រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បិទ​ការធ្វើដំណើរ​ឆ្លងកាត់​ចេញ​-​ចូល​រាជធានី​ភ្នំពេញ ការធ្វើដំណើរ​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ និង​ការធ្វើដំណើរ​ឆ្លងកាត់​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ទៀត​

រាជធានី​ភ្នំពេញ​-​ដោយ​: លាង សុភ័ក្ត្រ​

​ក្នុង​គោលបំណង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩ នៅ​ក្នុង​កាលៈទេសៈ​ពិសេស​នាពេល​បច្ចុប្បន្ន​មិន​ឱ្យ​ជំងឺ​នេះ​រាលដាល​ឈាន​ចេញ​ពី​ដំណាក់កាល នៃ​ការឆ្លង​ដោយសារ​ការ​នាំចូល​ពី​ប្រភព​ខាងក្រៅ​ទៅដល់​ដំណាក់កាល​នៃ​ការឆ្លង​រាលដាល​រវាង​ប្រជាជន​ក្នុង​សហគមន៍​នៅ​ក្នុង​ប្រទេស រាជរដ្ឋាភិបាល​ដាក់​ចេញ​នូវ​បទបញ្ជា​ដូចខាងក្រោម ៖

១-​ហាមឃាត់​ការធ្វើដំណើរ​នៅ​ផ្ទៃ​ក្នុង​ប្រទេស រួម​មាន​ការធ្វើ​ដំណើរ​ឆ្លងកាត់​ចេញ​-​ចូល​រាជធានី​ភ្នំពេញ (​ដោយ​មិន​ប៉ះពាល់​ដល់​ការធ្វើដំណើរ​ផ្ទៃក្នុង​រាជធានី​ភ្នំពេញ​នោះទេ​) ការធ្វើដំណើរ​ឆ្លងកាត់​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ និង​ការធ្វើដំណើរ​ឆ្លងកាត់​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ទៀត​។​

២-​ការហាមឃាត់​នេះ ត្រូវបាន​លើកលែង​ចំពោះ ៖
-​ការដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ ទាំង​តាម​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវដែក​
-​រថយន្ត និង​មធ្យោបាយ​ធ្វើ​ដំណើរ​របស់​មន្ត្រីរាជកា​រ​ស៊ីវិល​គ្រប់​ស្ថាប័ន​រដ្ឋ ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ក្នុង​គោលដៅ​បំពេញ​ការងារ​ប្រចាំថ្ងៃ ដែល​ម្ចាស់​យានយន្ត​ត្រូវ​បង្ហាញ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច​ត្រួតពិនិត្យ​នូវ​អត្តសញ្ញាណ​ប័ណ្ណ​ការងារ​របស់​ខ្លួន​
-​រថយន្ត និង​មធ្យោបាយ​ធ្វើ​ដំណើរ​របស់​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ ក្នុង​គោលដៅ​បំពេញ​ភារកិច្ច​របស់​ខ្លួន​
-​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរ​ពេទ្យ​រដ្ឋ និង​ឯកជន​
-​រថយន្ត​ពន្លត់​អគ្គិភ័យ​
-​រថយន្ត​បម្រើសេវា​ដឹក​ជញ្ជូន​សំរាម និង​កាក​សំណល់​
-​ការដឹកជញ្ជូន​កម្មក​រ​ទៅ​កាន់​ទីកន្លែង​ការងារ​នៅតាម​រោងចក្រ​-​សហគ្រាស ដែល​ត្រូវ​មាន​ប័ណ្ណ​អនុញ្ញាត​ចេញ​ដោយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឬ​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​
-​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ទៅ​កាន់​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព ដែល​នៅ​ជិត​បំផុត ដើម្បី​ទទួលបាន​នូវ​សេវា​សុខភាព​ចាំបាច់ និង​បន្ទាន់ ដោយ​កំណត់​ចំនួន​មនុស្ស​មិនឱ្យ​លើស​ពី ៤ (​បួន​) នាក់ សម្រាប់​ករណី​នីមួយៗ​។​

៣-​បទបញ្ជា​នេះ​មាន​ប្រសិទ្ធភាព​អនុវត្ត​ចាប់​ពី​ម៉ោង ២៤:០០ ថ្ងៃទី​០៩ ខែ​មេសា ឆ្នាំ​២០២០ រហូតដល់​ម៉ោង ២៤:០០ ថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ​២០២០​។

​គ្រប់​ក្រសួង​-​ស្ថាប័ន​និង​អាជ្ញាធរ​ដែល​មាន​សមត្ថ​កិច្ច​ពាក់ព័ន្ធ​ត្រូវ​អនុវត្ត​បទបញ្ជា​នេះ​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។ នេះ​បើ​យោងតាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​កម្ពុជា លេខ ០២ ប​.​ប ចុះ​ថ្ងៃ​ព្រហស្បតិ៍ ២​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង ថ្ងៃទី​០៩ ខែ​មេសា ឆ្នាំ​២០២០ ស្តីពី ការដាក់កំហិត​លើ​ការធ្វើដំណើរ​ក្នុងប្រទេស ក្នុង​គោលដៅ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩​។​

​ជាមួយគ្នានេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន បញ្ជាក់នៅក្នុងទំព័រ​ហ្វេសប៊ុក​របស់សម្តេច​ថា ការចេញបទបញ្ជានេះ គឺធ្វើឡើងដើម្បីសុវត្ថិភាពរបស់ជាតិ និង ជីវិតរបស់ប្រជាជន ។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រីសរសេរថា ៖ “​ខ្ញុំពុំមានជម្រើសអ្វីឱ្យល្អជាង ការចេញបទបញ្ជាបែបនេះទេ ។ ប្រសិន មានច្បាប់គ្រប់គ្រងប្រទេស​ក្នុងគ្រាអាសន្ន ប្រហែលជាច្បាប់នោះ ត្រូវយកមកអនុវត្តនាពេលនេះដែរ ។ សូមការ យោគយល់ពីសំណាក់បងប្អូន​ជនរួមជាតិក្នុងគ្រាដ៏​លំបាកនេះ “៕