​ការ​បង្ហោះ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​បំពុលសង្គម ធ្វើឱ្យមាន​ផលប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម គឺជា​អំពី​ខុសច្បាប់ និង​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន

រាជធានី​ភ្នំពេញ​៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​៖ “​វីដេអូ​សកម្មភាព​សត្វ​ខ្លា​ចូល​មក​រក​ចំណី និង​ចង់​ខាំ​សត្វ​ឆ្កែ ក្នុង​ឃុំ​ស្មោង​ខាងត្បូង ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង ដែល​វីដេអូ​នេះ បាន​កើតឡើង​នៅ​ឯ​បរទេស មិន​មែន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទេ​។​”

​ថ្មីៗ​នេះ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ស្រាវជ្រាវ​ឃើញថា​មាន​គណនី​ហ្វេ​ស​ប៊ុក​មួយចំនួន បាន​បង្ហោះ​ផ្សព្វផ្សាយ និង​ចែកចាយ​បន្ត នូវ​វីដេអូ ដែលមាន​សកម្មភាព​សត្វ​ខ្លាចូ​ល​មករក​ចំណី និង​ចង់​ខាំ​សត្វ​ឆ្កែ ក្នុង​ឃុំ​ស្មោង​ខាងត្បូង ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង ដែល​វីដេអូ​នេះ បាន​កើតឡើង​នៅ​ឯ​បរទេស មិន​មែន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទេ​។ តាម​ការស្រាវជ្រាវ វីដេអូ​នេះ​ត្រូវបាន​សារព័ត៌មាន​បរទេស​បាន​ផ្សាយ​តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០២៤ មកម្ល៉េះ​។

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ក្រើនរម្លឹក​ដល់​សាធារណជន​ទាំងអស់​មេត្តា​ជ្រាប​ថា រាល់​ការ​បង្ហោះ​ខ្លឹមសារ រូបភាព ឬ​វីដេអូ​ណាមួយ​សូម​បញ្ជាក់​ឱ្យ​ច្បាស់​ពី​ប្រភព និង​កន្លែងកើតហេតុ ចៀសវាង​ការភាន់ច្រឡំ​ពី​សាធារណជន​។

​បន្ថែម​ពី​នោះ​ក៏​សូម​ពិនិត្យ និង​ពិចារណា​ឱ្យបាន​ច្បាស់​នូវ​គោលបំណង​ក្នុងការ​បង្ហោះ​ខ្លឹមសារ រូបភាព ឬ​វីដេអូ​ណាមួយ ដែល​ធ្វើឱ្យ​សាធារណជន​ភ្ញាក់ផ្អើល ក្នុងន័យ​ទាញយក​ការចាប់អារម្មណ៍ ឬ​ប្រជាប្រិយភាព ឬ​កេងចំនេញ​ផលប្រយោជន៍​មក​បុគ្គល ដែល​រាល់​ការ​បង្ហោះ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​បំពុលសង្គម ធ្វើឱ្យមាន​ផលប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម គឺជា​អំពី​ខុសច្បាប់ និង​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន​៕