លោក សុខ ជន ម្ចាស់ផ្ទះ​សំណាក់ រ័ត្ន តារា ស្រុក​កំពង់ត្រាច ត្រូវបាន​ពលរដ្ឋ​ជិតខាង​ចោល​ថា​ធ្វើ​របង​បិទផ្លូវ​ចូល​ផ្ទះ​

ខេត្ត​កំពត​-​ដោយ​:​ទេព ធី​ម​

​ទំនាស់​បិទ​ផ្លូវ​ចូល​ផ្ទះ​មួយ​កន្លែង​បាន​កើតឡើង​នៅ​ចំនុច​ភូមិ​អូរ​ស្រ​នៀង ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត (​ខាងលិច​ផ្សារ​កំពង់ត្រាច ៥០០​ម៉ែត​) រវាង​លោក សុខ ជន ម្ចាស់ផ្ទះ​សំណាក់ រ័ត្ន តារា និង​លោក តូ ចំរើន និង​ក្រុមគ្រួសារ (​សមាជិកគ្រួសារ ១០​នាក់​) ដែល​ជា​ពលរដ្ឋ​រស់នៅ​ជិតខាង (​ខាងក្រោយ​ដី​លោក សុខ ជន​)​។​

​ប្រភព​ព័ត៌មាន​ពី​លោក តូ ចំរើន បានឱ្យដឹងថា លោក សុខ ជន ម្ចាស់ផ្ទះ​សំណាក់ រ័ត្ន តារា កំពុង​ធ្វើ​របង​បិទផ្លូវ​អ្នក​ខាងក្រោយ មិនឱ្យ​ធ្វើ​ដំណើរ​ចេញចូល​ផ្ទះ​របស់​ខ្លួន​បាន​។​

​លោក តូ ចំរើន បន្តថា ផ្លូវ​តាម​ភ្លឺស្រែ​សម្រាប់​ចូល​ផ្ទះ​របស់​លោក​ដែល​ត្រូវបាន​លោក សុខ ជន ធ្វើរ​បងកាត់​នេះ គឺជា​ផ្លូវ​ចាស់​យូរ​មក​ហើយ​ដែល​ក្រុមគ្រួសា​របស់​លោក និង​អ្នកភូមិ តែងតែ​ធ្វើដំណើរ​ឆ្លងកាត់​រាល់ថ្ងៃ ទើបតែ​ពេលនេះ លោក សុខ ជន ធ្វើ​របង​ព័ទ្ធ​យក​ផ្លូវ​ចូល​ផ្ទះ​របស់​គាត់ (​តូ ចំរើន​)​។​

​លោក តូ ចំរើន បានឱ្យ​ដឹង​បន្ថែម​ថា ពេល​លោក សុខ ជន ចាប់ផ្តើម​ធ្វើ​របង​ព័ទ្ធ​នេះ លោក (​តូ ចំរើន​) និង​ភរិយា ធ្លាប់​បាន​ទៅ​អង្វ​រក លោក សុខ ជន ឱ្យ​ទុក​ផ្លូវ​ចូល​ផ្ទះ​លោក​ផង​។ ប៉ុន្តែ លោក សុខ ជន មិន​ព្រម​ទុក​ផ្លូវ​ឱ្យ​ខ្លួន​នោះទេ​។​

​ទាក់ទិន​នឹង​ការលើកឡើង​របស់​លោក តូ ចំរើន ត្រូវបាន​លោក សុខ ជន ម្ចាស់ផ្ទះ​សំណាក់ រ័ត្ន តារា ឱ្យដឹងថា “​បើ​ចង់​ដើរ​ផ្លូវ​នេះ សូម​យក​លុយ​មក​ទិញ​គាត់​ទៅ ពី​ព្រោះ​ដី​របស់​គាត់​នៅ​ចំ​ចំណុចកណ្តាល​ភ្លឺស្រែ បើ​ចង់​ទិញ​គាត់​លក់​ឱ្យ​មួយ​ម៉ែត ៦០០០​ដុល្លារ បើ​កន្លះ​ម៉ែត​ស្មើ ៣០០០​ដុល្លា​”​។​

​លោក តូ ចំរើន និង​ក្រុម​គ្រួសារ​ដែល​គ្មាន​ផ្លូវ​ធ្វើដំណើរ​ចូល​ផ្ទះ សូម​សំណូមពរ​អាជ្ញាធរ​ឃុំ ស្រុក ខេត្ត មេត្តា​ជួយ​រក​ដំណោះស្រាយ​ជូន​ពួកគាត់​ដែល​ជា​ជនរងគ្រោះ​ផង ដើម្បី​ពួកគាត់ និង​ប្រជាពលរដ្ឋ​ទូទៅ​មាន​ផ្លូវ​ចូល​ផ្ទះ​ដូច​ពេលកន្លងមក​។​
​កាសែត និង​គេហទំព័រ “​ពុទ្ធិ​ខ្មែរ​” (www.puthikhmer.tv) នឹង​បន្ត​ឃ្លាំ​មើល​បញ្ហា​នៃ​ទំនាស់​ខាងលើនេះ និង​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​ផ្សាយ​ជូន​សាធារណជន​បាន​ដឹង​បន្ថែមទៀត ៕​

 

IMG-20170130-WA0043 IMG-20170130-WA0044 IMG-20170130-WA0045 IMG-20170130-WA0046 IMG-20170130-WA0048 IMG-20170130-WA0049 IMG-20170130-WA0050 IMG-20170130-WA0052 IMG-20170130-WA0053 IMG-20170130-WA0054 IMG-20170130-WA0055