ក្រុងប៉ោយប៉ែត-ដោយៈ លាង សុភ័ក្ត្រ
នៅព្រឹកថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ លោក យ៉ាង គីមហ៊ុយ ពាណិជ្ជករក្រុងប៉ោយប៉ែត និងលោក គីម ហេង រួមនឹងក្រុមការងារ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧកញ៉ា ឡាយ ប៊ុនប៉ា និងលោកជំទាវ ឡាយ ឈុននី បាននាំយកទេយ្យទាន និងគ្រឿងបរិក្ខារជាអំណោយដ៏ថ្ងៃថ្លារបស់លោកឧកញ៉ា និងលោកជំទាវ ប្រគេនព្រះសង្ឃគង់ក្នុងវត្តសិរីមង្គលសុទ្ធារាម ក្រោមព្រះវត្តមានព្រះតេជគុណព្រះធម្មញាណ ប៉ុក ចំរើន ព្រះគ្រូអនុគណក្រុងប៉ោយប៉ែត និងជាព្រះចៅអធិការវត្តសិរីមង្គលសុទ្ធារាម (ស្ទឹងបត់) រួមនឹងព្រះសង្ឃជាសាមណសិស្សជាច្រើនព្រះអង្គបាននិមន្តចូលរួមទទួល នៅក្នុងព្រះវិហារថ្មី វត្តសិរីមង្គលសុទ្ធារាម (ស្ទឹងបត់) ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សូមជម្រាបថា លោកឧកញ៉ា ឡាយ ប៊ុនប៉ា និងលោកជំទាវ ឡាយ ឈុននី ព្រមទាំងបុត្រា-បុត្រី និងចៅប្រុស-ចៅស្រីបានរៀបចំទេយ្យទានប្រគេន និងទំនុកបម្រុងដល់ព្រះសង្ឃដែលកំពុងគង់ និងសិក្សារៀនសូត្រព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធ ក្នុងទីអារាមវត្ត សិរីមង្គលសុទ្ធារាម (ស្ទឹងបត់) ក្នុងកំឡុងពេលដែលទីវត្តអារាមត្រូវបានផ្អាកប្រារព្វពិធីសាសនានានា ដើម្បីចូលរួម និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
ទេយ្យទានប្រគេនព្រះសង្ឃនាថ្ងៃដ៏វិសេសវិសាលនេះរួមមាន ៖
១-អង្ករខ្សាយ ចំនួន ១,០០០គីឡូក្រាម (មួយតោន)
២-មី ចំនួន ៥០កេស ស្មើនឹង ១,៥០០កញ្ចប់ (ប្រគេនព្រះសង្ឃ ១អង្គ ចំនួន ២កេស)
៣-ត្រីខ ចំនួន ៣៥យួរ ស្មើនឹង ៣៥០កំប៉ុង
៤-ទឹកស៊ីអ៊ីវ ចំនួន ២៥យួរ ស្មើនឹង ១៥០ដប
៥-ទឹកត្រី ចំនួន ២៥យួរ ស្មើនឹង ១៥០ដប
៦-ទឹកពិសាដប វីតាល់ ចំនួន ១២៥កេស ស្មើនឹង ៣,០០០ដប ( ប្រគេនព្រះសង្ឃ ១អង្គ ចំនួន ៥កេស)
៧-ភេសជ្ជៈ ចំនួន ៧៥កេស ស្មើនឹង ១,៨០០កំប៉ុង (ប្រគេនព្រះសង្ឃ ១អង្គ ចំនួន ៣កេស)
៨-ទឹកអាល់កុល ចំនួន ៣០លីត្រ (មួយកាន)
៩-កំប៉ុងសម្រាប់បាញ់ទឹកអាល់កុល ចំនួន ១៥កំប៉ុង
១០-ម៉ាសការពារ ចំនួន ២៥ប្រអប់ ស្មើនឹង ១,២៥០ម៉ាស (ប្រគេនព្រះសង្ឃ ១អង្គ ចំនួន ១ប្រអប់)
ចិត្តកុសលរបស់លោកឧកញ៉ា និងលោកជំទាវ ដែលបានធ្វើនាពេលនេះ សូមឧទ្ទិសមហាកុសលដល់ដួងវិញ្ញាណក្ខន្ធព្រះសព ព្រះតេជគុណ ប៊ូ កើត ព្រះចៅអធិការវត្តភ្នំជ័យគិរី (ហាន់ជ័យ) និងដួងព្រះវិញ្ញាណក្ខន្ធ ព្រះគ្រូវិបស្សនាចារ្យឥន្ទសរវិន័យ ព្រះនាម តុល ភួង ព្រះចៅអធិការវត្តរតនរង្សី (ទួលកែវ) និងដួងវិញ្ញាណក្ខន្ធ ឧបាសក លី ឡាយស្រ៊ុន និងឧបាសិកា ទា លីហួង ព្រមទាំងញាតិការសាច់សាលោហិតទាំងប្រាំពីរសន្តានដែលបានចែកឋានទៅកាន់បរមលោកហើយនោះ សូមនិមន្ត និងអញ្ជើញមកទទួលមហាកុសលដែលកើតចេញពីកម្លាំងសទ្ធាដ៏ជ្រះថ្លារបស់លោកឧកញ៉ា ឡាយ ប៊ុនប៉ា និងលោកជំទាវ ឡាយ ឈុននី ព្រមទាំងបុត្រា-បុត្រី និងចៅប្រុស-ចៅស្រីទាំងអស់គ្នា។
ក្នុងឱកាសនោះ ព្រះធម្មញាណ ប៉ុក ចំរើន ព្រះរាជាគណថ្នាក់កិត្តិយស ព្រះអនុគណក្រុងប៉ោយប៉ែត និងជាព្រះចៅអធិការវត្តសិរីមង្គលសុទ្ធារាម (ស្ទឹងបត់) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោកឧកញ៉ា ឡាយ ប៊ុនប៉ា និងលោកជំទាវ ឡាយ ឈុននី និងបុត្រា-បុត្រី ដែលតំណាងដោយលោក យ៉ាង គីមហ៊ុយ សូមគុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធលើលោកទាំងអស់ ទេវតាឆ្មាំថ្មីព្រះនាម “គោរាគទេវី” ជួយបីបាច់ថែរក្សាលោកឧកញ៉ា និងលោកជំទាវ ព្រមទាំងបុត្រា-បុត្រី និងចៅប្រុស -ចៅស្រី ឱ្យបានសេចក្តីសុខចម្រើន សុខភាពល្អ កម្លាំងពលំមាំមួន ប្រាជ្ញាវាងវៃ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕