ក្រុមហ៊ុន សុខា រ៉េ​ស៊ី​ដិន (SOKHA Residences) ឧបត្ថម្ភ​ថវិកា និង​គ្រឿងឧបភោគ​និង​បរិភោគ​មួយចំនួន​ជូន​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​

ក្រុង​ប៉ោយប៉ែត​-​ដោយ​: លាង សុភ័ក្ត្រ

​នៅ ព្រឹក ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០២០ នេះ រដ្ឋបាល ក្រុង ប៉ោយ ប៉ែត បាន ទទួល អំណោយ​មនុស្សធម៌​ជា​ថវិកា និង​គ្រឿងឧបភោគ​និង​បរិភោគ​មួយចំនួន​ពី​លោក ឈាន សុខា អគ្គនាយក​ក្រុមហ៊ុន សុខា រ៉េ​ស៊ី​ដិន (SOKHA Residences) ប្រគល់ ជូន ទៅ រដ្ឋបាល ក្រុង ប៉ោយ ប៉ែត ដើម្បី រួមចំណែក ក្នុង ការងារ មនុស្សធម៌ ក្នុង កិច្ច ជួយ សង្គ្រោះ ប្រជាពលរដ្ឋ ក្រីក្រ និង ជន ងាយ រងគ្រោះ ដែល កំពុង ជួប ការខ្វះខាត ស្បៀង យ៉ាងខ្លាំង ក្នុង កាលៈទេសៈ នៃ ការរីក រាលដាល នៃ ជំងឺ ឧត្បាត​វីរុស​កូវី ដ -១៩ (COVID-19) នាពេល បច្ចុប្បន្ន នេះ ។

ពិធី ប្រគល់ និង ទទួល អំណោយ ជា ថវិកា និង​គ្រឿងឧបភោគ​និង​បរិភោគ​មួយ​ចំនួន​នេះ បាន ធ្វើឡើង ក្រោម វត្តមាន លោក គាត ហ៊ុល អភិបាល នៃ គណៈ អភិបាលក្រុង ប៉ោយ​ប៉ែត និង​លោក ឈាន សុខា អគ្គនាយក​ក្រុមហ៊ុន សុខា រ៉េ​ស៊ី​ដិន (SOKHA Residences) រួម នឹង ក្រុមការងារ នៅ សាលាក្រុង ប៉ោយ ប៉ែត ខេត្ត បន្ទាយមានជ័យ ។​

​អំណោយ​មនុស្សធម៌​ជា​ថវិកា និង​គ្រឿងឧបភោគ​និង​បរិភោគ​ដែល​លោក ឈាន សុខា អគ្គនាយក​ក្រុមហ៊ុន សុខា រ៉េ​ស៊ី​ដិន (SOKHA Residences) បាន​បរិច្ចាគ​ជូន​រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែត​នា​ពេល​នេះ រួមមានៈ អង្ករ​ខ្សាយ ចំនួន ១,០០០​គីឡូក្រាម (១​តោន​), មី ១០​កេស​ធំ​, ទឹក​សុទ្ធ ១០​យួរ​, ទឹកត្រី ៥​យួរ​, ត្រីខ ១០០​កំប៉ុង រួម​នឹង​ថវិកា​ចំនួន ១,៦០០,០០០ (​មួយ​លាន​ប្រាំមួយ​សែន​) រៀល​។​

លោក គាត ហ៊ុល អភិបាល នៃ គណៈ អភិបាលក្រុង ប៉ោយ​ប៉ែត បាន ថ្លែងអំណរគុណ យ៉ាង ជ្រាលជ្រៅ ចំពោះ លោក ឈាន សុខា អគ្គនាយក​ក្រុមហ៊ុន សុខា រ៉េ​ស៊ី​ដិន (SOKHA Residences) រួម នឹង ក្រុមការងារ ដែល មាន ស មានចិត្ត សប្បុរស ចូលរួម ជាមួយនឹង សកម្មភាព មនុស្សធម៌រ បស់ រដ្ឋបាល ក្រុង នាពេលនេះ ។ ដោយ សកម្មភាព នេះ ចាត់ទុក ថា បាន ចូល ចំពេល ក្នុង ស្ថានភាព នៃ ការ រាតត្បាត របស់ វីរុស កូវី ដ -១៩ បណ្តាល ឱ្យ បងប្អូន ប្រជាពលរដ្ឋ មួយចំនួន ក្នុង មូលដ្ឋាន ជួប ការខ្វះខាត ស្បៀង ប្រចាំថ្ងៃ ។ ក្នុងឱកាស នោះ លោក អភិបាលក្រុង បាន សង្កត់ធ្ងន់​ថា ក្នុងនាម រាជរដ្ឋាភិបាល កម្ពុជា និង ក្នុង នាម រដ្ឋបាល ក្រុង ប៉ោយ​ប៉ែត តាំងចិត្ត យ៉ាង មុតមាំ ថា “​ដាច់ខាត មិន ទុកចោល បងប្អូន ប្រជាពលរដ្ឋ ណា ម្នាក់ ដាច់ ពោះ ស្លាប់ ដោយសារ អត់ អាហារ នោះ ឡើង “​។​

​សូម​ជម្រាប​ជូន​ថា លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត បាន​អំពាវនាវ​នៅក្នុង​ឱកាស​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​នេះ សូម​បងប្អូន​នៅ​ផ្ទះ កុំ​ធ្វើ​ដំណើរ​ចល័ត (​ជា​បណ្តោះអាសន្ន​) អនុវត្ត​នូវ​គម្លាត​សុវត្ថិភាព​នៅ​ទីកន្លែង​មាន​មនុស្ស​ច្រើន និង​សូម​រក្សា​អនាម័យ​ល្អ ដូចជា​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ​និង​ទឹកស្អាត ឬ​អាល់កុល ឬ​ទឹកជែល​លាងដៃ​ឱ្យបាន​ញឹកញាប់ ប្រើប្រាស់​ម៉ាស់​ខ្ទប់មាត់​និង​ច្រមុះ​ពេល​ក្អក​កណ្តាស់​ជាដើម​។ ជាមួយគ្នានេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ស្វែង​យល់​បន្ថែមទៀត​អំពី​វិធានការ​ដែល​ត្រូវ​ប្រកាន់​យក​មក​អនុវត្ត​សម្រាប់​ទប់ស្កាត់​ការចម្លង​វីរុស​កូវី​ដ​-១៩ ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​ទៀត​ជា​ចាំបាច់​៕