អាជ្ញាធរ​ក្រុង​ប៉ោយប៉ែ​ត​យកចិត្តទុកដាក់​ខ្ពស់ និង​គិតគូរ​យ៉ាង​ហ្មត់ចត់​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ស្ថានភាព​នៃ​ការ​រាតត្បាត​របស់​វីរុស​កូវី​ដ​-១៩ (COVID-19)

ក្រុង​ប៉ោយប៉ែត​-​ដោយ​: លាង សុភ័ក្ត្រ​

​លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​រួមមាន​÷ គណៈ​អភិបាលរងក្រុង នាយក​-​នាយករង​រដ្ឋបាល​ក្រុង ប្រធាន​-​អនុប្រធាន​ការិយាល័យ​នៃ​រដ្ឋបាល​ក្រុង និង​មន្ត្រី រួម​នឹង​ចៅសង្កាត់ ចៅសង្កាត់រង សមាជិក​ក្រុមប្រឹក្សា​សង្កាត់ នៃ​សង្កាត់​និមិត្ត ព្រមទាំង​កងកម្លាំង និង​កម្លាំង​ប្រជា​ការពារ​ភូមិ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រគល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការខ្វះខាត​ខ្លាំង​ក្នុង​ជីវភាព​នៅ​មូលដ្ឋាន​សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​ជាមួយគ្នានេះ ដោយ​មាន​ការយកចិត្ត​ទុកដាក់​ខ្ពស់ និង​គិតគូរ​យ៉ាង​ហ្មត់ចត់​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ពី​សំណាក់​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​បន្ទាយមានជ័យ និង​តាម​ការចង្អុលបង្ហាញ​ពី​ឯកឧត្តម ឧត្ដមសេនីយ៍ ឯក ឡាយ គឹម​លី អគ្គលេខាធិការរង នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ព្រមទាំង​ការណែនាំ​របស់​ឯកឧត្តម អ៊ំ រាត្រី អភិបាល នៃ គណៈ អភិបាល ខេត្ត បន្ទាយមានជ័យ នៅ​រសៀល ថ្ងៃទី​០៥ ខែ​មេសា ឆ្នាំ​២០២០​នេះ លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត និង​ជា​សមាជិក​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ (COVID-19) ខេត្ត​បន្ទាយមានជ័យ ព្រមទាំង​មន្ត្រី​ក្រោម​ឱវាទ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រគល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ចួប​ការខ្វះខាត​ក្នុង​ជីវភាព​ខ្លាំង​ចំនួន ២៨​គ្រួសារ ក្នុងភូមិ​រស្មី​សាមគ្គី ចំនួន ១៥​គ្រួសារ និង​ភូមិ​អន្លុង​ស្វាយ ១៣​គ្រួសារ ស្ថិតក្នុង​សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​ក្នុងឱកាស​អញ្ជើញ​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ចួប​ការខ្វះខាត​ក្នុង​ជីវភាព​ខ្លាំង​ចំនួន ២៨​គ្រួសារ​ក្នុង​មូលដ្ឋាន​ភូមិ​រស្មី​សាមគ្គី និង​ភូមិ​អន្លុង​ស្វាយ នា​រសៀល​នេះ លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត បាន​ចែក​ម៉ាស​បន្ថែម​ជូន​បងប្អូន​ប្រជាពលរដ្ឋ ព្រមទាំង​មាន​ប្រសាសន៍​ផ្តាំផ្ញើ​ថា សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ពិសេស​បងប្អូន​ដែល​មាន​សាច់ញាតិ​ទើប​ត្រលប់​មក​ពី​បរទេស​វិញ ត្រូវអនុវត្ត​វិធានការ​រស់នៅ​ដាច់​ដោយឡែក​ចំនួន ១៤​ថ្ងៃ​សិន ដើម្បី​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ (COVID-19) ។ ជាមួយគ្នានេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា រួបរួម​គ្នា​ប្រយុទ្ធប្រឆាំង​នឹង​វីរុស COVID-19 និង​ថែទាំ​សុខភាព​ខ្លួនឯង​ឱ្យបាន​ល្អ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​កម្ពុជា​។​

​សូម​ជម្រាប​ផងដែរ​ថា អំណោយ​មនុស្សធម៌​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន តាមរយៈ​លោក គាត ហ៊ុល អភិបាល នៃ​គណៈ​ក្រុង​ប៉ោយប៉ែត ដើម្បី​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ខ្លាំង​នៅក្នុង​ក្រុង​ប៉ោយ​ប៉ែត​នេះ​សរុប​ទាំងអស់​ចំនួន ២០០​គ្រួសារ​។​

​ទន្ទឹមគ្នានេះ រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែត ក្រោម​ការដឹកនាំ​របស់​លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត បានរៀបចំ​ផែនការ​ឆ្លើយតប​ជំងឺ COVID-19 នៅ​គ្រប់​សង្កាត់​ទាំង​៣ (​សង្កាត់​ប៉ោយប៉ែត សង្កាត់​ផ្សារកណ្ដាល និង​សង្កាត់​និមិត្ត​) ទៅ​តាម​ការវិវត្តន៍​នៃ​ការរីក​រាលដាល​នៃ​វីរុស​នេះ​រួចជាស្រេច និង​អនុវត្ត​សកម្មភាព​តាម​ផែនការ​ដែល​បាន​ដាក់ចេញ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​ធ្វើ​ការតាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​ការអនុវត្ត​នៃ​ការប្រយុទ្ធ​នឹង​ជំងឺ COVID-19​។ ជាមួយគ្នានេះ រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែត បាន​លើក​ទិសដៅ​ប្រតិបត្តិ​ជាយថាហេតុ​តាម​ស្ថានភាព​ជាក់ស្តែង​នៃ​ការ​រាតត្បាត​ជំងឺ​កូវី​ដ​-១៩ ស្របតាម​យន្តការ​របស់​គណៈកម្មកា​រ​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ (COVID-19) ខេត្ត​បន្ទាយមានជ័យ​ផងដែរ​៕