ក្រុងប៉ោយប៉ែត-ដោយ: លាង សុភ័ក្ត្រ
នៅព្រឹក ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ អាជ្ញាធរសង្កាត់និមិត្ត បានទទួលអង្ករខ្សាយ ចំនួន ៥០០គីឡូក្រាមពីលោក លោក គង់ សុខ សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត និងលោក សុខ សែន អាជីវករ និងភរិយា (កូនបង្កើត និងកូនប្រសា) ព្រមទាំងក្រុមគ្រួសារ បរិច្ចាគជូនអាជ្ញាធរសង្កាត់និមិត្ត ដើម្បីរួមចំណែកក្នុងការងារមនុស្សធម៌ក្នុងកិច្ចជួយសង្គ្រោះប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះដែលកំពុងជួបការខ្វះខាតស្បៀងយ៉ាងខ្លាំងក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19) នាពេលបច្ចុប្បន្ននេះ។
ពិធីប្រគល់ និងទទួលអំណោយជាស្បៀងយុទ្ធសាស្ត្រ (អង្ករខ្សាយ) នាព្រឹកនេះ បានធ្វើឡើងក្រោមវត្តមាន លោក គង់ សុខ សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត និងលោក ហ៊ុល សំអូន ចៅសង្កាត់ នៃសង្កាត់និមិត្ត រួមនឹងចៅសង្កាត់រង សមាជិកក្រុមប្រឹក្សាសង្កាត់ និងលោក សុខ សែន អាជីវករ ត្រូវជាកូនប្រុសបង្កើត រួមនឹងក្រុមគ្រួសារ នៅសាលាសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានេះ លោក គង់ សុខ សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែតបាននាំយកអំណោយរបស់លោក សាន ស៊ានហូ ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ជាស្បែកជើងចែកជូនបងប្អូនកម្លាំងប្រជាការពារភូមិចំនួន ១៧០នាក់ ក្នុងម្នាក់ទទួលបានមួយគូផងដែរ។
ក្នុងឱកាសនោះ លោក ហ៊ុល សំអូន ចៅសង្កាត់ នៃសង្កាត់និមិត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោក គង់ សុខ សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត និងលោក សុខ សែន អាជីវករ និងភរិយា (កូនបង្កើត និងកូនប្រសា) ព្រមទាំងក្រុមគ្រួសារ ដែលមានសមានចិត្តសប្បុរសចូលរួមបរិច្ចាគជាមួយនឹងសកម្មភាពមនុស្សធម៌របស់អាជ្ញាធរសង្កាត់និមិត្តនាពេលនេះ។ ដោយសកម្មភាពនេះចាត់ទុកថាបានចូលរួមចំពេលក្នុងស្ថានភាពនៃការរាតត្បាតរបស់វីរុសកូវីដ-១៩ បណ្តាលឱ្យបងប្អូនប្រជាពលរដ្ឋមួយចំនួនក្នុងមូលដ្ឋានជួបការខ្វះខាតស្បៀងប្រចាំថ្ងៃជាខ្លាំង។
សូមជម្រាបជូនថា លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានអំពាវនាវនៅក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ សូមបងប្អូននៅផ្ទះ កុំធ្វើដំណើរចល័ត (ជាបណ្តោះអាសន្ន) អនុវត្តនូវគម្លាតសុវត្ថិភាពនៅទីកន្លែងមានមនុស្សច្រើន និងសូមរក្សាអនាម័យល្អ ដូចជាឧស្សាហ៍លាងដៃជាមួយសាប៊ូនិងទឹកស្អាត ឬអាល់កុល ឬទឹកជែលលាងដៃឱ្យបានញឹកញាប់ ប្រើប្រាស់ម៉ាស់ខ្ទប់មាត់និងច្រមុះពេលក្អកកណ្តាស់ជាដើម។ ស្វែងយល់បន្ថែមទៀតអំពីវិធានការដែលត្រូវប្រកាន់យកមកអនុវត្តសម្រាប់ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតជាចាំបាច់៕