ករណី​ផ្សព្វផ្សាយ​ថា​គ្រាន់តែ​ចុះ​ឈ្មោះ​ទទួល​បាន​ប្រាក់រង្វាន់ ៥០០​ដុល្លារ គឺជា​ព័ត៌មាន​ក្លែងក្លាយ

រាជធានី​ភ្នំពេញ​៖ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ព័ត៌មាន លេខ ២២៨​ស​ជណ ព​.​ម ចុះ​ថ្ងៃ​ព្រហស្បតិ៍ ៦​រោច ខែ​ជេស្ឋ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២៤ បាន​បញ្ជាក់​ឱ្យដឹងថា ក្រសួង​ព័ត៌មាន មាន​កិត្តិយស​សូម​ជម្រាប​ជូន សាធារណជន​ជាតិ និង​អន្តរជាតិ មេត្តា​ជ្រាប​ថា នៅក្នុង រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ក្រសួង​ព័ត៌មាន​បាន​ពិនិត្យឃើញថា មាន​ការផ្សព្វផ្សាយ​តាម​ប្រព័ន្ធ តេ​ឡេ​ក្រាម​អំពី​ការផ្តល់​ជំនួយ​ជា​ថវិកា​ដល់​ប្រជាជន​កម្ពុជា​ចន្លោះ​ពី ៥០០​ដុល្លារ ទៅ ១៥០០​ដុល្លារ​អាម៉េរិក ដោយ​គ្រាន់តែ​បញ្ចូល​លេខ​ទូរស័ព្ទ​ផ្ទាល់ខ្លួន ដែល​ក្នុងនោះ​ក៏​មាន​ភ្ជាប់​ការប្រើប្រាស់​រូបភាព​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះ មហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា អម​ជាមួយ​នឹង​រូប​ប្រជាជន ដើម្បី​ជា​ការអូសទាញ​ផងដែរ​។ ផ្អែក​តាម ការស្រាវជ្រាវ​របស់​ស​ម​ត្ថ​កិច្ច ជនខិលខូច​បាន​ប្រើប្រាស់​គេហទំព័រ​៖ joinclaim-now.khmertelegv1.site ដែល​បាន​ប្រើប្រាស់​បច្ចេកទេស​ដើម្បី​បិទបាំង​អត្តសញ្ញាណ​និង​ព័ត៌មាន​ផ្ទាល់ខ្លួន នៅ​ក្នុង​គោលបំណង​ដើម្បី ឆបោក និង​បង្កើតឡើង​ក្នុង​គោលដៅ​ទុច្ចរិត​ដើម្បី​លួច​យក​ព័ត៌មាន​សម្ងាត់​ពី​អ្នកប្រើប្រាស់​។

​យោង​តាម​ការស្រាវជ្រាវ វិធីសាស្ត្រ​បោក​បញ្ឆោត​ដែល​ក្រុម​ជនខិលខូច​បាន​ប្រើប្រាស់​រួមមាន​៖ ១- ផ្សព្វផ្សាយ​ថា មាន​ការផ្តល់​ប្រាក់​ចំនួន ៥០០​ដុល្លារ ដោយ​តម្រូវ​ឱ្យ​ចូល​ទៅ​កាន់​គេហទំព័រ​ដូច​បាន​រៀបរាប់​ខាងលើ​ដែល​គេ​បាន​រៀបចំ​ទុក និង​តម្រូវ​ឱ្យ​វាយ​បញ្ចូល​លេខ​ទូរស័ព្ទ​។ ២-​ក្រោយមក​នឹងមាន​សារ​លេខ​សម្ងាត់ (OTP) ផ្ញើ​ទៅ​គណនី​តេ​ឡេ​ក្រាម​ជនរងគ្រោះ​។ ៣-​ជនរងគ្រោះ​តម្រូវឱ្យ​បញ្ចូល​លេខ OTP នោះ​នៅក្នុង​គេហទំព័រ​ម្តងទៀត​។ ៤-​ក្រោយ​មុខសញ្ញា​លួច​បាន​ព័ត៌មាន​លេខ​ទូរស័ព្ទ និង​លេខ​សម្ងាត់ OTP ហើយ មុខសញ្ញា អាច​ធ្វើ​ការគ្រប់គ្រង​គ​ណ​នីតេ​ឡេ​ក្រាមរ​បស់​ជនរងគ្រោះ​បាន​ជា​ស្រេច និង​យក​ទៅ​ធ្វើ​សកម្មភាព​ឆបោក​ប្រាក់​ផ្សេងៗ​។

​សូមបញ្ជាក់​ថា កន្លង​មក​មុខ​ស​ញ្ញាប​ង្កើ​ត​គេហទំព័រ​ឈ្មោះ cambodia-checking-status.online បាន ប្រើប្រាស់​មធ្យោបាយ និង​រូបភាព​ដូច​គ្នា​ដើម្បី​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ហើយ​បច្ចុប្បន្ន​នេះ គេហទំព័រ ទាំងពីរ​នេះ​ត្រូវ​បាន​បិទ​ហើយ​។

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម សាធារណជន​ជាតិ និង​អន្តរជាតិ មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​សូម​មេត្តា​ប្រុងប្រយ័ត្ន​កុំ​បើ​កលើ​តំណរ​ដែល​មាន​ការសង្ស័យ និង​មិន​មាន​ព័ត៌មាន​ច្បាស់លាស់ ដើម្បី​ចៀស វាង​ការ​ចាញ់កល​ឆបោក និង​ត្រូវបាន​ជនខិលខូច​លួច​យក​គណនី​តេ​ឡេ​ក្រា​មយក​ទៅ​ធ្វើ​សកម្មភាព​ឆបោក បន្ត​ផ្សេងទៀត​។ ករណី​មាន​ការសង្ស័យ សូម​រាយការណ៍​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច​៕/​