ដំណឹង​រីករាយ​! អ្នកជំងឺ​កូវី​ដ​-១៩ ម្នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែត បាន​ព្យាបាល​ជា​សះស្បើយ​ហើយ​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យបង្អែក​ប៉ោយប៉ែត​នា​ព្រឹក​នេះ​

ក្រុង​ប៉ោយប៉ែត​-​ដោយ​: លាង សុភ័ក្ត្រ​

​នៅ​ព្រឹក ថ្ងៃ​អង្គារ ១៥​កើត ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង ថ្ងៃទី​០៧ ខែ​មេសា ឆ្នាំ​២០២០​នេះ ឯកឧត្តម អ៊ំ រាត្រី អភិបាល នៃ គណៈ អភិបាល ខេត្ត បន្ទាយមានជ័យ និង​លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត ព្រមទាំង​ក្រុម​ការងារ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​ក្រុមគ្រូពេទ្យ​ជួរមុខ និង​ជូន​ដំណើរ​អ្នកជំងឺ​កូវី​ដ​-១៩ ម្នាក់ ជា​ជនជាតិ​ខ្មែរ អាយុ ៣០​ឆ្នាំ ដែល​ទើប​ព្យាបាល​ជា​សះស្បើយ​ដោយ​ក្រុម​គ្រូពេទ្យ​ជួរមុខ នៃ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បាន​ត្រលប់​ទៅ​លំនៅដ្ឋាន​វិញ​ដើម្បី​រស់​នៅ​ជួបជុំ​គ្រួសារ​។​

​ក្នុងឱកាស​នោះ ដើម្បី​ជា​ការចូលរួម និង​លើកទឹកចិត្ត ឯកឧត្តម អ៊ំ រាត្រី អភិបាល នៃ គណៈ អភិបាល ខេត្ត បន្ទាយមានជ័យ បាន​ឧបត្ថម្ភ​ថវិកា ចំនួន ១,៥០០,០០០ (​មួយ​លាន​ប្រាំ​សែន​) រៀល និង​លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន ចំនួន ៥០០,០០០ (​ប្រាំ​សែន​) រៀល សរុប​ចំនួន ២,០០០,០០០ (​ពីរលាន​) រៀល ប្រគល់ជូន​ដល់​ក្រុមគ្រូពេទ្យ​ជួរមុខ នៃ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។ ជាមួយគ្នានេះ ឯកឧត្តម អ៊ំ រាត្រី អភិបាល នៃ គណៈ អភិបាល ខេត្ត បន្ទាយមានជ័យ បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​មួយចំនួន​ជូន​ដល់​បុរស​ជា​អ្នកជំងឺ​កូវី​ដ​-១៩ (COVID-19) ដែល​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​នា​ព្រឹក​នេះ​ផងដែរ​។

​អ្នកជំងឺ​កូវី​ដ​-១៩ (COVID-19) ម្នាក់​ដែល​មាន​លេខ​កូដ nCoV-5256 ជា​ជនជាតិ​ខ្មែរ អាយុ ៣០​ឆ្នាំ ដែល​បាន​សម្រាក​ព្យាបាល​ជា​សះស្បើយ​នៅ​មន្ទីរពេទ្យបង្អែក​ប៉ោយ​ប៉ែត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ រាជរដ្ឋាភិបាល​កម្ពុជា ថ្នាក់ដឹកនាំ​ខេត្ត​បន្ទាយមានជ័យ ថ្នាក់ដឹកនាំ​ក្រុង​ប៉ោយ​ប៉ែត ក្រុមការងារ​គ្រូពេទ្យ​ជួរមុខ នៃ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត ដែល​បាន​ឧបត្ថម្ភ គាំពារ ព្យាបាល ថែរក្សា​យ៉ាង​យកចិត្តទុកដាក់ និង​ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់​។

​ផ្អែក​តាម​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ បានបញ្ជាក់​ថា អ្នកជំងឺ​កូវី​ដ​-១៩ (COVID-19) ដែល​មាន​លេខ​កូដ nCoV-5256 ចំនួន ០១​នាក់ ជនជាតិខ្មែរ អាយុ ៣០​ឆ្នាំ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ ចាប់ពី​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០២០ រហូតមក បាន​បង្ហាញ​លទ្ធផល​ថា អ្នកជំងឺ​កូវី​ដ​-១៩ ខាងលើ មាន​លទ្ធផល​អវិជ្ជមាន​ចំនួន​ពីរលើក ក្រោយពី​បញ្ជូន​សំណាក​វិភាគ​ទៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ដើម្បី​ត្រួតពិនិត្យ​លើ​ក​ទី​៣ កាលពី​ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​២០២០ និង​បាន​ទទួល​លទ្ធផល​នៅ​ថ្ងៃ​ទី​០៧ ខែ​មេសា ឆ្នាំ​២០២០ នៅវេលា​ម៉ោង ០៩:០០​នាទី​ព្រឹក​ដូច្នេះ​បុរស​ជនជាតិ​ខ្មែរ អាយុ ៣០​ឆ្នាំ រស់នៅ​សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយប៉ែត ក្រោយពី​មាន​ការប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នកជំងឺ​កូវី​ដ​-១៩ ជា​ជនជាតិ​ថៃ បាន​ជាសះស្បើយ​ទាំងស្រុង ក្រោម​ការព្យាបាល​យ៉ាង​យកចិត្តទុកដាក់ និង​ផ្អែក​តាម​គោលការណ៍​ណែនាំ​ជាតិ ស្តី​ពី​ការថែទាំ ព្យាបាល​ជំងឺ​កូវី​ដ​-១៩ របស់​ក្រសួង​សុខាភិបាល​។

​ជាមួយគ្នានេះ មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​នឹង​កំពុង​បន្ត​តាមដាន​ពិនិត្យ​សំណាក​ក្រុមគ្រួសារ​ដើម្បី​បញ្ជាក់​ពី​សុខភាព​របស់​ពួកគាត់ និង​បញ្ជាក់​ថា​សមាជិក​ក្រុមគ្រួសារ​របស់​គាត់​ទាំងអស់​គ្មាន​ជំងឺ​កូវី​ដ​-១៩ ហើយ​បាន​រស់នៅ​ក្នុង​គ្រួសារ​ប្រកបដោយ​សុខភាព​ល្អ​ជា​ធម្មតា​។​

​សូម​ជម្រាប​ផងដែរ​ថា យោង​តាម​ការបញ្ជាក់រ​បស់​ក្រសួង​សុខាភិបាល​កម្ពុជា គិត​ត្រឹម​ម៉ោង ០៧:០០​នាទី​ព្រឹក ថ្ងៃទី​០៧ ខែ​មេសា ឆ្នាំ​២០២០ ស្ថានភាព​ជំងឺ​កូវី​ដ​-១៩ នៅ​កម្ពុជា មាន​៖ អ្នក​ព្យាបាល​ជាសះស្បើយ សរុប​ចំនួន​កើន​ដល់ ៥៨​នាក់ (​ស្មើនឹង ៥០.៤៣% ធៀប​នឹង​ចំនួន​អ្នក​មាន​វីរុស​កូវី​ដ​-១៩ ទាំងអស់​)​។ រីឯ​អ្នក​ដែល​កំពុង​សម្រាក​ព្យាបាល បាន​ថយ​ចុះ​មក​នៅ​សរុប​ចំនួន ៥៧​នាក់ (​ស្ត្រី ១៩​នាក់ និង​បុរស ៣៨​នាក់​) នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត​។ ដោយ​ក្នុង​នោះ អ្នក​មាន​វីរុស​កូវី​ដ​-១៩ ដែល​បាន​រកឃើញ​ទាំងអស់ (​រាប់​ទាំង​អ្នក​បាន​ព្យាបាល​ជា​សះស្បើយ និង​អ្នក​ដែល​កំពុង​ព្យាបាល​) នៅ​ទូទាំង​ប្រទេស​សរុប ១១៥​នាក់ (​ស្ត្រី ៣៣​នាក់ និង​បុរស ៨២​នាក់​)៕