​មួយ​ភាគ​បី​នៃ​មនុស្ស​លើ​ផែនដី បញ្ចេញ​កម្លាំងកាយ​មិន​គ្រប់គ្រាន់​សម្រាប់​សុខភាព​

​ការសិក្សា​ពិភពលោក​ដ៏​ធំ​ជាងគេ​បំផុត ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ ទី​២៦ ខែមិថុនា ឆ្នាំ​២០២៤ បាន​បង្ហាញឱ្យឃើញថា មនុស្ស​ធំ​ពេញវ័យ​រស់​លើ​ភពផែនដី ចំនួន​ជិត​មួយ​ភាគ​បី មិន​បញ្ចេញ​សកម្មភាព​កាយសម្បទា​គ្រប់គ្រាន់​សម្រាប់​សុខភាព​ទេ​។ កង្វះ​សកម្មភាព មិន​ធ្វើ​ចលនា​គ្រប់គ្រាន់ ជា​ប្រភព​នាំ​ឱ្យ​ខូចសុខភាព​ផ្លូវកា​យ​និង​ផ្លូវចិត្ត​។ នេះ​បើ​តាម​អ្នកជំនាញ​អង្គការ​សុខភាព​ពិភពលោក​ដែល​ចាត់ទុក​កំណើន​នៃ​ភាព​អសកម្ម​របស់​មនុស្ស​ថា​ជា​សញ្ញា​អាសន្ន​។

​យោង​តាម​លទ្ធផល​នៃ​ការសិក្សា​ពិភពលោក​ដ៏​ធំ​បំផុត​របស់​ក្រុម​អ្នកជំនាញ​សុខភាព នៅ​ឆ្នាំ​២០២២ បាន​បង្ហាញឱ្យឃើញថា មនុស្ស​ធំ​ពេញវ័យ​នៅ​លើ​ផែនដី​ចំនួន ៣១,៣​ភាគរយ (31.3%) ឬក៏​ត្រូវ​ជា ១,៨០០​លាន​នាក់ មិន​បាន​ហាត់ប្រាណ​ធ្វើ​ចលនា​បញ្ចេញ​សកម្មភាព​រាងកាយ​ស្របតាម​អនុសាសន៍​របស់​អង្គការ​សុខភាព​ពិភពលោក​ដើម្បី​ថែរក្សា​សុខភាព​ទេ​។

​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ​ប្រកាន់យក​ភាពស្រណុកសុខស្រួល​កាន់តែ​ច្រើនឡើងៗ​ជា​ទូទៅ​នៅ​ទូទាំង​ពិភពលោក​។ កំណើន​នៃ​ភាព​អសកម្ម​បាន​កើនឡើង ៥​ភាគរយ (5%) នៅ​ឆ្នាំ​២០២២ បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០១០ ទាំងនេះ​ក៏​ដោយសារ​តែ​មូលហេតុ​ច្រើនយ៉ាង ក្នុងនោះ​មាន​ការវិវត្តន៍​នៃ​មធ្យោបាយ​ធ្វើដំណើរ​ដោយ​គ្រឿងយន្ត ការងារ​មិន​ប្រើ​កម្លាំង ឬក៏​ការ​សម្រាក​កម្សាន្ត​នៅ​តែ​មុខ​អេក្រង់ ឬ​ទូរស័ព្ទ​។

​នៅ​អាស៊ី ពលរដ្ឋ​ដែល​មាន​កង្វះ​សកម្មភាព​ខ្លាំងជាងគេ​ស្ថិតនៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វី​ក​ដល់ទៅ ៤៨​ភាគរយ (48%) បន្ទាប់​មក​អាស៊ី​ខាងត្បូង ៤៥​ភាគរយ (45%)​។ ក៏ប៉ុន្តែ អ្នក​ស្ពឹក​ស្ងៀម​មិន​ធ្វើ​ចលនា​បំផុត​នោះ​គឺ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម កូ​វ៉ែត គុយបា លី​បង់ កូរ៉េខាងត្បូង ប៉ា​ណា​ម៉ា កាតា អ៊ីរ៉ាក់ ព័រទុយហ្កាល់ និង​អា​រ៉ាប៊ីសាអូឌីត​។ ជាង ៥០​ភាគរយ (50%) នៃ​ប្រជាជន​ក្នុង ១០​ប្រទេស​នេះ​មាន​របៀបរបប​រស់នៅ​បែប​ស្រណុក​ជ្រុល នេះ​បើ​តាម​ក្រុម​អ្នកស្រាវជ្រាវ​ដដែល​បាន​បន្ថែមថា និន្នាការ​មិន​ចង់​បញ្ចេញ​កម្លាំង​ធ្វើ​ចលនា​នឹង​កើនឡើង​ដល់​ទៅ ៣៥​ភាគរយ (35%) នៅ​ឆ្នាំ​២០៣០ និង​ប្រែប្រួល​ទៅតាម​ភេទ ដោយ​ប៉ះពាល់​ស្ត្រី​ខ្លាំង​ជាង​បុរស ហើយ​ភាព​អសកម្ម​កើនឡើង​គួរ​ជាទី​កត់សម្គាល់​ដែរ​ទៅ​តាម​វ័យ​ចាប់ពី​អាយុ ៦០​ឆ្នាំ​ឡើង​ទៅ​។

​សម្រាប់​អ្នកស្រី​វេជ្ជបណ្ឌិត Fiona Bull ប្រធាន​ដេ​ប៉ាតឺ​ម៉ង់​កាយសម្បទា​របស់​ភ្នាក់ងារអង្គការ​សុខភា​ពពិភពលោក លទ្ធផល​នៃ​ការសិក្សា​នេះ​គឺជា​សញ្ញា​ប្រាប់​អំពី​អាសន្ន​សុខភាព​របស់​ពិភពលោក​ទាំងមូល ពីព្រោះ​ភាព​អសកម្ម ឬ​គ្មាន​បញ្ចេញ​ចលនា​ផ្លូវកាយ​ជា​ការគំរាមកំហែង​សុខភាព​យ៉ាង​ស្ងាត់ៗ​បំផុត​។ នាយក​ការិយាល័យ​ឃោសនា​សុខភាព​របស់​អង្គការ​សុខភាព​ពិភពលោក បាន​រម្លឹក​ទៀតថា ភាពស្ពឹក​ស្រពន់​អសកម្ម​អាច​បង្កើន​គ្រោះ​កើត​ជំងឺ​សរសៃឈាម​បេះដូង ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២ ជំងឺមហារីក​ជាច្រើន ដូចជា សុដន់ ពោះវៀន​ធំ ព្រមទាំង​វិបត្តិ​ផ្លូវចិត្ត និង​ខួរក្បាល​ជាច្រើន​ទៀត​។ ក្រៅ​អំពី​ផលប៉ះពាល់​ដល់​សុខភាព​បុគ្គល កង្វះ​សកម្មភាព​កាយសម្បទា​ក៏​ជា​បន្ទុក​ដ៏​ធ្ងន់​សម្រាប់​ប្រព័ន្ធ​សុខាភិបាល​ទៀត​។

​ដើម្បី​មាន​សុខភាព​ល្អ អង្គការ​សុខភាព​ពិភពលោក បាន​ណែនាំ​ឱ្យ​មនុស្ស​ធំ​ពេញវ័យ​ម្នាក់ៗ​បញ្ចេញ​កម្លាំង​ហាត់ប្រាណ​ធ្វើ​ចលនា​បែប​ល្មមៗ ដូចជា ដើរ ហែល​ទឹក ជិះ​កង់ រយៈពេល​យ៉ាង​ហោច​ណាស់ ១៥០​នាទី​ក្នុង​មួយ​សប្តាហ៍ និង ៧៥​នាទី​សម្រាប់​លំ​ហាត់ប្រាណ​បែប​បញ្ចេញ​កម្លាំង​ខ្លាំង ដូចជា រត់ ធ្វើ​កីឡា​ជា​ក្រុម ឬក៏​ឆ្លាស់គ្នា​ហាត់ប្រាណ​ល្មមៗ​ផង​ខ្លាំង​ផង​។

​បើតាម​អ្នកជំនាញ​ការផ្លាស់ប្ដូរ​ឥរិយាបថ​របស់​បុគ្គល​មិន​គ្រប់គ្រាន់​ទេ ត្រូវ​ប្តូរផ្លាស់​សង្គម និង​បរិស្ថាន​ក្រុង​ឱ្យ​មាន​ភាព​ទាក់ទាញ​ចង់​ធ្វើ​កីឡា​ហាត់ប្រាណ ដូចជា ដើរ ឬ​ជិះ​កង់ …​។​ល​។ នាយក​អង្គការ​សុខភាព​ពិភពលោក បានចេញ​សេចក្ដីថ្លែងការណ៍​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​នី​មួយៗ​ផ្តល់​អាទិភាព និង​មាន​វិធានការ​បែប​ក្លាហាន ពង្រឹង​នយោបាយ ហិរញ្ញវត្ថុ ហ៊ាន​ធ្វើ​វិនិយោគ​ដើម្បី​ប្ដូរផ្លាស់​និន្នាការ​បង្ខូច​សុខភាព​។​

​នៅលើ​ពិភពលោក​មាន​តែ ២២​ប្រទេស​ប៉ុណ្ណោះ ដែល​ហាក់​កំពុង​ដើរ​លើ​ផ្លូវ​ល្អ ឆ្ពោះ​ទៅ​សម្រេច​កម្មវត្ថុ​ពិភពលោក​ដែល​ចង់​បញ្ចុះ​ភាព​អសកម្ម​ឱ្យបាន​នៅក្នុង​ឆ្នាំ​២០៣០៕/

​ប្រភព​៖ RFI ខេមរភាសា / RFI Khmer​