ក្រុងប៉ោយប៉ែត-ដោយ: លាង សុភ័ក្ត្រ
នៅរសៀល ថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំគណៈអភិបាលក្រុង សមាជិកក្រុមប្រឹក្សាក្រុង មន្ត្រីរដ្ឋបាលក្រុង អាជ្ញាធរសង្កាត់ កម្លាំងប្រជាការពារភូមិ បានបន្តចុះចែកអំណោយសង្គ្រោះបន្ទាន់ដល់ពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះនៅក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (COVID-19) ក្នុងសង្កាត់ប៉ោយប៉ែត និងសង្កាត់ផ្សារកណ្តាល ជាអង្ករ និងគ្រឿងឧបភោគនិងបរិភោគ ដើម្បីដោះស្រាយការខ្វះខាតក្នុងជីវភាពចំពោះមុខ។
អំណោយមនុស្សធម៌ដែលរដ្ឋបាលក្រុងប៉ោយប៉ែត និងសង្កាត់ទាំងពីរ (សង្កាត់ប៉ោយប៉ែត និងសង្កាត់ផ្សារកណ្តាល) បានធ្វើការបែងចែក និងកំពុងចែកជូន នឹងបន្តចែកជូន ក្នុងស្ថានភាពដ៏លំបាកនៃការរាតត្បាតដោយវីរុសកូវីដ-១៩ នារសៀលពេលនេះ បានមកពីការចូលរួម ៖
១-អំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ា ន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ។
២-តាមការចង្អុលបង្ហាញពីឯកឧត្តម ឧត្ដមសេនីយ៍ ឯក ឡាយ គឹមលី អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
៣-គោរពតាមការណែនាំរបស់ឯកឧត្តម អ៊ំ រាត្រី អភិបាល នៃ គណៈ អភិបាល ខេត្ត បន្ទាយមានជ័យ
៤-អភិបាល និងអភិបាលរង នៃគណៈអភិបាលក្រុងប៉ោយប៉ែត រួមនឹងមន្ត្រីក្រោមឱវាទ
៥-សមាជិកក្រុមប្រឹក្សាក្រុង
៦-អាជ្ញាធរសង្កាត់ទាំងពីរ (សង្កាត់ប៉ោយប៉ែត និងសង្កាត់ផ្សារកណ្តាល)
៧-សប្បុរសជន ជាពាណិជ្ជករ និងអាជីវករ
ក្រោមការដឹកនាំចុះផ្ទាល់របស់លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ចែកអំណោយសង្គ្រោះបន្ទាន់ដល់ពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ នារសៀលថ្ងៃនេះ បានរៀបចំធ្វើឡើងនៅក្នុងសង្កាត់ចំនួនពីរគឺៈ សង្កាត់ប៉ោយប៉ែត ចំនួន ២២៩គ្រួសារ និងសង្កាត់ផ្សារកណ្តាល ចំនួន ១៦៧គ្រួសារ សរុបទាំងពីរសង្កាត់ខាងលើ ចំនួន ៣៩៦គ្រួសារ។
ក្នុងឱកាសនេះដែរ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត និងលោកអនុប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូនដែលមានសាច់ញាតិទើបត្រលប់មកពីបរទេសវិញ ត្រូវអនុវត្តវិធានការរស់នៅដាច់ដោយឡែកចំនួន ១៤ថ្ងៃសិន មុខនឹងកៀកស្និទ្ធជាមួយគ្រួសារ និងព័ត៌មានវិវត្តន៍ថ្មីៗដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ (COVID-19) ។ ជាមួយគ្នានេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា រួបរួមគ្នាប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 និងថែទាំសុខភាពខ្លួនឯងឱ្យបានល្អតាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា។
សូមបញ្ជាក់ជូនថា រដ្ឋបាលក្រុងប៉ោយប៉ែត ក្រោមកិច្ចដឹកនាំរបស់លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានរៀបចំយន្តការរួចជាស្រេចដោយអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ផ្នែកជំនួយសង្គម ដើម្បីជួយដល់ពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះនៅក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (COVID-19) ក្នុងរដ្ឋបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕