​ឯកឧត្តម ឡាយ គឹម​លី សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ក្រុង​ប៉ោយប៉ែ​ត​ឱ្យ​បន្ត​យកចិត្តទុកដាក់​ណែនាំ តាមដាន​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​

​ក្រុង​ប៉ោយប៉ែត​-​ដោយៈ លាង សុភ័ក្ត្រ​

​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ​២០២០ ដោយ​អនុវត្ត​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​បន្ទាយមានជ័យ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹម​លី នាយក​ខុទ្ទកាល័យ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការរង នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ក្រុង​ប៉ោយប៉ែត តំណាង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ក្រុង​ប៉ោយប៉ែត បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ នៅ​សាលាក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​ថ្លែង​ក្នុង​នាម​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ក្រុង​ប៉ោយប៉ែត និង​ខេត្ត​បន្ទាយមានជ័យ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹម​លី បាន​ពាំនាំ​ការសួរសុខទុក្ខ ថ្លែងអំណរគុណ និង​កោតសរសើរ​ខ្ពស់​ចំពោះ​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត ក្រោម​ការដឹកនាំ​របស់​លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង រួម​នឹង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​រួមគ្នា អប់រំ​ផ្សព្វផ្សាយ​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​ពួកគាត់​ចូលរួម​អនុវត្តន៍​នូវ​រាល់​វិធាន​ការពារ​ការឆ្លង​ជំងឺ​កូវី​ដ​-១៩ (COVID-19) តាមរយ​:​ការរស់នៅ​ប្រកបដោយ​អនាម័យ​ជា​ដេ​ី​ម​។​ល​។

​ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹម​លី ក៏​បាន​សំណូមពរ​ឱ្យ​រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែត អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងអស់​ត្រូវ​បន្ត​យកចិត្តទុកដាក់​ណែនាំ តាមដាន ពិនិត្យ​មេ​ី​ល​ស្ថានភាព​រស់នៅ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ គ្រួសារ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ ដែល​វិល​ត្រលប់​មក​ពី​ក្រៅ​ប្រទេស ជា​ពិសេស​បងប្អូន​ពល​ករ​ដែល​ត្រលប់​ពីធ្វេី​ការ​នៅ​ប្រទេស​ថៃ ត្រូវ​ចុះ​ណែនាំ​ពួក​គាត់​ដល់​ខ្នង​ផ្ទះ សូម​បងប្អូន​នៅ​ផ្ទះ កុំ​ធ្វើ​ដំណើរ​ចល័ត (​ជា​បណ្តោះអាសន្ន​) អនុវត្ត​នូវ​គម្លាត​សុវត្ថិភាព​នៅ​ទីកន្លែង​មាន​មនុស្ស​ច្រើន និង​សូម​រក្សា​អនាម័យ​ល្អ ដូចជា​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ​និង​ទឹកស្អាត ឬ​អាល់កុល ឬ​ទឹកជែល​លាងដៃ​ឱ្យបាន​ញឹកញាប់ ប្រើប្រាស់​ម៉ាស់​ខ្ទប់មាត់​និង​ច្រមុះ​ពេល​ក្អក​កណ្តាស់​ជាដើម​។ កុំ​ដើរ​ចេញ​ក្រៅ​ជួបជុំ​មនុស្ស​ច្រើន ដោយ​ដាក់ខ្លួន​ឱ្យ​នៅ​ដាច់​ដោយឡែក​ចំនួន ១៤​ថ្ងៃ​។

​ក្នុងឱកាស​នោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹម​លី អនុប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ក្រុង​ប៉ោយប៉ែត​បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​លោកជំទាវ ឧកញ៉ា ហេម​ចិត្តា​មហា​ឧបាសិកា​ពុទ្ធសាសនូប​ត្ថ​ម្ភ​ក៍ ម៉ៅ ម៉ា​ល័យ កែ​គឹមយ៉ាន និង​ក្រុមការងារ​ចុះ​មូលដ្ឋាន​ក្រុង​ប៉ោយប៉ែត​ដើម្បី​ចូលរួម​បង្ការ ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ រួមមាន​៖
​អង្ករ​ខ្សាយ ចំនួន ៥,០០០​គីឡូក្រាម (៥​តោន​) និង​ខិត្តប័ណ្ណ ២,០០០​សន្លឹក ប្រគល់ជូន​÷
១-​រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែត ទទួលបាន​អង្ករខ្សាយ ចំនួន ២,០០០​គីឡូក្រាម (២​តោន​) និង​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ ចំនួន ២,០០០​សន្លឹក​
២-​សង្កាត់​ទាំង​៣ ក្នុង​ក្រុង​ប៉ោយ​ប៉ែត រួមមាន​÷
-​សង្កាត់​ប៉ោយប៉ែត ទទួលបាន​អង្ករខ្សាយ ចំនួន ១,០០០​គីឡូក្រាម (១​តោន​)
-​សង្កាត់​ផ្សារកណ្ដាល ទទួលបាន​អង្ករខ្សាយ ចំនួន ១,០០០​គីឡូក្រាម (១​តោន​)
-​សង្កាត់​និមិត្ត ទទួលបាន​អង្ករខ្សាយ ចំនួន ១,០០០​គីឡូក្រាម (១​តោន​)

​សូម​បញ្ជាក់​ជូន​ថា រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែត ក្រោម​កិច្ច​ដឹកនាំ​របស់​លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត បាន​រៀបចំ​យន្តការ​រួចជាស្រេច​ដោយ​អនុវត្ត​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ផ្នែក​ជំនួយ​សង្គម ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​នៅ​ក្នុងអំឡុងពេល​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ (COVID-19) ក្នុង​រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ​៕