ឯកឧត្តម សេង ទៀង ជំនួយការ​ផ្ទាល់​សម្តេច​តេជោ និង​លោកជំទាវ​នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រគល់ជូន​គ្រួសារ​កូនភ្លោះ​៣​នាក់​ក្នុង​ក្រុង​ប៉ោយប៉ែត​

ក្រុង​ប៉ោយប៉ែត​-​ដោយ​: លាង សុភ័ក្ត្រ​

​នៅ​រសៀល​ថ្ងៃ​សៅរ៍ ៤​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០២០ ឯកឧត្តម សេង ទៀង ជំនួយការ​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ អមដំណើរ​ដោយ​លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត បាន​អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​សប្បុរ​ធម៌​ដ៏​ថ្លៃថ្លា​បំផុត​របស់​សម្ដេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន លើក​ទី​៣៦០ (​គ្រួសារ​មាន​កូនភ្លោះ​៣​នាក់​នៅ​ទូទាំង​ប្រទេស​) ប្រគល់​ជូន​គ្រួសារ​កូនភ្លោះ​៣​នាក់ នៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយ​បែ​ត ខេត្ត​បន្ទាយមានជ័យ​។​

​អំណោយ​សប្បុរសធម៌រ​បស់​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​ប្រគល់ជូន​នាពេល​នេះ​រួមមាន​៖ អង្ករ​ខ្សាយ ចំនួន ២០០​គីឡូក្រាម​, ស្ករ​-​ស ០៥​គីឡូក្រាម​, ទឹកដោះគោ​ម្សៅ ១​កេស​ធំ​, សារុង​០២, ក្រមា​០២ និង​ថវិកា​ចំនួន ៥,០០០,០០០ (​ប្រាំ​លាន​) រៀល​។ កូនភ្លោះ ៣​នាក់ ដែល​បាន​ប្រសូត្រ​នៅ​ក្រុង​ប៉ោយប៉ែត​នេះ បាន​ក្លាយ​ជា​ចៅៗ របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​។​

​ឯកឧត្តម សេង ទៀង បាន​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូ​ររ​យ៉ាង​ហ្មត់ចត់​ចំពោះ​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​គឺ​សុខទុក្ខ​អ្នក​ដែល​សម្រាល​បាន​កូនភ្លោះ​៣​នាក់​។ មិនតែប៉ុណ្ណោះ សម្តេច​ទាំង​ទ្វេ​បានចាត់ទុក​កូនភ្លោះ ៣​នាក់​នេះ ជា​ចៅ​របស់​សម្តេច​ផងដែរ​។​

​ជាមួយគ្នា​នោះ​ដែរ ឯកឧត្តម សេង ទៀង និង​លោកជំទាវ ក៏​បាន​ណែនាំ​ឱ្យ​ក្រុមគ្រួសារ​កូនភ្លោះ​ទាំង​៣​នាក់​នេះ ត្រូវ​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ និង​រក្សា​អនាម័យ​ឱ្យបាន​ខ្ជាប់ខ្ជួន​ជាប្រចាំ​ក្នុង​កាលៈទេសៈ​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩ (COVID-19) នាពេល​បច្ចុប្បន្ន​នេះ​។​

​សូម​ជម្រាប​ជូន​ថា គ្រួសារ​ប្រជាពលរដ្ឋ​ដែល​សម្រាល​បាន​កូនភ្លោះ​៣​នាក់​នេះ មាន​ឪពុក​ឈ្មោះ ខន យ៉ាន អាយុ ៣៥​ឆ្នាំ និង​ម្ដាយ​ឈ្មោះ ជួប ចិត្ត អាយុ ៣២​ឆ្នាំ និង​នាម​ឈ្មោះ​កូនភ្លោះ​ទាំង ៣​នាក់ រួម​មានៈ​ប​កូនស្រី​ទី​១ ឈ្មោះ កឹម ឡ​ង​, កូនស្រី​ទី​២ ឈ្មោះ កឹម ឡា និង​កូនស្រី​ទី​៣ ឈ្មោះ កឹម ឡៃ រស់នៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។ នេះ​ជា​គ្រួសារ​កូនភ្លោះ​៣​នាក់ លើក​ទី​៣៦០​ហើយ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដែល​ទទួលបាន​អំណោយ​យ​សប្បុរសធម៌​របស់​ស​ម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​៕