ក្រុងប៉ោយប៉ែត-ដោយ: លាង សុភ័ក្ត្រ
នៅរសៀល ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះ រដ្ឋបាលក្រុងប៉ោយប៉ែត បានទទួលអង្ករខ្សាយ ចំនួន ៥០០គីឡូក្រាម ពីអ្នកនាង ប៉ែន ស្រីអូន តំណាងក្រុមហ៊ុន ភីខេ ឃ្វីន លែន ឌីវេឡុបម៉ិន ឯ.ក (PK QUEEN LAND DEVELOPMENT CO., LTD) និងលោក ហួត គឹមហាក់ ព្រមទាំងសហការី ប្រគល់ជូនទៅរដ្ឋបាលក្រុងប៉ោយប៉ែត ដើម្បីរួមចំណែកក្នុងការងារមនុស្សធម៌ក្នុងកិច្ចជួយសង្គ្រោះប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះដែលកំពុងជួបការខ្វះខាតស្បៀងយ៉ាងខ្លាំងក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19) នាពេលបច្ចុប្បន្ននេះ។
ពិធីប្រគល់ និងទទួលអំណោយជាទំនិញយុទ្ធសាស្ត្រ (អង្ករខ្សាយ) បានធ្វើឡើងក្រោមវត្តមានលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត និងអ្នកនាង ប៉ែន ស្រីអូន តំណាងក្រុមហ៊ុន ភីខេ ឃ្វីន លែន ឌីវេឡុបម៉ិន ឯ.ក (PK QUEEN LAND DEVELOPMENT CO., LTD) រួមនឹងក្រុមការងារ នៅសាលាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ
អ្នកនាង ប៉ែន ស្រីអូន តំណាងក្រុមហ៊ុន និងក្រុមហ៊ុន ក្រុមហ៊ុន ភីខេ ឃ្វីន លែន ឌីវេឡុបម៉ិន ឯ.ក (PK QUEEN LAND DEVELOPMENT CO., LTD) រួមនឹងក្រុមការងារ ដែលមានសមានចិត្តសប្បុរសចូលរួមជាមួយនឹងសកម្មភាពមនុស្សធម៌របស់រដ្ឋបាលក្រុងនាពេលនេះ។ ដោយសកម្មភាពនេះចាត់ទុកថាបានចូលចំពេលក្នុងស្ថានភាពនៃការរាតត្បាតរបស់វីរុសកូវីដ-១៩ បណ្តាលឱ្យបងប្អូនប្រជាពលរដ្ឋមួយចំនួនក្នុងមូលដ្ឋានជួបការខ្វះខាតស្បៀងប្រចាំថ្ងៃ។ ក្នុងឱកាសនោះ លោកអភិបាលក្រុង បានសង្កត់ធ្ងន់ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមរដ្ឋបាលក្រុងប៉ោយប៉ែត តាំងចិត្តយ៉ាងមុតមាំថាដាច់ខាតមិនទុកចោលបងប្អូនប្រជាពលរដ្ឋណាម្នាក់ដាច់ពោះស្លាប់ដោយសារអត់អាហារនោះឡើង៕