យោងតាមការចុះផ្សាយទាំងស្រុងរបស់ Sabay បានឱ្យដឹងថា ដើម្បីដោះស្រាយការបំពុលដោយប្លាស្ទិក ក្រុមហ៊ុន TK & DManufacturing ដែលមានមូលដ្ឋានក្នុងខេត្តពោធិ៍សាត់ បានដាក់ចេញនូវដំណោះស្រាយដ៏ប៉ិនប្រសប់ គឺបំពង់បឺតផលិតពីអង្ករ ដែលផលិតផលថ្មីនេះ គឺអាចទទួលទានបានតែម្ដង ក្រោយពេលប្រើប្រាស់រួច ។
នេះគឺជាផលិតផលដែលផលិតចេញពីអង្ករធម្មជាតិ និងម្សៅផ្លែឈើទាំងស្រុង ហើយវាត្រៀមចូលខ្លួនមកជំនួសបំពង់បឺតប្លាស្ទិក ដែលមានជាតិពុលនិងផ្ដល់ផលប៉ះពាល់ដល់បរិស្ថាន ។
លោក ហួរ រិទ្ធី សមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន បាននិយាយថា ការសិក្សាដែលធ្វើឡើងដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានសន្និដ្ឋានថា មានតែបំពង់បឺត ដែលផលិតពីអង្ករប៉ុណ្ណោះ ដែលអាចជំនួសបំពង់បឺតប្លាស្ទិកធម្មតាបាន ព្រោះវាជួយដល់បរិស្ថាននិងលើកកម្ពស់សុខភាព ។
“ថ្មីៗនេះ ខាង UNDP បានធ្វើការសិក្សាស្រាវជ្រាវមួយ អំពីការស្វែងរកផលិតផលមកជំនួសផលិតផលប្លាស្ទិច ។ ចឹង យោងទៅតាមការស្រាវជ្រាវរបស់ខាង UNDP និងតាមការពិនិត្យជាក់ស្តែង គឺមានតែបំពង់បឺតផលិតពីអង្គរនេះទេ ដែលអាចមកជំនួយផលិតផលប្លាស្ទិកបាន ដែលផលិតផលមួយនេះ មិនប៉ះពាល់ដល់សុខភាពនិងបរិស្ថាន” ។ លោក ហួរ រិទ្ធី ថ្លែង ។
ដើម្បីផលិតបានបំពង់បឺតសរីរាង្គនេះ គេត្រូវការវត្ថុធាតុដើម ២ ប្រភេទ ដែលមានដូចជាម្ស៉ៅអង្ករ និងសារធាតុបង្កើតពណ៌ ដែលក្នុងនោះ យើងយកផ្លែឈើមួយចំនួនមកផលិតទៅជាម្ស៉ៅ ដែលមានដូចជាផ្លែចេកដំឡូងផ្លែស្វាយត្រាវ និងគ្រាប់កាហ្វេ ។ គម្រោងនេះ បានទទួលការសាទរខ្លាំងពីគណៈដឹកនាំរដ្ឋបាលខេត្តពោធិសាត់ ។
លោក ចេង ឡៃ អភិបាលរងខេត្ត បានលើកឡើងថា “ខ្ញុំ ចាប់អារម្មណ៍ខ្លាំង ព្រោះថាយើងអាចញុំាបាន បន្ទាប់ពីប្រើប្រាស់រួចហើយ កន្លងមកការប្រើប្រាស់បំពង់បឺតជ័រ នៅពេលប្រើរួច អ្នកប្រើបោះចោល ចឹងវាបណ្តាលឱ្យប៉ះពាលដល់បរិស្ថាន ប៉ុន្តែសម្រាប់បំពង់បឺតនេះ វាមិនប៉ះពាល់ដល់បរិស្ថាននោះទេ ប្រសិនជាយើងបោះចោល វាអាចក្លាយទៅជាជីធម្មជាតិថែមទៀត។”
តាមលោក ហួរ រិទ្ធី សព្វថ្ងៃនេះ ការប្រើប្រាស់បំពង់បឺតជ័រ គឺរាប់លានក្នុងមួយថ្ងៃ ចឹងវាប៉ះពាល់ខ្លាំងដល់បរិស្ថាន ។ ដូច្នេះប្រសិនអ្នកប្រើប្រាស់ផ្លាស់ប្តូរទម្លាប់មកប្រើបំពង់បឺតផលិតពីអង្ករវិញនោះ យើងអាចចូលរួមជួយដល់បរិស្ថានយើងពិតប្រាកដណាស់ ។ យ៉ាងណាលោកថា ពលរដ្ឋខ្មែរកាន់តែច្រើនបានងាកមកគិតពីបរិស្ថាននិងសុខភាព ដូច្នេះហើយបំពង់បឺតផលិតពីអង្ករនេះ បច្ចុប្បន្នកំពុងទទួលបានការពេញនិយមបណ្ដើរៗហើយ ។
“សព្វថ្ងៃ ទីផ្សាររបស់ផលិតផលយើង គឺមានការពេញនិយមណាស់យើងបានចែកចាយស្ទើរតែគ្រប់តំបន់ក្នុងរាជធានីភ្នំពេញនិងតាមបណ្តាខេត្តយើងកំពុងធ្វើការផ្សព្វផ្សាយជាបណ្តើរៗ ។ មិនត្រឹមតែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ សូម្បីបរទេស ដូចជាប្រទេសអូស្ត្រាលី អាមេរិច និងប្រទេសមួយចំនួននៅអឺរ៉ុប ក៏គាំទ្រផលិតផលរបស់យើងផងដែរ ។”
ទោះយ៉ាងណា សមាជិកក្រុមប្រឹក្សាភិបាលដដែលបញ្ជាក់ថា បច្ចុប្បន្នគម្រោងមួយនេះ ក៏មានឧបសគ្គខ្លះដែរនោះ គឺពាក់ព័ន្ធនឹងតម្លៃអគ្គីសនី ។ ដូច្នេះហើយ TK & D ស្នើសុំដល់រាជរដ្ឋាភិបាលមេត្តាជួយសម្រួលតម្លៃអគ្គីសនីឱ្យមានតម្លៃទាបជាងពេលបច្ចុប្បន្ន ដើម្បីផលិតបាននូវផលិតផលមួយដែលមានថ្លៃដើមទាប អំណោយផលសម្រាប់ការប្រកួតប្រជែងជាមួយផលិតផលប្លាស្ទិច ។
ក្រៅពីនេះ សង្វាក់ផលិតកម្មក៏នឹងប្រឈមបញ្ហាមួយផ្សេងទៀត គឺការនាំចូលវត្ថុធាតុដើមពីបរទេស ដែលធ្វើឲ្យតម្លៃដើមផលិតផលនៅខ្ពស់ ។ ប៉ុន្តែលោក រិទ្ធី ថា បញ្ហានេះ ខាងសហគ្រាសកំពុងរៀបចំគម្រោងក្នុងការតម្លើងម៉ាស៊ីនផលិតវត្ថុធាតុដើម ហើយដែលគម្រោងនេះ អាចនឹងជួយដល់ប្រជាកសិករក្នុងតំបន់ឱ្យមានជីវភាពមួយល្អប្រសើរ តាមរយៈការផ្គត់ផ្គង់វត្ថុធាតុដើមមកកាន់សហគ្រាសរបស់លោក៕
អត្ថបទ ៖ ទារិកា
រូបភាព ៖ Sabay