងប្អូនឱ្យបានល្អដោយចុះពិនិត្យស្រែ ចម្ការជាប្រចាំ ហើយក្នុងករណីពិនិត្យឃើញថា មានវត្តមានដង្កូវហ្វូង ត្រូវអនុវត្តនូវបណ្តាវិធីសាស្ត្រ ដូចខាងក្រោម៖
+ វិធីសាស្ត្រទី១៖ ប្រើអន្ទាក់ជូរអែមនៅពេលយប់ដើម្បីកម្ចាត់មេអំបៅដង្កូវហ្វូង
ក. វិធីធ្វើអន្ទាក់ជូរអែម៖ ដាក់ទឹក ១ភាគ ស្រាស ១ភាគ ស្ករ ៤ភាគ ទឹកខ្មេះ ៤ភាគ ហើយលាយបញ្ចូលគ្នាឱ្យសព្វ រួចលាយថ្នាំកសិកម្ម (Fipronil) ២ម.ល ក្នុងសុលុយស្យុងលាយបញ្ចូលគ្នាចំណុះ ១លីត្រ។
ខ. របៀបប្រើ៖ យកសូលុយស្យុងខាងលើដាក់ក្នុងចានជ័រស្តើង ឬជ្រលក់នឹងសំឡីជក់ទឹក បន្ទាប់មកយកចងព្យួរតាមចម្ការនៅពេលយប់ហើយដាក់ឱ្យខ្ពស់ផុតពីដី និងការពារប៉ះពាល់ដល់សត្វចិញ្ចឹមផ្សេងៗ។ ក្លិននៃអន្ទាក់ជូរអែមនេះ អាចទាក់ទាញមេអំបៅមកជញ្ជក់បន្ទាប់មកវាងាប់។
+ វិធីសាស្ត្រទី២៖ កម្ចាត់ដង្កូវ
◇ ចម្ការ ឬស្រែដែលគ្មានទឹក
– ជីកចង្អូរនៅតាមព្រំចម្ការ ឬស្រែដែលជាប់ជាមួយព្រៃ ឬមានស្មៅចង្រៃដុះច្រើននៅតាមព្រំ ដែលចង្អូរមានមុខលើទំហំ ៣០ស.ម ជម្រៅ ២០ស.ម រួចរាយផេះពីលើ ឬនៅពេលដង្កូវចូលច្រើនអាចបាញ់ថ្នាំសម្លាប់សត្វល្អិតតាមចង្អូរនេះក៏បាន។
– ប្រើមែកឈើស្រស់ ស្លឹកចេក ឬវត្ថុធាតុដទៃដែលអាចធ្វើជាម្លប់ យកទៅរាយក្នុងចម្ការ ឬស្រែ ដោយដាក់គម្លាតពីមួយទៅមួយប្រមាណពី៤ ទៅ ៥ម៉ែត្រចាប់ពីម៉ោង ៧: ៣០នាទីព្រឹក រហូតដល់ម៉ោង ៣ល្ងាច។ ក្នុងករណីមេឃស្រឡះ មានថ្ងៃក្តៅខ្លាំងត្រូវចុះប្រមូលដង្កូវរៀងរាល់ ២-៣ម៉ោង ដើម្បីកម្ទេចចោល។
◇ ចំពោះស្រែដែលមានទឹក ឬនៅជិតប្រភពទឹក ត្រូវបញ្ចូលទឹកឱ្យលិចចុងស្រូវ រួចប្រើស្បៃមុងអូសប្រមូលដង្កូវយកទៅកម្ទេចចោល។
– ករណីមានប្រជាករដង្កូវហ្វូងនៅជុំវិញចម្ការ ឬស្រែ ត្រូវសម្អាតស្មៅចង្រៃ ប្រមូលកម្ទេចកម្ទីដែលជាជម្រក និងជាប្រភពដង្កូវហ្វូងលាក់ខ្លួនយកទៅដុតកម្ទេចចោល
+ វិធីសាស្ត្រទី៣៖ ក្នុងករណីបណ្តាវិធានការខាងលើពុំអាចទប់ទល់បាន យើងត្រូវបាញ់ថ្នាំសម្លាប់សត្វល្អិតមួយចំនួនដូចជា៖
◇ Thuricide ឬ Dipel ក្នុងកម្រិតប្រើ ១គីឡូក្រាម លាយទឹក ៣០០-៤០០លីត្រ សម្រាប់ប្រើលើផ្ទៃដី ១ហិកតា
◇ ថ្នាំសម្លាប់សត្វល្អិតក្នុងក្រុម Pyrethroid ដូចជា Cypermethrin ឬ Deltamethrin ក្នុងកម្រិត ប្រើ ១លីត្រ លាយទឹក ៣០០-៤០០លីត្រ សម្រាប់ប្រើលើផ្ទៃដី ១ហិកតា
◇ ថ្នាំសម្លាប់សត្វល្អិតក្នុងក្រុម Carbamate ដូចជា Carbaryl ក្នុងកម្រិតប្រើដូចខាងលើ។
ទទួលបានសេចក្តីជូនដំណឹងនេះ សូមបងប្អូនប្រជាកសិករ អាជ្ញាធរដែនដី ពិសេសមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្ត មេត្តាសហការតាមដានត្រួតពិនិត្យស្ថានភាពជាប្រចាំ ហើយក្នុងករណីសង្កេតឃើញមានវត្តមានដង្កូវហ្វូង ត្រូវចាត់វិធានការជាបន្ទាន់ប្រកបដោយប្រសិទ្ធភាពខ្ពស់៕