លោក វង្ស វិទ្ធី និង​លោកស្រី ទន់ ម៉ា​លីន ម្ចាស់​សណ្ឋាគារ អូរ​មាស ព្រមទាំង​សាច់ញាតិ​មិត្តភក្តិ មានទឹក​ចិត្តសប្បុរស​ជួយ​សង្គ្រោះ​ដោយ​បរិច្ចាគ​ទាន​ជា​គ្រឿងឧបភោគ​និង​បរិភោគ​ដល់​ទុគ្គត​ជន និង​ជនពិការ ១២០​គ្រួសារ​

ក្រុង​ប៉ោយប៉ែត​-​ដោយ​: លាង សុភ័ក្ត្រ​

​កាលពី​ព្រឹក​ថ្ងៃអាទិត្យ ១៣​កើត ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង ថ្ងៃទី​០៥ ខែ​មេសា ឆ្នាំ​២០២០ នៅ​សណ្ឋាគារ អូរ​មាស (O’MEAS HOTEL) ក្រុង​ប៉ោយប៉ែត បាន​រៀបចំ​ពិធី​ចែក​អំណោយ​សាមគ្គី​មនុស្សធម៌ ផ្តួចផ្តើម​ដោយ​លោក វង្ស វិទ្ធី និង​លោកស្រី ទន់ ម៉ា​លីន ម្ចាស់​សណ្ឋាគារ​អូរ​មាស ព្រមទាំង​សាច់ញាតិ សហការី និង​មិត្តភក្តិ ធ្វើការ​ចែក​ជូន​បងប្អូន​ជា​ទុគ្គត​ជន និង​ជនពិការ​នូវ​គ្រឿង​ឧបភោគ​និង​បរិភោគ រួមមាន​÷ អង្ករ​ខ្សាយ មី ទឹកត្រី ទឹកស៊ីអ៊ីវ ទឹក​សុទ្ធ ចំនួន ១២០​គ្រួសារ​។​

​នៅក្នុង​ពិធី​ចែក​អំណោយ​មនុស្សធម៌​សាមគ្គីភាព​មហា​គ្រួសារ​សណ្ឋាគារ អូរ​មាស (O’MEAS HOTEL) ក្រុង​ប៉ោយប៉ែត ម្ចាស់​ទាន​សាមគ្គី បាន​ចាត់តាំង​ក្រុមការងារ​បាញ់ថ្នាំ​សម្លាប់​មេរោគ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការចម្លង​វីរុស​កូវី​ដ​-១៩ (COVID-19) ដែល​កំពុង​រាតត្បាត​ជា​សកល ពិសេស​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ជាមួយគ្នានេះ លោក វង្ស វិទ្ធី និង​លោកស្រី ទន់ ម៉ា​លីន ម្ចាស់​សណ្ឋាគារ អូរ​មាស នៅ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ រួម​នឹង​ទាំង​សាច់ញាតិ សហការី និង​មិត្តភក្តិ បាន​មានមតិ​សំណេះសំណាល​សួរសុខទុក្ខ និង​ចែករំលែក​សារ​អប់រំ​សុខភាព​ប្រយុទ្ធប្រឆាំង​នឹង​វីរុស​កូវី​ដ​-១៩​។​

​បន្ទាប់ពី​មាន​មតិ​សំណេះសំណាល​សួរសុខទុក្ខ​រួច ម្ចាស់​អំណោយ​មនុស្សធម៌​សាមគ្គីភាព​ប្រឆាំង​វីរុស​កូវី​ដ​-១៩ នៃ​មហា​គ្រួសារ​សណ្ឋាគារ អូរ​មាស (O’MEAS HOTEL) បានធ្វើការ​ចែក​អំណោយ​ជូន​បងប្អូន​ទុគ្គត​ជន និង​ជនពិការ​ប្រកបដោយ​ទឹកមុខ​ជ្រះថ្លា​នៃ​ការបរិច្ចាគ​ទាន​នាពេលនេះ ព្រមទាំង​ស្នាមញញឹម​គ្រប់ៗ​គ្នា​ផង​ដែរ​៕