រាជធានីភ្នំពេញ-ដោយ: លាង សុភ័ក្ត្រ
យោងលើស្ថានភាពភូមិសាស្ត្រ និងតម្រូវការជាក់ស្ដែងក្នុងការបំពេញការងារ ការប្រកបមុខរបរ និងការប្រាស្រ័យទាក់ទងប្រចាំថ្ងៃដោយខកខានមិនបានរបស់មន្ត្រីរាជការសាធារណៈ និយោជក កម្មករ-និយោជិត និងប្រជាពលរដ្ឋទូទៅ រាជរដ្ឋាភិបាលសម្រេចធ្វើការកែសម្រួលវិសាលភាពនៃការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេសដែលមានចែងក្នុងបទបញ្ជាលេខ ០២ ប.ប. ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ដូចខាងក្រោម ៖
១-ភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្ដាល ត្រូវបានចាត់ទុកជាតំបន់តែមួយ ដែលមិនស្ថិតនៅក្រោមវិសាលភាពនៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ទៅវិញទៅមកនោះទេ។
២-លុបចេញវិញនូវការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ពីស្រុកមួយទៅស្រុកមួយទៀត នៅក្នុងខេត្តតែមួយ ដោយរក្សាទុកជាធរមាននូវការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត។
ទទួលបានសេចក្តីសម្រេចនេះ គ្រប់ក្រសួង-ស្ថាប័ន និងអាជ្ញាធរដែលមានសមត្ថកិច្ចពាក់ព័ន្ធត្រូវចាត់ចែងអនុវត្តជាបន្ទាន់ និងឱ្យមានប្រសិទ្ធភាពខ្ពស់។
សូមរម្លឹកថា បទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា លេខ ០២ ប.ប ចុះថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ស្តីពី ការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។
បទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា លេខ ០២ ប.ប បានឱ្យដឹងថា ក្នុងគោលបំណងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងកាលៈទេសៈពិសេសនាពេលបច្ចុប្បន្នមិនឱ្យជំងឺនេះរាលដាលឈានចេញពីដំណាក់កាល នៃការឆ្លងដោយសារការនាំចូលពីប្រភពខាងក្រៅទៅដល់ដំណាក់កាលនៃការឆ្លងរាលដាលរវាងប្រជាជនក្នុងសហគមន៍នៅក្នុងប្រទេស រាជរដ្ឋាភិបាលដាក់ចេញនូវបទបញ្ជាដូចខាងក្រោម ៖
១-ហាមឃាត់ការធ្វើដំណើរនៅផ្ទៃក្នុងប្រទេស រួមមានការធ្វើដំណើរឆ្លងកាត់ចេញ-ចូលរាជធានីភ្នំពេញ (ដោយមិនប៉ះពាល់ដល់ការធ្វើដំណើរផ្ទៃក្នុងរាជធានីភ្នំពេញនោះទេ) ការធ្វើដំណើរឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ និងការធ្វើដំណើរឆ្លងកាត់ខេត្តមួយទៅខេត្តមួយទៀត។
២-ការហាមឃាត់នេះ ត្រូវបានលើកលែងចំពោះ ៖
-ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក
-រថយន្ត និងមធ្យោបាយធ្វើដំណើររបស់មន្ត្រីរាជការស៊ីវិលគ្រប់ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដែលម្ចាស់យានយន្តត្រូវបង្ហាញដល់កងកម្លាំងមានសមត្ថកិច្ចត្រួតពិនិត្យនូវអត្តសញ្ញាណប័ណ្ណការងាររបស់ខ្លួន
-រថយន្ត និងមធ្យោបាយធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន
-រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងឯកជន
-រថយន្តពន្លត់អគ្គិភ័យ
-រថយន្តបម្រើសេវាដឹកជញ្ជូនសំរាម និងកាកសំណល់
-ការដឹកជញ្ជូនកម្មករទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ-សហគ្រាស ដែលត្រូវមានប័ណ្ណអនុញ្ញាតចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
-ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ដើម្បីទទួលបាននូវសេវាសុខភាពចាំបាច់ និងបន្ទាន់ ដោយកំណត់ចំនួនមនុស្សមិនឱ្យលើសពី ៤ (បួន) នាក់ សម្រាប់ករណីនីមួយៗ។
៣-បទបញ្ជានេះមានប្រសិទ្ធភាពអនុវត្តចាប់ពីម៉ោង ១២:០០ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ រហូតដល់ម៉ោង ១២:០០ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។
គ្រប់ក្រសួង-ស្ថាប័ននិងអាជ្ញាធរដែលមានសមត្ថកិច្ចពាក់ព័ន្ធត្រូវអនុវត្តបទបញ្ជានេះឱ្យបានម៉ឺងម៉ាត់បំផុត និងមានប្រសិទ្ធភាពខ្ពស់៕