ក្រុងប៉ោយប៉ែត-ដោយ: លាង សុភ័ក្ត្រ
ក្រោមការសម្របសម្រួលរបស់អាជ្ញាធរសង្កាត់ផ្សារកណ្តាល គ្រប់ភាគីពាក់ព័ន្ធទាំងអស់រួចរាល់ នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០នេះ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត និងលោក អ៊ឹង គីសេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ អ៊ឹង គីសេង (OENG KISENG Real Estate) អញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានស្ថាបនាកំណាត់ផ្លូវលំពីរខ្សែ ដោយមួយខ្សែចាក់បេតុងសរសៃដែក និងមួយខ្សែទៀត ក្រាលថ្មមិច មានទទឹង ០៨ម៉ែត្រ និងបណ្ដោយសរុបប្រវែង ៧០០ម៉ែត្រ ស្ថិតនៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានេះ ថ្លៃចំណាយក្នុងការងារស្ថាបនាផ្លូវចាក់បេតុងសរសៃដែក និងផ្លូវក្រាលថ្មមិច នៃកំណាត់ផ្លូវទាំងពីរខ្សែខាងលើនេះ បានការចូលរួមពី៖
១-លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ឧបត្ថម្ភគ្រឿងចក្រសម្រាប់កៀរកិនធ្វើគ្រឹះបាតក្រោម រួមនឹងថ្លៃប្រេងគ្រឿងចក្រទាំងអស់។
២-លោក អ៊ឹង គីសេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ អ៊ឹង គីសេង (OENG KISENG Real Estate) ឧបត្ថម្ភថ្លៃបេតុងសរសៃដែក និងថ្មមិចទាំងស្រុងសម្រាប់ចាក់ និងក្រាលកំណាត់ផ្លូវលំទាំងពីរខ្សែខាងលើនេះ។
នៅក្នុងឱកាសបើកការដ្ឋានស្ថាបនាកំណាត់ផ្លូវលំទាំងពីរខ្សែនេះ លោក អ៊ឹង គីសេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ អ៊ឹង គីសេង (OENG KISENG Real Estate) បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ២,០០០,០០០ (ពីរលាន) រៀល ចូលរួមជាមួយរដ្ឋបាលក្រុងប៉ោយប៉ែត ក្រោមការដឹកនាំរបស់លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត សម្រាប់ប្រើប្រាស់បម្រើឱ្យសកម្មភាពមនុស្សធម៌ នៅក្នុងកាលៈទេសៈដ៏លំបាកនៃការរាតត្បាតរបស់វីរុសកូវីដ-១៩ (COVID-19) នៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕