ពិធី​ចែក​អំណោយ​មនុស្សធម៌​សង្គ្រោះ​ប្រជាពលរដ្ឋ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​ចំនួន ១៣៧​គ្រួសារ​ក្នុង​សង្កាត់​ប៉ោយប៉ែត ដំណាក់កាល​ទី​២

ក្រុង​ប៉ោយប៉ែត​-​ដោយៈ លាង សុភ័ក្ត្រ​

​ដោយ​អនុវត្ត​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​បន្ទាយមានជ័យ និង​ការចង្អុលបង្ហាញ​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹម​លី នាយក​ខុទ្ទកាល័យ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការរង នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ក្រុង​ប៉ោយប៉ែត ព្រមទាំង​ការគិតគូរ​យ៉ាង​ហ្មត់ចត់​ពី​សំណាក់ ឯកឧត្តម អ៊ំុ រាត្រី អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០២០​នេះ លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត ដឹកនាំ​គណៈ​អភិបាលក្រុង អាជ្ញាធរ​សង្កាត់​ប៉ោយ​ប៉ែត នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​លោកជំទាវ ឧកញ៉ា ហេម​ចិត្តា​មហា​ឧបាសិកា​ពុទ្ធសាសនូប​ត្ថ​ម្ភ​ក៍ ម៉ៅ ម៉ា​ល័យ កែ​គឹមយ៉ាន ចែកជូន​ប្រជាពលរដ្ឋ​ជួប​ការខ្វះខាត​ខ្លាំង​ក្នុង​ជីវភាព ចំនួន ១៣៧​គ្រួសារ ដំណាក់កាល​ទី​២ ក្នុង​សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​វត្តមាន​អមដំណើរ និង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចែក​អំណោយ​មនុស្សធម៌​នេះ រួមមាន ៖
១-​លោក កែវ តារា​រស្មី អភិបាលរង នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត
២-​លោកស្រី អៀង កាន់​ណា​រ៉ា អភិបាលរង នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត
៣-​លោក ហឿន វីរៈ អភិបាលរង នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត
៤-​លោក ញឹម ផឿង នាយក​រដ្ឋបាល​ក្រុង
៥-​លោក ខាត់ ធា នាយករង​រដ្ឋបាល​ក្រុង​
៦-​លោក ភោគ លន ចៅសង្កាត់ នៃ​សង្កាត់​ប៉ោយ​ប៉ែត ៧-​ព្រមទាំង​ប្រធាន​-​អនុប្រធាន​ការិយាល័យ​ជុំវិញ​ក្រុង ចៅសង្កាត់រង សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ប៉ោយប៉ែត ក្រុមការងារ​សង្កាត់ ក្រុមការងារ​ភូមិ និង​កម្លាំង​ប្រជា​ការពារ​ភូមិ រួម​នឹង​សប្បុរសជន​ជា​ម្ចាស់​អំណោយ​ជា​ច្រើន​នាក់​បាន​អញ្ជើញ​ចូលរួម​។​

​ដោយ​ប្រកាន់ខ្ជាប់​នូវ​វិធានការ​ដែល​ត្រូវ​ប្រកាន់​យក​មក​អនុវត្ត​សម្រាប់​ទប់ស្កាត់​ការចម្លង​វីរុស​កូវី​ដ​-១៩ ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​ទៀត​ជា​ចាំបាច់ ពិសេស​ក្រោម​ការណែនាំ និង​ចង្អុលបង្ហាញ​ពី​លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត និង​លោក ភោគ លន ចៅសង្កាត់ នៃ​សង្កាត់​ប៉ោយ​ប៉ែត អំណោយ​មនុស្សធម៌​ទាំង ១៣៧​គ្រួសារ​នេះ ត្រូវបាន​ក្រុមការងារ​សង្កាត់​-​ភូមិ និង​កម្លាំង​ប្រជា​ការពារ​ភូមិ​បែងចែក​ជា​ពីរ​ពេល​គឺ​៖
១-​ពេលព្រឹក ចំនួន ៨២​គ្រួសារ មកពី​ភូមិ​ក្បាល​កោះ​
២-​ពេល​ល្ងាច ចំនួន ៥៥​គ្រួសារ មកពី​ភូមិ​ប៉ោយ​ប៉ែត​

​ក្នុងឱកាស​ចែក​អំណោយ​មនុស្សធម៌​នេះ ក្រុមការងារ​សង្កាត់​ប៉ោយ​ប៉ែត និង​កម្លាំង​ប្រជា​ការពារ​ភូមិ បាន​ធ្វើ​ការចែកជូន​ម៉ាស់ បាញ់​អាល់កុល​លាង​សម្អាត​ដៃ​សម្លាប់​មេរោគ និង​វាស់​កម្តៅ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​មក​ទទួល​អំណោយ​យ៉ាង​យកចិត្តទុកដាក់ និង​ការទទួលខុសត្រូវ​ខ្ពស់ ជាពិសេស​នោះ បាន​រៀបចំ​ជូន​ពួកគាត់ (​ប្រជាពលរដ្ឋ​) នូវ​កន្លែង​អង្គុយ​ស្ថិត​ក្នុង​គម្លាត​សុវត្ថិភាព​ឆ្ងាយៗ​ពីគ្នា ក្នុងន័យ​បង្ការ និង​ទប់ស្កាត់​ការចម្លង​ជំងឺ​ឧត្បាត កូវី​ដ​-១៩ (COVID-19)​។​

​ថ្លែង​ទៅ​កាន់​ពិធី​ចែក​អំណោយ​នេះ លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​លោកជំទាវ ឧកញ៉ា ហេម​ចិត្តា​មហា​ឧបាសិកា​ពុទ្ធសាសនូប​ត្ថ​ម្ភ​ក៍ ម៉ៅ ម៉ា​ល័យ កែ​គឹមយ៉ាន និង​សប្បុរសជន​ដែល​មាន​ស​មានចិត្ត​សប្បុរស​ចូលរួម​ជាមួយនឹង​សកម្មភាព​មនុស្សធម៌រ​បស់​រដ្ឋបាល​ក្រុង និង​សង្កាត់​ប៉ោយ​ប៉ែត​នា​ពេល​នេះ​។ ដោយ​សកម្មភាព​នេះ​ចាត់ទុក​ថា​បាន​ចូល​ចំពេល​ក្នុង​ស្ថានភាព​នៃ​ការ​រាតត្បាត​របស់​វីរុស​កូវី​ដ​-១៩ បណ្តាល​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​ក្នុង​មូលដ្ឋាន​ជួប​ការខ្វះខាត​ស្បៀង​ប្រចាំថ្ងៃ​។ ក្នុងឱកាស​នោះ លោក​អភិបាលក្រុង បាន​សង្កត់ធ្ងន់ថា ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ និង​ក្នុង​នាម​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត ខ្ញុំបាទ (​គាត ហ៊ុល​) តាំងចិត្ត​យ៉ាង​មុតមាំ​ថា “​ដាច់ខាត​មិន​ទុកចោល​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់ ដាច់​ពោះ​ស្លាប់​ដោយសារ​អត់​អាហារ​នោះឡើយ​”​។​

​សូម​ជម្រាប​ជូន​ថា លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត បាន​អំពាវនាវ​នៅក្នុង​ឱកាស​ថ្ងៃ​បង្ហើយ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​នេះ សូម​បងប្អូន​នៅ​ផ្ទះ កុំ​ធ្វើ​ដំណើរ​ចល័ត (​ជា​បណ្តោះអាសន្ន​) អនុវត្ត​នូវ​គម្លាត​សុវត្ថិភាព​នៅ​ទីកន្លែង​មាន​មនុស្ស​ច្រើន និង​សូម​រក្សា​អនាម័យ​ល្អ ដូចជា​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ​និង​ទឹកស្អាត ឬ​អាល់កុល ឬ​ទឹកជែល​លាងដៃ​ឱ្យបាន​ញឹកញាប់ ប្រើប្រាស់​ម៉ាស់​ខ្ទប់មាត់​និង​ច្រមុះ​ពេល​ក្អក​កណ្តាស់​ជាដើម​។ ស្វែង​យល់​បន្ថែមទៀត​អំពី​វិធានការ​ដែល​ត្រូវ​ប្រកាន់​យក​មក​អនុវត្ត​សម្រាប់​ទប់ស្កាត់​ការចម្លង​វីរុស​កូវី​ដ​-១៩ ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​ទៀត​ជា​ចាំបាច់​។​

​លោក​អភិបាលក្រុង​ប៉ោយ​ប៉ែត បាន​បញ្ជាក់បន្ថែម​ថា សូម​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវប្រកាន់យក​ការផ្លាស់ប្តូរ​ឥរិយាបថ ឬ​ទម្លាប់​របស់​ខ្លួន​ជា​ចាំបាច់​នៅក្នុង​ដំណាក់កាល​ដែល​វីរុស​កូវី​ដ​-១៩ ត្រូវបាន​រក​ឃើញ​ក្នុង​ចំណោម​ជនបរទេស​ជា​បន្តបន្ទាប់​នេះ និង​អនុវត្ត​ការដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​ចំនួន​១៤​ថ្ងៃ សម្រាប់​បុគ្គល​ចំណាកស្រុក​ដែល​បាន​វិល​ត្រលប់​មក​ផ្ទះសម្បែង ហើយ​សំខាន់​បំផុត​នោះ ដើម្បី​សុខភាព​យើងទាំងអស់គ្នា​ចៀសផុត​ពី​ការចម្លង​វីរុស​កូវី​ដ​-១៩ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវតែ​ខិតខំ​អនុវត្ត​តាម​ការណែនាំ និង​បទបញ្ជា​ប្រកបដោយ​គតិបណ្ឌិត​និង​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការណែនាំ​ផ្សេងៗ​ទៀត​របស់​ក្រសួង​សុខាភិបាល ឱ្យបាន​ខ្ជាប់ខ្ជួន​ជាទីបំផុត​។​

​ជាមួយគ្នានេះ ក្នុង​ពិធី​ចែក​អំណោយ​មនុស្សធម៌​នេះ លោក លី ហ្វេ​ន និង​ភរិយា ម្ចាស់​សណ្ឋាគារ លី ហេង​ឆាយ ក្រុង​ប៉ោយប៉ែត បាន​ចូលរួមចំណែក​ការងារ​មនុស្សធម៌​ឧបត្ថម្ភ​ជូន​អាជ្ញាធរ​សង្កាត់​ប៉ោយប៉ែ​ត​នូវ​ថវិកា​ចំនួន ១,០០០,០០០ (​មួយ​លាន​) រៀល ផងដែរ​។​

​សូម​រម្លឹក​ផងដែរ​ថា រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែត និង​អាជ្ញាធរ​សង្កាត់​ទាំងបី (​សង្កាត់​ប៉ោយប៉ែត​, សង្កាត់​ផ្សារកណ្ដាល​, និង​សង្កាត់​និមិត្ត​) ក្រោម​ការដឹកនាំ​ចុះ​ផ្ទាល់​ពី​លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត ចែក​ជូន​អំណោយ​មនុស្ស​ធម៌​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ ក្នុង​ដំណាក់កាល​ទី​១ នៅ​ទូទាំង​ក្រុង​ប៉ោយប៉ែត​សរុប​ចំនួន​ជាង ៣,០០០​គ្រួសារ​។ ហើយ​នៅ​ថ្ងៃនេះ​ដែរ ជាការ​ចែក​អំណោយ​មនុស្សធម៌​ដល់​ប្រជាពលរដ្ឋ​ជួប​ការខ្វះខាត​ខ្លាំង​ក្នុង​ជីវភាព​ក្នុង​ដំណាក់​ការ​ទី​២ ចំនួន ១៣៧​គ្រួសារ ក្នុង​ស្ថានភាព​នៃ​ការរីក​រាលដាល​របស់​ជំងឺ​ឧត្បាត​វីរុស​កូវី​ដ​-១៩៕