រាជធានីភ្នំពេញ៖ ការប្រារព្ធទិវាអតីតយុទ្ធជនកម្ពុជា គឺជាព្រឹត្តិការណ៍ជាតិមួយដែលធ្វើឱ្យប្រជាជនកម្ពុជាគ្រប់រូបចងចាំនូវគុណូបការៈដ៏ឧត្តុង្គឧត្តម និងពលីកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិគ្រប់ៗជំនាន់ ជាពិសេសលោកតា លោកយាយ អ៊ំ ពូ មីង និងបងប្អូនអតីតយុទ្ធជន ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ និងលះបង់អាយុជីវិតដើម្បីបុព្វហេតុជាតិ មាតុភូមិ ដើម្បីនាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។
ការងាររបស់សមាគមអតីតយុទ្ធជនផ្តោតគោលដៅ ៣ចំណុចគឺ៖ កិត្តិយស ជីវភាព និងឱកាស។ កិត្តិយស, គឺការរម្លឹកគុណូបការៈរបស់អតីតយុទ្ធជន ដោយរាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី២១ មិថុនា រាល់ឆ្នាំជាទិវាអតីតយុទ្ធជន ដើម្បីជាការរម្លឹកដដល់យុវជនជំនាន់ក្រោយចងចាំ ជាមួយនឹងការធ្វើពិធីជួបជុំសំណេះសំណាលជាមួយអតីតយុទ្ធជននៅតាមគ្រប់រាជធានីខេត្ត។ ទី២ ជីវភាព បើទោះបីជាអតីតយុទ្ធជនបានចូលនិវត្តន៍ទៅហើយក៏រាជរដ្ឋាភិបាលមិនបានទុកចោលនោះដែរ ដោយបានខិតខំដំឡើងប្រាក់សោធនរបបសម្រាប់គ្រួសារ ក៏ដូចជាការរៀបចំផ្ទះសំបែងជូនអតីតយុទ្ធជនដែលគ្មានលទ្ធភាពឱ្យគាត់បានរស់នៅសមរម្យ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនៅគោលនយោបាយជាច្រើនក្នុងការគាំទ្រដល់សុខុមាលភាព និងជីវភាពរស់នៅ ដូចជាការផ្តល់ប័ណ្ណ ប.ស.ស. ដែលគាត់អាចទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃនៅតាមបណ្តាមន្ទីរពេទ្យរដ្ឋ និងឯកជនមួយចំនួន។ ទី៣ ឱកាស គឺឱកាសរស់នៅដោយមិនកាត់ផ្តាច់ ពោលគឺនៅបន្តប្រទាក់ក្រឡាក្នុងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដោយផ្តល់ឱកាសអាចចូលរួមក្នុងសង្គម តាមរយៈតួនាទីមួយចំនួនក្នុងមូលដ្ឋាន លើសពីនេះក៏បានផ្តល់ជាអាហារូបករណ៍ និងជាពិសេស ផ្តល់ឱកាសលជាអាទិភាពដល់កូនចៅអតីតយុទ្ធជនបានចូលបម្រើការងារកងទ័ពបន្តវេនពីឪពុកម្តាយផងដែរ។
រាជធានីភ្នំពេញ, ថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំរោង
ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤៕