ពិធី​ចែក​អំណោយ​មនុស្សធម៌​សង្គ្រោះ​ប្រជាពលរដ្ឋ ២០២​គ្រួសារ​ក្នុង​ភូមិ​អូរឫស្សី សង្កាត់​ផ្សារកណ្ដាល​

ក្រុង​ប៉ោយប៉ែត​-​ដោយៈ លាង សុភ័ក្ត្រ​

​លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត បាន​មានប្រសាសន៍ថា “​ដាច់ខាត មិន ទុកចោល បងប្អូន ប្រជាពលរដ្ឋ ណា ម្នាក់ ដាច់ ពោះ ស្លាប់ ដោយសារ អត់ អាហារ នោះ ឡើយ​”​។ លោក​អភិបាលក្រុង​ប៉ោយ​ប៉ែត បាន​ថ្លែង​ដូច្នេះ ក្នុង​ពិធី​ចែក​អំណោយ​មនុស្សធម៌​ចំនួន ២០២​គ្រួសារ​ក្នុង​ភូមិ​អូរឫស្សី ក្រោម​ការដឹកនាំ​រៀបចំ​យ៉ាង​យកចិត្ត​បំផុត​ពី​សំណាក់​លោក សាំង ឃឺន មេភូមិ​អូរឫស្សី ក្រោម​ការចង្អុលបង្ហាញ​ពី​លោក ស្រិល អុិន ចៅសង្កាត់ នៃ​សង្កាត់​ផ្សារកណ្តាល ដោយ​ឈរ​លើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ចុះ​បំពេញ​កាតព្វកិច្ច​ការពា​រ និង​សង្គ្រោះ​សុខភាព និង​ជីវិត​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ក្នុង​ស្ថានភាព​នៃ​ការ​រាតត្បាត​ដោយ​វីរុស​កូវី​ដ​-១៩ (COVID-19) នៅ ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០២០ ក្នុង​មូលដ្ឋាន​ភូមិ​អូរឫស្សី សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​ដោយ​ប្រកាន់ខ្ជាប់​នូវ​វិធានការ​ដែល​ត្រូវ​ប្រកាន់​យក​មក​អនុវត្ត​សម្រាប់​ទប់ស្កាត់​ការចម្លង​វីរុស​កូវី​ដ​-១៩ ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​ទៀត​ជា​ចាំបាច់ ពិសេស​ក្រោម​ការណែនាំ និង​ចង្អុលបង្ហាញ​ពី​លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត និង​លោក ស្រិល អុិន ចៅសង្កាត់ នៃ​សង្កាត់​ផ្សារកណ្តាល អំណោយ​មនុស្សធម៌​ទាំង ២០២​គ្រួសារ​នេះ ត្រូវបាន​លោក​សាំង ឃឺន មេភូមិ​អូរឫស្សី បាន​ដឹកនាំ​ក្រុមការងារ​ភូមិ និង​កម្លាំង​ប្រជា​ការពារ​ភូមិ​បែងចែក​ជា​ពីរ​ទី​តាំងគឺៈ ទីតាំង​ទីមួយ ចំនួន ១០០​គ្រួសារ បាន​រៀបចំ​ពិធី​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​នៅ​ក្នុង​វត្ត​វេឡុវ័ន​ពោធិ​ញ្ញាណ ហៅ វត្ត​អូរឫស្សី​។ ជាមួយគ្នានេះ ទីតាំង​ទី​ពីរ បាន​រៀបចំ​ធ្វើឡើង​នៅក្នុង​អនុវិទ្យាល័យ​អូរឫស្សី ចំនួន ១០២​គ្រួសារ​។​

​វត្តមាន​អមដំណើរ និង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចែក​អំណោយ​មនុស្សធម៌​នេះ រួមមានៈ លោក កែវ តារា​រស្មី អភិបាលរង នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត លោក ញឹម ផឿង នាយក​រដ្ឋបាល​ក្រុង លោក ស្រិល អុិន ចៅសង្កាត់ នៃ​សង្កាត់​ផ្សារកណ្តាល លោក សាំង ឃឺន មេភូមិ​អូរឫស្សី ព្រមទាំង​ប្រធាន​-​អនុប្រធាន​ការិយាល័យ​ជុំវិញ​ក្រុង ក្រុមការងារ​សង្កាត់​ផ្សារកណ្ដាល ក្រុមការងារ​ភូមិ និង​កម្លាំង​ប្រជា​ការពារ​ភូមិ​អូរឫស្សី ជាច្រើន​នាក់​បាន​អញ្ជើញ​ចូលរួម​។​

​ក្នុងឱកាស​ចែក​អំណោយ​មនុស្សធម៌​នេះ ក្រុមការងារ​ភូមិ និង​កម្លាំង​ប្រជា​ការពារ​ភូមិ​អូរឫស្សី​បាន​ធ្វើ​ការចែកជូន​ម៉ាស់ បាញ់​អាល់កុល​លាង​សម្អាត​ដៃ​សម្លាប់​មេរោគ និង​វាស់​កម្តៅ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​មក​ទទួល​អំណោយ​យ៉ាង​យកចិត្តទុកដាក់ និង​ការទទួលខុសត្រូវ​ខ្ពស់ ជាពិសេស​នោះ បាន​រៀបចំ​ជូន​ពួកគាត់ (​ប្រជាពលរដ្ឋ​) នូវ​កន្លែង​អង្គុយ​ស្ថិត​ក្នុង​គម្លាត​សុវត្ថិភាព​ឆ្ងាយៗ​ពីគ្នា ក្នុងន័យ​បង្ការ និង​ទប់ស្កាត់​ការចម្លង​ជំងឺ​ឧត្បាត កូវី​ដ​-១៩ (COVID-19)​។​

​សូម​ជម្រាប​ជូន​ថា អំណោយ​មនុស្សធម៌​ជា​គ្រឿងឧបភោគ​និង​បរិភោគ រួមមានៈ អង្ករ និង​មី ដែល​បាន​ចែកជូន​នា​ពេល​នេះ គឺ​បានមកពី​ការចូលរួម​បរិច្ចាគ និង​ឧបត្ថម្ភ​របស់​សប្បុរស​ជន​នានា តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​អំពាវនាវ​កៀរគរ​របស់​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត អាជ្ញាធរ​សង្កាត់​ផ្សារកណ្ដាល និង​លោក សាំង ឃឺន មេភូមិ​អូរឫស្សី ព្រមទាំង​ក្រុម​ការងារ​ភូមិ ក្នុង​កាលៈទេសៈ​នៃ​តំរូវការ​ចាំបាច់​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដែល​បាន​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ការរីក​រាលដាល​ជា​សកល​នៃ​វីរុស​កូវី​ដ​-១៩ នៅ​ទូទាំង​ពិភពលោក​។​

​ម្ចាស់​អំណោយ​មនុស្សធម៌​ទាំងអស់នេះ រួមមាន ៖
១-​លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត​
២-​លោក ស្រិល អុិន ចៅសង្កាត់ នៃ​សង្កាត់​ផ្សារកណ្តាល​
៣-​លោក​សាំង ឃឺន មេភូមិ​អូរឫស្សី
៤-​លោក ញឹម សុផល​
៥-​លោក ឃឺន សុខ​លីម​
៦-​លោក ឃឺន សា​ខន​
៧-​លោក ឃឺន ផល្លា​

ក្នុងឱកាស​នោះ លោក គាត ហ៊ុល អភិបាលនៃគណៈ អភិបាលក្រុងប៉ោយ​ប៉ែតបានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះនាម​សប្បុរសជន​ដែលមានសមានចិត្តសប្បុរសចូលរួមជាមួយនឹងសកម្មភាពមនុស្សធម៌​របស់រដ្ឋបាល ក្រុងសង្កាត់ និង​ក្រុមការងារ​ភូមិ​អូរឫស្សីនាពេលនេះ ។ ដោយសកម្មភាពនេះចាត់ទុកថា បាន ចូលចំពេលក្នុងស្ថានភាព នៃការរាតត្បាតរបស់វីរុសកូវីដ -១៩ បណ្តាលឱ្យបងប្អូនប្រជាពលរដ្ឋមួយចំនួន ក្នុង មូលដ្ឋានជួបការខ្វះខាតស្បៀងប្រចាំថ្ងៃ ។ ក្នុងឱកាសនោះ លោកអភិបាលក្រុង​បានសង្កត់ធ្ងន់​ថា ក្នុងនាម​រាជរដ្ឋាភិបាលកម្ពុជានិង​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ និងក្នុងនាមរដ្ឋបាលក្រុងប៉ោយ​ប៉ែតខ្ញុំបាទ (​គាត ហ៊ុល​) តាំងចិត្តយ៉ាងមុតមាំថា “​ដាច់ខាតមិនទុកចោលបងប្អូន ប្រជាពលរដ្ឋ​ណា​ម្នាក់​ដាច់​ពោះ​ស្លាប់​ដោយ​សារ​អត់ អាហារ​នោះ​ឡើយ​”​។​

​សូម​ជម្រាប​ជូន​ថា លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត បាន​អំពាវនាវ​នៅក្នុង​ឱកាស​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​នេះ សូម​បងប្អូន​នៅ​ផ្ទះ កុំ​ធ្វើ​ដំណើរ​ចល័ត (​ជា​បណ្តោះអាសន្ន​) អនុវត្ត​នូវ​គម្លាត​សុវត្ថិភាព​នៅ​ទីកន្លែង​មាន​មនុស្ស​ច្រើន និង​សូម​រក្សា​អនាម័យ​ល្អ ដូចជា​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ​និង​ទឹកស្អាត ឬ​អាល់កុល ឬ​ទឹកជែល​លាងដៃ​ឱ្យបាន​ញឹកញាប់ ប្រើប្រាស់​ម៉ាស់​ខ្ទប់មាត់​និង​ច្រមុះ​ពេល​ក្អក​កណ្តាស់​ជាដើម​។ ស្វែង​យល់​បន្ថែមទៀត​អំពី​វិធានការ​ដែល​ត្រូវ​ប្រកាន់​យក​មក​អនុវត្ត​សម្រាប់​ទប់ស្កាត់​ការចម្លង​វីរុស​កូវី​ដ​-១៩ ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​ទៀត​ជា​ចាំបាច់​។​

​លោក​អភិបាលក្រុង​ប៉ោយ​ប៉ែត បាន​បញ្ជាក់បន្ថែម​ថា សូម​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវប្រកាន់យក​ការផ្លាស់ប្តូរ​ឥរិយាបថ ឬ​ទម្លាប់​របស់​ខ្លួន​ជា​ចាំបាច់​នៅក្នុង​ដំណាក់កាល​ដែល​វីរុស​កូវី​ដ​-១៩ ត្រូវបាន​រក​ឃើញ​ក្នុង​ចំណោម​ជនបរទេស​ជា​បន្តបន្ទាប់​នេះ និង​អនុវត្ត​ការដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​ចំនួន​១៤​ថ្ងៃ សម្រាប់​បុគ្គល​ចំណាកស្រុក​ដែល​បាន​វិល​ត្រលប់​មក​ផ្ទះសម្បែង ហើយ​សំខាន់​បំផុត​នោះ ដើម្បី​សុខភាព​យើងទាំងអស់គ្នា​ចៀសផុត​ពី​ការចម្លង​វីរុស​កូវី​ដ​-១៩ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវតែ​ខិតខំ​អនុវត្ត​តាម​ការណែនាំ និង​បទបញ្ជា​ប្រកបដោយ​គតិបណ្ឌិត​និង​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការណែនាំ​ផ្សេងៗ​ទៀត​របស់​ក្រសួង​សុខាភិបាល ឱ្យបាន​ខ្ជាប់ខ្ជួន​ជាទីបំផុត​៕