មន្ត្រីរដ្ឋបាល​ជលផល​ខេត្ត​ព្រះសីហនុ​កំពុងតែ​បើក​ដៃ​ឱ្យ​ទូក​នេសាទ​ខុសច្បាប់​អូស​កូន​គ្រែង​ឈាម​កើត​ពេញបន្ទុក​នៅ​ចំនុច​ខុស​បទ (​ព្រែក​ទទឹង​) ក្នុង​ភូមិសាស្ត្រ​ភូមិ​កោះ​ខ្យង ជា​ថ្នូរ​នឹង​ការ​បង់លុយ​ពុករលួយ​រាប់សិប​លាន​រៀល​ក្នុង​មួយ​ថ្ងៃ​ដាក់​ចូល​ហោប៉ៅ​

ខេត្ត​ព្រះសីហនុ​-​ដោយៈ លាង សុភ័ក្ត្រ​

​ទូក​នេសាទ​ជាមួយ​ឧបករណ៍​សម្រាប់​អូស​កូន​គ្រែង​ឈាម​ជាច្រើន​គ្រឿង (​មិន​ក្រោម ៥០​ទូក​ក្នុង​មួយថ្ងៃ​) ត្រូវបាន​គេ​ប្រទះឃើញ​កំពុង​ធ្វើ​សកម្មភាព​អូស​កូន​គ្រែង​ឈាម​យ៉ាង​អនាធិបតេយ្យ​នៅ​ចំនុច​ខុស​បទ (​ព្រែក​ទទឹង​) ស្ថិតក្នុង​ភូមិ​កោះ​ខ្យង ឃុំ​អូរ​ជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​យោងតាម​ប្រភព​ពី​ប្រជា​នេសាទ​ភូមិ​កោះ​ខ្យង បាន​ឱ្យ​សារព័ត៌មាន​អន​ឡាញ “​ពុទ្ធិ​ខ្មែរ​” ដឹងថា ការនេសាទ​អូស​កូន​គ្រែង​ឈាម (​កូន​គ្រែង​ឈាម​តូចៗ​មិនទាន់​អាច​បរិភោគបាន​) គឺ​ខាង​ជំនាញ​រដ្ឋបាល​ជលផល​ហាមឃាត់​ជាដាច់ខាត និង​បាន​ចាត់​ចូល​ជា​បទល្មើស​នេសាទ (​នេសាទ​ខុសច្បាប់​)”​។ តែ​ផ្ទុយទៅវិញ ក្នុង​ស្ថានភាព​ជាក់ស្ដែង ត្រូវបាន​គេ​សង្កេតឃើញថា រាប់​ចាប់ពី​ថ្នាក់​សង្កាត់​រដ្ឋបាល​ជល​ផល ផ្នែក​រដ្ឋបាល​ជលផល និង​ខណ្ឌ​រដ្ឋបាល​ជល​ផល កំពុងតែ​បើក​ដៃ​ឱ្យ​ក្រុម​ឈ្មួញ​នេសាទ​កូន​គ្រែង​ឈាម​ខុស​ច្បាប់​យ៉ាង​គឃ្លើន​ជា​ថ្នូរ​ទៅនឹង​ការ​បង់លុយ​រាប់លាន​រៀល​ក្នុង​មួយ​ថ្ងៃ​ជំនួស​ការបង្ក្រាប​។​

​ប្រភព​ដដែល​បន្តថា ក្រុម​អ្នកនេសាទ​ទូក​អូស​កូន​គ្រែង​ឈាម​ដែល​កំពុង​ធ្វើ​សកម្មភាព​ទាំង​ថ្ងៃ​-​ទាំងយប់ រាល់ថ្ងៃ​នេះ​គឺ​សុទ្ធសឹងតែ​មាន​ថៅកែ (​មេ​កញ្ចែ​ង​) ជា​អ្នកសម្របសម្រួល និង​រត់ការ​បង់លុយ​ឱ្យ​ជំនាញ​រដ្ឋបាល​ជលផល​ក្នុង​ខេត្ត​ព្រះសីហនុ​គ្រប់​គោលដៅ​ទាំង​អស់​ទើប​អាច​ចេញ​ទូក​ទៅ​អូស​កូន​គ្រែង​ឈាម​បាន​ដោយ​ជោគជ័យ​។

​ប្រភព​ដដែល​បាន​បន្ថែមទៀតថា ប្រសិនបើ​ប្រជា​នេសាទ​ណា ដែល​គ្មាន​ខ្សែ​-​ទុយោ និង​ខ្នងបង្អែក និង​ថៅកែ (​មេ​កញ្ចែ​ង​) កាង​ឱ្យ​ទេ ពេលចេញ​ទូក​ទៅ​អូស​កូន​គ្រែង​ឈាម​ម្តងៗ​គឺ​គ្មាន​ភ័ព្វសំណាង​គេច​រួច​ពី​កន្តាប់ដៃ​ពិឃាត​របស់​មន្ត្រី​ជលផល​ឡើយ​។ នៅពេលដែល​ជំនាញ​រដ្ឋបាល​ជលផល​ចាប់​បាន​ត្រូវ​បង់លុយ​យ៉ាងតិច​ចាប់ពី ៦០​ម៉ឺន​រៀល ទៅ​ជាង ១​លាន​រៀល ឬ​អាច​ច្រើន​ជាង​នេះ​ទើប​អាច​យក​ទូក និង​សម្ភារៈ​នេសាទ​ត្រលប់មក​ផ្ទះ​វិញ​បាន​។ ប្រសិនបើ ចង់រ​ក​នេសាទ​ខុសច្បាប់​នេះ​បន្ត​ទៀត ជំនាញ​រដ្ឋបាល​ជលផល​តម្រូវឱ្យ​បង់​លុយ​ជាមុន​សិន​ទើប​នេសាទ​បាន​។​

​កូន​គ្រែង​ឈាម​ដែល​ត្រូវបាន​ច្បាប់​ជលផល​ហាមឃាត់​ចាប់ផ្តើម​នាំចេញ​យ៉ាង​គគ្រឹកគគ្រេង​នា​ពេលយប់ ចន្លោះ​ពី ២​តោន ទៅ​៥​តោន​ក្នុង​មួយ​យប់ ស្រប​ពេល​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​ឆ្លើយ​ថា​ពុំ​បានដឹង​រឿង​នេះ​ទេ បើទោះបីជា​សកម្មភា​ពរែង​កូន​គ្រែងឈាម និង​ទីតាំង​ប្រមូល​ទិញ​កូន​គ្រែង​ឈាម​នៅ​មិន​ឆ្ងាយ​ពី​សង្កាត់​រដ្ឋបាល​ជលផល​កោះ​ខ្យង ដែល​មាន​មន្ត្រី​ប្រចាំការ​តំបន់​នោះ​ជា​ប្រចាំ​ផង​នោះ​។​

​ក្រុម​ប្រជាពលរដ្ឋ ក៏ដូចជា​ប្រជា​នេសាទ​ជាច្រើន​នាក់​បាន​បង្ហាញ​ទស្សនៈ​ថា ខណៈ​រដូវ​កូន​គ្រែង​ឈាម​បាន​ឈាន​មក​ដល់​កាល​ពី​អំឡុង​ដើមខែ​ឧសភា និង​កកើត​ច្រើន​នៅ​ចន្លោះ​ខែ​សីហា រហូតដល់​ខែ​វិច្ឆិកា នៅ​តំបន់​កោះ​ខ្យង ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​អូជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ គេ​សង្កេតឃើញថា មាន​ប្រជា​នេសាទ​មួយចំនួន​បាន​ងាក​មក​នេសាទ​អូស​កូន​គ្រែង​ឈាម​យ៉ាង​អនាធិបតេយ្យ​មក​លក់​ឱ្យ​ឈ្មួញ​ញ​ក្នុង​តម្លៃ​ខ្ពស់ ចន្លោះ​ពី ៤០,០០០ (​បួន​ម៉ឺន​) រៀល ទៅ ៦០,០០០ (​ប្រាំមួយ​ម៉ឺន​) រៀល​ក្នុង​មួយ​គីឡូក្រាម ដើម្បី​នាំចេញ​ទៅ​លក់​បន្ត​នៅ​ប្រទេស​វៀតណាម ដោយ​ពុំ​បាន​ខ្វាយខ្វល់​ពី​ផលប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់ ដែល​ពួកគាត់​ប្រកប​របរ​លក្ខណៈ​គ្រួសារ (​រាវ​គ្រែង​ឈាម​ដោយ​ដៃ​) ជា​រៀងរាល់ឆ្នាំ​បន្ទាប់​ពី​កូន​គ្រែង​ឈាម​ចាប់ផ្តើម​កកើត​កូន​ក្នុង​តំបន់​ពយ​កោះ​ខ្យង​នេះ ក្នុង​អំឡុង​ចុង​ខែ​ឧសភា រហូត​ដល់​ចុង​ខែ​កញ្ញា ជា​រៀងរាល់ឆ្នាំ​។​

​ប្រភព​ដដែល​បាន​បន្តថា ទាក់ទិន​ទៅ​នឹង​សកម្មភាព​ល្មើសច្បាប់​នេះ ប្រសិនបើ​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​ចាប់ពី​សង្កាត់​រដ្ឋបាល​ជ​ល​ផល ផ្នែក​រដ្ឋបាល​ជលផល និង​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត​ព្រះសីហនុ នៅ​តែ​ធ្វើ​មិនឃើញ មិនដឹង មិនឮ មិន​ចាត់​វិធានការ​បង្ក្រាប​ទៀត​នោះ ពិត​ណាស់​ធនធានធម្មជាតិ​នៅ​តំបន់​ពយ​ទឹក​រាក់​កោះ​ខ្យង​នេះ​នឹង​វិនាស​ហិនហោច​ជាក់​ជា​ពុំខាន​ឡើយ​។ ព្រោះ​កូន​គ្រែង​ឈាម​ដែល​ត្រូវបាន​ឈ្មួញ​ធំៗ​មាន​ឥទ្ធិពល​ប្រចាំ​តំបន់​កោះ​ខ្យង​ប្រមូល​ទិញ គឺជា​ប្រភេទ​កូន​គ្រែង​ឈាម​ដែល​ច្បាប់​ជលផល​ហាមឃាត់​នេសាទ​ជាដាច់ខាត ដោយសារ​វា​មាន​លក្ខណៈ​តូច​ពេក គឺ​ចាប់ពី​ប៉ុន​ជើងធូប​រហូតដល់​ប៉ុន​ចុង​ច​ង្កឹះ (​កូន​គ្រែង​ឈាម ១​គីឡូក្រាម មាន​ចំនួន​ចន្លោះ​ពី ៥,០០០​កូន ទៅ ១០,០០០​កូន​) រីឯ​កូន​គ្រែង​ឈាមមាន​ទំហំ​ធំ​ជាង​នេះ គឺ​មាន​តម្លៃថោក ឬ​អាច​មិន​ត្រូវបាន​ទទួល​ទិញ​ឡើយ ហេតុដូច្នេះ​ហើយ តើ​មាន​សល់​អ្វី​ទៀត​បើ​អូស​តាំង​ពី​កូន​ទើបតែ​កកើត​បែបនេះ​នោះ​។​

​ប្រភព​ពី​មន្ត្រី​មូលដ្ឋាន​បាន​លើកឡើង​ថា “​ភាពមិនប្រក្រតី នៃ​អំពើពុករលួយ​របស់​មន្ត្រី​ជំនាញ​រដ្ឋបាលជល​ផល​ជាមួ​យ​ថៅកែ​កូន​គ្រែង​ឈាម​គឺ​បាន​ត្រូវ​រូ​វ​គ្នា​សឹងតែ​ដុះ​ស្លែរ​ទៅហើយ​។ ថៅកែ​កូន​គ្រែង​ឈាម​គឺជា​ឆ្នាំងបាយ​ដ៏​មាន​សក្តានុពល​របស់​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​គ្រប់​ជាន់ថ្នាក់​ក្នុង​ខេត្ត​ព្រះសីហនុ​។ សូមបញ្ជាក់​ថា កូន​គ្រែង​ឈាម​ដែល​ប្រជា​នេសាទ​បាន​មក​គឺ​យក​ទៅ​លក់​បន្ត​ឱ្យ​ឈ្មួញ ឬ​មេ​កញ្ចែ​ង​ដើម្បី​យក​ទៅ​ចិញ្ចឹម​បន្ត និង​នាំ​ទៅ​លក់​បន្ត​នៅ​ប្រទេស​វៀតណាម​។​

​យោង​តាម​ក្រឹត្យ​-​ច្បាប់​ស្តីពី “​ការគ្រប់គ្រង​វិស័យ​ជលផល​” ត្រង់​មាត្រា​២៨ បានចែង​ថា “​ការធ្វើ​នេសាទ​ដោយ​អួន​អូស​ក្នុង​ដែន​នេសាទ​សមុទ្រ​តាម​បណ្តោយ​ឆ្នេរ​ដែល​ស្ថិត​នៅក្នុង​ចន្លោះ​ចាប់ពី​មាត់ច្រាំង​ទៅ​ទល់នឹង​ខ្សែបន្ទាត់​ដែលមាន​ជម្រៅ​ទឹក ២០​ម៉ែត្រ ត្រូវ​ហាមឃាត់​ជាដាច់ខាត លើកលែងតែ​មាន​ការអនុញ្ញាត​ពិសេស តាម​សំណើ​របស់​នាយកដ្ឋាន​ជលផល ដើម្បី​ធ្វើ​ការពិសោធន៍​ស្រាវជ្រាវ​បច្ចេកទេស វិទ្យាសាស្ត្រ​នេសាទ​”​។​

​យោង​មាត្រា​៤១ នៃ​ក្រឹត្យ​-​ច្បាប់​ស្តីពី “​ការគ្រប់គ្រង​វិស័យ ជលផល​” ចែងថា “​ជន​ណា​ដែល​បាន​បិទបាំង ឬ​ការពារ​អំពើ​ល្មើស​គៃបំបាត់​ប្រាក់​ពិន័យ ប្រាក់​ពន្ធ វិភាគទាន នេសាទ ឬ របស់​តាង​ឆ្លៀត​យក​មុខងារ​ដើម្បី​ប្រព្រឹត្តល្មើស ទទួល​សំណូក​និង​អ្នក​សូក ឬ​អ្នក​កណ្តាល​ក្នុង​បទ​សូក​ត្រូវ​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន​”​។​

​ទាក់ទិន​នឹង​បទល្មើស​ខាងលើ សារព័ត៌មាន​អន​ឡា​ញ “​ពុទ្ធិ​ខ្មែរ​” មិន​អាច​ធ្វើការ​ទាក់ទង​សុំ​ការបំភ្លឺ​ពី​នាយ​សង្កាត់​រដ្ឋបាល​ជល​ផល នាយ​ផ្នែក​រដ្ឋបាល​ជល​ផល និង​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ព្រះសីហនុ​បាន​ទេ​នៅ​ថ្ងៃនេះ​។​

​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ពិសេស​បងប្អូន​ប្រជា​នេសាទ​ភូមិ​កោះ​ខ្យង សូម​សំណូមពរ​ចំពោះ​លោក នេន ចំរើន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ព្រះសីហនុ និង​ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មេត្តា​ចាត់​វិធានការ​ចំពោះ​មន្ត្រីរដ្ឋបាល​ជលផល​ពុករលួយ​មួយ​ចំនួន​ដែល​កំពុង​ទទួល​លុយ​រាប់​លាន​រៀល​ក្នុង​មួយ​ថ្ងៃ​ពី​មេ​កញ្ចែ​ង​នេសាទ​កូន​គ្រែង​ឈាម​នៅ​ទីតាំង​ខាងលើ​ថ្នូរ​នឹង​ការ​មិន​បង្ក្រាប​នៃ​ការនេសាទ​កូន​គ្រែង​ឈាម​ដែល​ច្បាប់​ជលផល​បាន​ហាមឃាត់​នៅ​តំបន់​ពយ​ទឹក​រា​ក់កោះ​ខ្យង​នេះ​ផង​ទាន​៕​